ព័ត៌មានទាន់ហេតុការណ៍៖

រកឃើញមូលហេតុ៣ចំណុចដែលនាំឲ្យកម្មការិនីជាង៧០នាក់ដួលសន្លប់នៅរោងចក្រផលិតអំពូលភ្លើងក្នុងស្រុកស្វាយទាប

ចែករំលែក៖

ខេត្តស្វាយរៀង៖ នៅរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀងបានឱ្យដឹងថាក្រុមការងារបានចុះស្រាវជ្រាវករណីកម្មការិនីសន្លប់នៅរោងចក្រផលិតអំពូលភ្លើងក្នុងភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ដោយបានធ្វើការត្រួតពិនិត្យវាស់ស្ទង់ទាំងក្នុងនិងខាងក្រៅរោងចក្រ។

ក្រោយពេលចុះពិនិត្យរួចមក ក្រុមការងារ ទ.ស.ប.ក សង្កេតឃើញថា ករណីខាងលើនេះគឺបណ្តាលមកពីកត្តា៣រួមមាន៖

*ទី១-មានសភាពហប់ក្នុងអគារផលិតកម្ម

*ទី២-បញ្ហាសុខភាពផ្ទាល់ខ្លួនរបស់កម្មករនិយោជិត

*ទី៣-អារម្មណ៍ភិតភ័យតក់ស្លុតតៗ គ្នារបស់កម្មករនិយោជិត។

លោកបានបន្តថា ចំណែកវិធានការចំពោះសហគ្រាស គ្រឹះស្ថាននោះក្រុមការងារឲ្យលោកនាយករោងចក្រត្រូវធ្វើកែលម្អ ត្រូវបើកបង្អួចទាំងអស់ក្នុងពេលបំពេញការងារក្នុងអគារផលិតកម្ម ឲ្យស្របតាមប្រកាសលេខ១២៥ ស.ក.ប.យ និងអប់រំអំពីការទទួលទានចំណីអាហារឲ្យបានត្រឹមត្រូវ ព្រមទាំងសម្រាកឲ្យបានគ្រប់គ្រាន់ក្នុងរយៈពេល ៨ម៉ោងក្នុងមួយថ្ងៃ ដើម្បីធានានូវសុខភាពល្អរបស់កម្មករនិយោជិត។

លោកបានបន្ថែមថា «និយោជកត្រូវផ្តល់កិច្ចការសហការជាមួយ ប.ស.ស ដើម្បីរៀបចំកិច្ចប្រជុំផ្សព្វផ្សាយអប់រំអំពីលក្ខខណ្ឌ អនាម័យ សុវត្ថិភាពការងារ លក្ខខណ្ឌការងារ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម ព្រមទាំងត្រូវអនុញ្ញាតឲ្យកម្មការិនីដែលបានទទួលរងគ្រោះចំនួន៧២នាក់ឲ្យចូលធ្វើការងារវិញនៅថ្ងៃព្រហស្បតិ៍ទី១១ ខែមិថុនា ឆ្នាំ២០២០ ក្រោមការត្រួតពិនិត្យរបស់គ្រូពេទ្យរោងចក្រ រដ្ឋបាលប្រចាំរោងចក្រ ប្រតិភូបុគ្គលិក មន្ត្រី ប.ស.ស សាខាខេត្តស្វាយរៀង និងតំណាងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង ព្រមទាំងផ្អាកការងារបន្ថែមម៉ោងមួយរយៈ។

ចំណែកកម្មករនិយោជិត ដែលគ្មានករណីសន្លប់ឲ្យចូលធ្វើការងារវិញនៅថ្ងៃអង្គារទី៩ ខែមិថុនា ឆ្នាំ២០២០ ហើយករណីនាយករោងចក្រខកខានមិនបានអនុវត្តនូវវិធានការខាងលើ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមានផងដែរ។

សូមបញ្ជាក់ថា កម្មករនិយោជិតនៅរោងចក្រផលិតអំពូលភ្លើងនេះ មានកម្មករសរុបចំនួន១.៩១១នាក់ (ស្រី១.២៤២នាក់) បរទេស២៦នាក់ (ស្រី១នាក់) ចំនួនអ្នករងគ្រោះកម្មការិនីសរុបចំនួន៧២នាក់ ដោយលើកទី១នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ មានកម្មករសន្លប់៤៣នាក់ (ស្រី៤៣នាក់) លើកទី២នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ មានកម្មករសន្លប់ចំនួន៧នាក់ (ស្រី៧នាក់) លើកទី៣ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ មានកម្មករសន្លប់២២នាក់ស្រីទាំង២២នាក់៕ យឹម សុថាន


ចែករំលែក៖