ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ថា៖ ជារៀងរាល់ថ្ងៃសូមបងប្អូនជនរួមជាតិមានការប្រុងប្រយ័ត្នថែរក្សាសុខភាពអោយបានល្អចូលរួមទប់ស្កាត់កុំអោយឆ្លងរោគកូវីដ១៩ ទាំងពីយើងទៅគេ និងពីគេមកយើង។ ជំងឺឆ្លងរលាកផ្លូវដង្ហើមកូវីដ១៩នេះ គឺឆ្លងរាតត្បាតលឿនសាហាវខ្លាំងណាស់។ ដូចបងប្អូនបានឃើញស្រាប់ហើយមានប្រទេសជាច្រើននៅលើពិភពលោកកំពុងបិទប្រទេស បិទព្រលានយន្តហោះ បិទសាលារៀនរួមទាំងនៅកម្ពុជាយើងផងដែរ។
សម្តេចបន្តថា៖ ទោះបីកម្ពុជាយើងចំនួនអ្នកបានព្យាបាលជាមានចំនួនច្រើន ហើយអត្រាឆ្លងរោគក៏មិនបានកើនឡើង ខ្លាំងក៏ពិតមែន ប៉ុន្តែមិនត្រូវធ្វេសប្រហែសមើលស្រាលបណ្តែតបណ្តោយខ្លួនអោយងាយរងគ្រោះថ្នាក់ដែរ។ មកទល់ពេលនេះជំងឺឆ្លងកូវីដ១៩ គ្មានថ្មាំព្យាបាលទេ។ អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថានៅលើ 216 ប្រទេសគឺមានអ្នកឆ្លងរោគបានកើនឡើងប្រមាណ 7,039,918 នាក់ហើយ ហើយចំនួនអ្នកស្លាប់ក៏បានកើនឡើងប្រមាណ 404,399 នាក់ដែរ។
ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ សូមបងប្អូនជនរួមជាតិឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹលឬទឹកអាល់កុល ហើយពាក់ម៉ាសការពារដោយមិនត្រូវខ្មាស់អៀន ឬស្មានៗគិតថាមិនមានអ្វីឆ្លងទេ ឬគិតថាស្រុកយើងសីតុណ្ហភាពក្តៅខ្លាំងអាចសម្លាប់មេរោគកូវីដនេះបាន គឺគិតបែបនេះមិនត្រឹមត្រូវទេ គឺកំពុងប្រថុយខ្លួននឹងជំងឺឆ្លងរាតត្បាតនេះហើយ។ សំខាន់ពេលនេះត្រូវថែរក្សាសុខភាពខ្លួនឯង កូនចៅ និងសមាជិកក្នុងគ្រួសារកុំអោយឆ្លងរោគកូវីដនេះ ទោះបីរស់នៅទីក្រុងឬរស់នៅតាមជនបទស្រុកស្រែចម្ការគឺត្រូវតែប្រុងប្រយ័ត្នទាំងអស់គ្នាជាប់ជានិច្ច។
សម្តេចផ្តាំសូមស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយប្រសិនបើមានចម្ងល់ឬការសង្ស័យអ្វីមួយអំពីជំងឺឆ្លងកូវីដ១៩ សូមខលទាក់ទងទៅលេខ ១១៥ ជាបន្ទាន់៕ដោយ៖សុខ ខេមរា