ព័ត៌មានទាន់ហេតុការណ៍៖

ស្គាល់គ្នាបានបួនថ្ងៃប្រុសថ្លៃលួងលោមបោកយកម៉ូតូទៅបញ្ចាំជាច្រើនលើក

ចែករំលែក៖

ភ្នំពេញ:ស្ត្រីម្នាក់ត្រូវបានបុរសជាជនសង្ស័យមកទាក់លួងលោមសូមក្តីស្រឡាញ់បានបួនថ្ងៃស្រាប់តែបុរសខាងលើបោកយកម៉ូតូទៅបញ្ចាំបីលើកចុងក្រោយជាប់ខ្នោះសមត្ថកិច្ចបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ យប់ថ្ងៃទី ៩ ខែមិថុនាឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវរថភ្លើង កែងនឹងផ្លូវភ្នំពេញហាណូយ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ប៉ាង សុភ័ណ្ឌ ភេទប្រុស អាយុ ៤០ ឆ្នាំមុខរបរនិងស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើត ភូមិឈើទាល​ ឃុំឈើទាល ស្រុកកៀនស្វាយ​ ខេត្តកណ្ដាល។

ចំណែកជនរងគ្រោះ ឈ្មោះសុខ ណាត ភេទស្រី អាយុ ៤០ ឆ្នាំមុខរបរ លក់ដូរស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុខាងលើ មានស្រុកកំណើត ភូមិជ្រៃធំ ឃុំអ្នកលឿង ស្រុកពាមជរ ខេត្តព្រៃវែង។

តាមប្រភពស្ត្រីជាជនរងគ្រោះបានប្រាប់ឲ្យដឹងថា​ ៖​ រូបគាត់បានស្គាល់បុរសជាជនសង្ស័យខាងលើនេះរយ:ពេលបួនថ្ងៃចាប់ពីថ្ងៃទី៤ខែមិថុនាឆ្នាំ ២០២០ មកម៉្លេះ ដោយបុរសខាងលើបានមកទាក់ទងរូបគាត់និងលួងលោមស្រលាញ់ពីគាត់តែរូបគាត់មិនបានថាអ្វីនោះទេ ហើយបុរសខាងលើក៏បានជួយបើកម៉ូតូសណ្ដោងរ៉ឺម៉កដឹកឥវ៉ាន់យកទៅលក់នៅផ្សារមួយកន្លែងជារៀងរាល់ថ្ងៃ។

ប្រភពដដែលបានបន្តទៀតថារយៈបួនថ្ងៃនេះបុរសជាជនសង្ស័យខាងលើបានយកម៉ូតូគាត់ម៉ាកឌ្រីមសង់មួយគ្រឿងស៊េរីឆ្នាំ២០១៣ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1AY-6193ដែលទុកគ្រាន់បើកសណ្ដោងរុឺម៉កដឹកឥវ៉ាន់លក់ ចេញទៅបាត់មិនដឹងថាយកទៅណានោះទេតែលើទីបីនេះឃើញតែខ្លួនមកផ្ទះវិញ មិនឃើញម៉ូតូមកជាមួយ ដោយរូបគាត់បានសួរនាំដេញដោលទើបបុរសខាងលើនោះប្រាប់ថាម៉ូតូយកទៅបញ្ចាំ ហើយរូបគាត់ក៏បានសួរវែងឆ្ងាយដែរ ហើយក៏បានបានឲ្យលុយទៅលួសម៉ូតូមកវិញ ដូចធម្មតាដូចសព្វរាល់ដងលុះថ្ងៃចុងក្រោយនៅវេលាម៉ោង៣ រសៀលថ្ងៃទី៩ ខែមិថុនាឆ្នាំ២០២០បុរសខាងលើបានយកម៉ូតូទៅបញ្ចាំម្ដងទៀត ហើយរូបគាត់ក៏បានឲ្យលុយយកទៅលួសយកម៉ូតូមកវិញដដែលលុះមកដល់ម៉ោងកើតហេតុក៏ឃើញបុរសជាជនសង្ស័យខាងលើយកម៉ូតូវិញទើបរូបគាត់បានសួរដេញដោលទៅទើបបង្កឱ្យមានការភ្ញាក់ផ្អើលដល់ម្ចាស់ផ្ទះជួលចូលទៅសួរនាំត្រូវបានបុរសខាងលើទាញកាំបិតប៉័ងតោបំរ៉ុងកាប់ទៅលើបុរសជាម្ចាស់ផ្ទះជួល បង្កឲ្យផ្អើលឆោឡោដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្បែរខាងចុះមកជួយអន្តរាគមន៍វាយមួយដៃមួយជើងបណ្ដាលឱ្យបុរសសង្ស័យរងរបួសបែកមុខមាត់ រួចក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានចុះមកដល់ភ្លាមៗ ។

បច្ចុប្បន្នជនសង្ស័យខាងលើនិងជនរងគ្រោះសមត្ថកិច្ចនាំយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាដើម្បីសួរនាំនិងធ្វើកំណត់ហេតុបញ្ជូនបន្តដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕ដោយ៖​សុខាសែនជ័យ​


ចែករំលែក៖