អន្តរជាតិ៖ លោក Mohd Radzi Jidin រដ្ឋមន្ត្រីអប់រំម៉ាឡេស៊ី បានបញ្ជាក់នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ថា រដ្ឋាភិបាលម៉ាឡេស៊ី នឹងបើកសាលារៀនឡើងវិញ ដែលត្រូវរៀបចំឡើងជាដំណាក់កាល ខណៈ COVID-19 ក្នុងប្រទេសម៉ាឡេស៊ីមានភាពធូរស្រាល ក្រោយបញ្ជាបិទប្រទេសដ៏តឹងរ៉ឹងអស់៣ខែមក ។ ដោយការអនុវត្តនឹងចាប់ផ្ដើមនាថ្ងៃទី២៤ ខែមិថុនាសម្រាប់សិស្សដែលត្រៀមប្រលងបញ្ចប់សិក្សាពួកគេ ។
លោករដ្ឋមន្ត្រី Mohd Radzi Jidin គូសបញ្ជាក់នៅក្នុងសន្និសីទព័ត៌មាននៅថ្ងៃទី១០ ខែមិថុនាថា ការបើកសាលារៀនឡើងវិញក្នុងដំណាក់កាលទី១គឺសម្រាប់សិស្សសរុបជាង៥០ម៉ឺននាក់ ដែលមកពីសាលារៀនជាង២៥០០កន្លែង។ បើតាមលោក Mohd Radzi សិស្សទាំងនេះនឹងត្រូវប្រលងបញ្ចប់ការសិក្សាថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យ។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍សិង្ហបុរី Channel News Asia ។
លោករដ្ឋមន្ត្រីអប់រំ សង្កត់ធ្ងន់ថា ការសម្រេចចិត្តរបស់ក្រសួងដោយអនុញ្ញាតឲ្យបើកសាលារៀនឡើងវិញនេះ គឺធ្វើឡើងដោយផ្អែកលើការផ្ដល់យោបល់ពីក្រសួងសុខាភិបាល និងក្រុមប្រឹក្សាសន្តិសុខជាតិម៉ាឡេស៊ី។ ក៏ប៉ុន្តែ លោកអះអាងថា ម៉ោងសិក្សាពុំទាន់សម្រេចរួចរាល់នៅឡើយទេ ហើយសិស្សនឹងចូលអង្គុយរៀនក្នុងថ្នាក់ក្នុងទម្រង់ជាក្រុម ហើយមួយថ្នាក់ច្រើនបំផុតគឺមានសិស្ស២០នាក់។
ម្យ៉ាងវិញទៀត លោករដ្ឋមន្ត្រី Mohd Radzi ក៏បានលើកឡើងពីសារសំខាន់នៃការគោរពវិធានសុខាភិបាលដើម្បីចៀសវាងការផ្ទុះរាលដាលជាថ្មីនៃករណីឆ្លង COVID-19 ។ ត្រង់នេះ លោកនិយាយដូច្នេះថា៖«យើងសង្ឃឹមថាអាណាព្យាបាល និងឪពុកម្ដាយ នឹងធានាកូនៗពួកគេមានសុខភាពល្អមុននឹងបញ្ចូលពួកគេមកកាន់ថ្នាក់រៀន»។ លោក បន្តថា គ្រូៗនឹងត្រូវត្រួតពិនិត្យរាល់សិស្សទាំងអស់ដែលចូលក្នុងបរិវេណថ្នាក់រៀន ហើយសិស្សដែលមានកម្ពៅលើស៣៧,៥អង្សា ឬមានរោគសញ្ញាផ្ដាសាយ នឹងត្រូវបញ្ជូនទៅផ្ទះវិញភ្លាមៗ។
សម្រាប់សិស្សកម្រិតអប់រំដទៃទៀត កាលបរិច្ឆេទបើកសាលារៀនជាថ្មី ពុំទាន់ត្រូវកំណត់នៅឡើយទេ។ រដ្ឋមន្ត្រីអប់រំម៉ាឡេស៊ី បញ្ជាក់បែបនេះ ដោយបន្ថែមថា ការប្រកាស នឹងត្រូវធ្វើឡើងយ៉ាងហោចណាស់២សប្តាហ៍មុនពេលកំណត់ឲ្យចូលអង្គុយក្នុងបន្ទប់រៀនវិញ ហើយខណៈនេះ សិស្សនឹងបន្តសិក្សាតាមអនឡាញដដែល។
សិស្សម៉ាឡេស៊ី ខកខានចូលអង្គុយក្នុងថ្នាក់រៀនបាន ចាប់តាំងពីរដ្ឋាភិបាលដាក់ចេញបញ្ជាបិទប្រទស កាលពីថ្ងៃទី១៨ ខែមីនា មក។ ក៏ប៉ុន្តែប្រទេសមានសេដ្ឋកិច្ចធំលំដាប់ទី៣ក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ ផ្ដើមបន្ធូរបន្ថយការរឹតត្បិត COVID-19 ចាប់ពីថ្ងៃទី ១០ ខែមិថុនា ក្រោយរដ្ឋាភិបាលបានប្រកាសថា ការរាលដាលជំងឺនេះស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន។
គិតត្រឹមថ្ងៃទី ១១ ខែមិថុនា ម៉ាឡេស៊ីរាយការណ៍ករណីឆ្លងCOVID-19សរុប ៨៣៣៨ករណី ក្នុងនោះជាសះស្បើយ ៧០១៤នាក់ ខណៈអ្នកស្លាប់មាន ១១៧នាក់។ កាលពីថ្ងៃទី១០ ខែមិថុនា ប្រទេសនេះបានរាយការណ៍ករណីឆ្លង២ថ្មី ហើយនេះជាថ្ងៃទី៣ជាប់គ្នាហើយដែលមានតួលេខឆ្លងទាប៕ដោយ៖ស តារា