ពាក្យនេះ ជាពាក្យដែលក្មេងជំនាន់ដើម តែងតែស្រែកលេងនៅពេលមានភ្លៀងធ្លាក់ ។ ក្មេងៗ ធុញទ្រាន់នឹងភ្លៀងណាស់ ព្រោះរកចេញទៅដើរលេងឯណាមិនបាន, វាតែងនាំគ្នាអង្គុយមាត់ជណ្ដើរ ហើយស្រែកថា “វាយអាគាំងរាំងភ្លៀង វាយអាគកបើកថ្ងៃ” ។ មានរឿងព្រេងបុរាណមួយទាក់ទងនឹងពាក្យនេះថា ៖
កាលនោះ មានបុរសម្នាក់ ទៅរៀនអក្សរនៅវត្ត រៀនចាំតែអក្សរ “ន មោ ពុ ទ្ធា យ សិទ្ធំ អ អា ឥ ឦ” តែប៉ុណ្ណោះ រៀនទៅមុខទៀតមិនចាំសោះ ។ លោកគ្រូ និង សិស្សឯទៀត នាំគ្នាឲ្យឈ្មោះថា “បុរស ឥ ឦ1” ។ បុរស ឥ ឦ ខឹងចិត្ត ក៏ដើរចេញពីវត្ត ពីភូមិខ្លួន ទៅប្រទះឃើញវត្តចាស់មួយ ដែលគេបោះបង់ចោលនៅក្នុងព្រៃឆ្ងាយអំពីភូមិស្រុក ។ បុរសនោះ ដើរមើលសព្វគ្រប់ទៅឃើញស្បង់ចីពរចាស់ៗ មួយប្រដាប់ ក៏យកមកស្លៀកពាក់បួសដោយខ្លួនឯង ។ អ្នកស្រុកភូមិ ដើរទៅមកកាត់វត្តនោះ ឃើញព្រះសង្ឃគង់ត្រមោចតែឯង ក៏កើតសេចក្ដីជ្រះថ្លា ទើបយកកូនឲ្យទៅនៅបម្រើលោក ។ លោក ឥ ឦ នេះ បានកូនសិស្សដល់ទៅពីរនាក់: មួយឈ្មោះអាគាំង, មួយឈ្មោះ អាគក ។
ដល់រដូវភ្ជុំបិណ្ឌ គ្មានឧបាសកទាយកណា ចូលទៅធ្វើបុណ្យនៅវត្តលោកគ្រូ ឥ ឦ នោះសោះ, លោកគ្រូប្រើឲ្យអាគាំង និង អាគក ដើររើសសំបកនំអន្សម ពីវត្តឯទៀតៗ មកចាក់គរនៅទីវត្តខ្លួន ដើម្បីឲ្យអ្នកដើរកាត់វត្តនោះ យល់ថា “មានគេមកធ្វើបុណ្យនៅវត្តនេះដែរ” ។ តែទោះបីធ្វើដូច្នេះហើយ ក៏នៅតែគ្មានមនុស្សចូលទៅធ្វើបុណ្យទៀត ។ លុះយូរៗ ទៅ កាន់តែអត់ទៅ ៗ លោកគ្រូ ទ្រាំមិនបាន ក៏ប្រើកូនសិស្សឲ្យទៅលួចនង្គ័លអ្នកស្រុកយកទៅលាក់ រួចឲ្យមកប្រាប់កន្លែងលាក់នៅត្រង់ណាៗ ជាស្រេច ទើបឲ្យសិស្សនោះទៅអួតប្រាប់ម្ចាស់នង្គ័លថា “លោកគ្រូខ្ញុំ ចេះចាប់យាមពូកែណាស់, ហើយលោកយកចង្ហាន់តែមួយស្ពកទេ” ។ អាគាំង និង អាគក ក៏ធ្វើតាមបង្គាប់ ។
និយាយអំពីអ្នកស្រែដែលបាត់នង្គ័ល លុះដើររកអស់ចិត្តហើយ មិនឃើញសោះ ក៏រៀបចំចង្ហាន់មួយស្ពកយកទៅរកលោកគ្រូ ឥ ឦ ។ លោកគ្រូ ឥ ឦ ទាញក្ដារឈ្នួនមកគូសវាស “ឥ ឦ ៗ” មួយសន្ទុះ ក៏ទាយថា “ឥ ឦ បក់ចែស ដងនៅទិសនេះ ផាលនៅទិសនោះ” ហើយចង្អុលប្រាប់ទិស ។ អ្នកស្រែ ទៅរកតាមដៃលោកគ្រូ ឃើញប្រាកដមែន ក៏ត្រឡប់ទៅភូមិវិញ អួតប្រាប់គ្នីគ្នាថា “លោកគ្រូ ឥ ឦ ទាយឆុតណាស់ លោកគ្រូ ឥ ឦ ក៏ល្បីល្បាញកេរ្តិ៍ឈ្មោះ ហើយសម្បូរលាភសក្ការៈជាហូរហែ ។
គ្រាមួយនោះ ព្រះរាជបុត្រីព្រះមហាក្សត្រកើតបូស នៅព្រះឧទរ ។ បូសនោះ ពើតខ្លាំងណាស់ ព្រះនាងព្រះកន្សែងយ៉ាងខ្លាំង ។ ព្រះបិតាទ្រង់ចាត់ឲ្យប៉ាវគង ប៉ាវឃ្មោះ រកគ្រូចេះស្ដោះផ្លុំ ដើម្បីឲ្យបូសនោះធ្លាយ ឲ្យព្រះនាងបានធូរស្រាន្ត ។ អាមាត្យប៉ាវគងទៅ ជួបនឹងអ្នកស្រុក ។ អ្នកស្រុកក៏អួតសរសើរអំពីលោកគ្រូ ឥ ឦ ថាចេះទស្សន៍ទាយចំណាប់ណាស់ ។ អាមាត្យ ក៏នាំដំណឹងនោះទៅទូលព្រះមហាក្សត្រ ៗ ក៏ទ្រង់ប្រើឲ្យទៅនិមន្តលោកគ្រូ ឥ ឦ នោះមកយ៉ាងប្រញាប់ ។
លុះរាជអាមាត្យចូលទៅថ្វាយបង្គំលោកគ្រូ ទូលតាមដំណើរហើយ លោកគ្រូភ័យខ្លាំងណាស់ មិនដឹងប្រកែកយ៉ាងណា ក៏ឡើងគង់លើ-វឲ្យគេលែងយកទៅ ។ លុះដល់ពាក់កណ្ដាលផ្លូវ លោកប្រុងរកផ្លូវគេចរត់ ក៏សុំអ្នកសែងឲ្យដាក់លោកចុះ ដើម្បីទៅដោះទុក្ខសត្វ ។ លោកដើរចូលព្រៃប្រុងនឹងវេះពួនឲ្យបាត់ តែពួកអាមាត្យចេះតែដើរតាមជាប់ពីក្រោយ ។ លោកដើរទៅ ស្រាប់តែប្រទះនឹងកុកគ្រោងមួយនៅក្នុងត្រពាំង, លោកភ្ញាក់ លាន់មាត់ថា “កុកគ្រោងខ្ពស់ចង្គ្រាងចោត” ហើយដើរទៅទៀត ប្រទះឃើញសត្វទន្សាយមួយ ។ ទន្សាយនោះ ក៏ផ្អើលលោតផ្លោតទៅជាន់លើសត្វកង្កែប ៗ ស្រែកវ៉ប រត់ចូលទៅក្នុងគុម្ពស្មៅ ។ លោកគ្រូគេចខ្លួនមិនរួច ក៏ត្រឡប់មកឡើងលើ-វវិញ ។ ចូលទៅដល់ក្នុងវាំង លោកភ័យណាស់ ដើរទាំងរញីរញ័រ ។ ស្ដេចក៏និមន្តលោកឲ្យចូលទៅក្នុងប្រាសាទព្រះរាជបុត្រី ដែលកំពុងទ្រង់ព្រះកន្សែង ព្រោះបូសពើតខ្លាំង ។ លោកគ្រូឃើញព្រះនាងទ្រង់ព្រះកន្សែង អាណិតណាស់ មិនដឹងគិតដូចម្ដេច បើខ្លួនមិនចេះអ្វីសោះ, តែទទួលនឹកឃើញរឿងនៅពេលដែលខ្លួនគេចទៅពួន ក៏ស្រែកឡើងថា:
“កុកគ្រោង ខ្ពស់ចង្គ្រាងចោត ទន្សាយលោកផ្លោត កង្កែបស្រែកវ៉ប” រួចលោកស្ដោះផែត ទៅលើបូសព្រះនាង ។ ព្រះនាង ឮគាថាលោកគ្រូបែបចម្លែក អស់សំណើចឃឹក ! ។ បូសដែលឡើងមុខខ្មៅរលោង ប្រុងតែនឹងធ្លាយ ក៏ធ្លាយខ្ទុះវូ នាំឲ្យបាត់ពើតភ្លាម ។ ព្រះរាជា ឃើញដូច្នោះ យល់ថា “លោកគ្រូ ឥ ឦ ពូកែមែន” ក៏រៀបសង់កុដិសាលា ហើយទំនុកបម្រុងវត្តនោះជាអចិន្ត្រៃយ៍ ។ មនុស្សម្នា ក៏ចុះចូលទៅធ្វើបុណ្យវត្តនោះ យ៉ាងកុះករជាងវត្តនានា ។
លុះកន្លងយូរមក នៅក្នុងនគរនោះ គ្មានភ្លៀងសោះ ។
ក្ដៅរីងស្ងួត ហួតអស់ទឹកបឹងបួរ ស្លាប់គោ ស្លាប់ក្របី ។ អ្នកស្រុក ចលាចលនាំគ្នាឡើងទៅទូលស្ដេចឲ្យជួយដោះទុក្ខភ័យនោះ ។ ព្រះរាជាក៏ត្រាស់ប្រើឲ្យរាជអាមាត្យទៅនិមន្តលោកគ្រូដូចមុនទៀត ។ លោកគ្រូភ័យណាស់ មិនដឹងថាទាយដូចម្ដេច បើខ្លួនគ្មានចេះអ្វីសោះ, គិតថា “ម្ដងនេះ ច្បាស់ជាស្ដេចយកទោសដល់ជីវិតហើយ” ក៏រកផ្លូវគេចវះដូចមុនទៀត ។ តែជាភ័ព្វវាសនាល្អ, រុក្ខទេវតា ដែលនៅក្នុងព្រៃនោះ មានចិត្តអាណិតលោក ក៏និម្មិតខ្លួនជាកង្កែបមេកូន និយាយសួរគ្នាថា ៖
– ម៉ែ ! ម៉ែ ! កាលណាទៅទើបមានភ្លៀងធ្លាក់ បើក្ដៅស្ងួតយ៉ាងនេះ ? កង្កែបមេឆ្លើយតបៈ
– ៧ ថ្ងៃទៀត នឹងមានភ្លៀងយ៉ាងធំ ៧ យប់ ៧ ថ្ងៃ លិចត្បាល់អង្រែអ្នកស្រុកអស់មិនខាន !
លោកគ្រូ ឮដូច្នេះ អរព្រួច នឹកថា “តែប៉ុណ្ណេះ រួចពីស្លាប់ហើយអញ” ហើយក៏និមន្តត្រឡប់ឡើងលើ-វវិញ លុះចូលដល់រាជវាំង លោកក៏ទស្សន៍ទាយថ្វាយស្ដេច តាមពាក្យមេកង្កែបនិយាយប្រាប់កូន ។ ព្រះរាជា ផ្សាយដំណឹងដល់ប្រជានុរាស្ត្រឲ្យប្រុងប្រៀបប្រដាប់ប្រដា ត្បិតនឹងមានភ្លៀងធំជន់ទឹកគ្រប់ទីកន្លែង ។
កាលទើបនឹងភ្លៀងថ្ងៃដំបូង អ្នកស្រុកត្រេកអរគ្រប់គ្នា ប៉ុន្តែលុះភ្លៀងមិនស្រាកស្រាន្តសោះ, ទឹកក៏ជន់លិច រកដើរទៅណាមកណាមិនរួច ។ គោពពែទាំងឡាយ ក៏មិនដឹងជានាំយកទៅទុកដាក់ឯណា រងាញ័រញាក់គ្រប់ប្រាណ ។ អ្នកស្រុក ក៏នាំគ្នាទៅរកលោកគ្រូ ឥ ឦ ឲ្យជួយបញ្ឈប់ភ្លៀង ។ ឯលោកគ្រូ ឥ ឦ ក្រឡេកឃើញអ្នកស្រុកដើរតម្រង់មកវត្តទាំងហ្វូងពីចម្ងាយ នឹកឆ្ងល់ណាស់ ក៏ប្រើកូនសិស្សឲ្យរត់ទៅសួរមើល តើគេមានការអ្វី ក៏មកច្រើនគ្នាម្ល៉េះ ! ។ អាគាំងទៅសួរដឹងរឿងថា “គេមករកលោកគ្រូធ្វើឲ្យបាត់ភ្លៀង” ក៏ទៅទូលលោកគ្រូតាមដំណើរ ។ លោកគ្រូប្រាប់អាគាំងថា “កាលណាគេចូលមកដល់ អញធ្វើជាខឹងដេញវាយអាឯង កុំឲ្យគេសួរអញកើត” ។ លុះអ្នកស្រុកចូលទៅដល់ លោកគ្រូ កន្ត្រាក់ដំបងដេញវាយអាគាំងមែន ។ អាគាំងរត់ទៅក្រៅវត្ត ។ លោកក៏ដេញតាមទៅដែរ ។ ទទួលពេលនោះ ភ្លៀងក៏រាំងល្មម ។ អ្នកស្រុកត្រេកអរណាស់ នាំគ្នានិយាយថា “លោកត្រូវដេញវាយអាគាំងរាំងភ្លៀង” ។
ក្រោយពីរាំងភ្លៀងមក ចំនួន ៣-៤ ថ្ងៃ មេឃនៅតែស្រទំ មិនព្រមបើកថ្ងៃសោះ ។ អ្នកស្រុករកហាលអ្វីមិនកើត ក៏នាំគ្នាទៅរកលោកគ្រូ ឥ ឦ ម្ដងទៀត ។ លោកគ្រូក៏ចាប់វាយអាគកម្ដង ធ្វើកាលដូចធ្វើជាមួយអាគាំង ។ កំពុងតែដេញវាយអាគកនោះ ស្រាប់តែពពករសាត់ចេញអស់ ពន្លឺព្រះអាទិត្យក៏រះឡើង ។ អ្នកស្រុកអរណាស់ នាំគ្នាស្រែកថា “លោកគ្រូវាយអាគកបើកថ្ងៃ” ។
ត្រង់នេះហើយ ដែលអ្នកស្រុក និងក្មេងជំនាន់មុន, កាលណាភ្លៀងក្ររាំង តែងតែស្រែកថា “វាយអាគាំងរាំងភ្លៀង វាយអាគកបើកថ្ងៃ” ជាប់រហូតមក ។
ខាងក្រោយយូរមកទៀត ព្រះរាជាទ្រង់ធ្វើពិធីបុណ្យមួយយ៉ាងធំ ក្នុងព្រះបរមរាជវាំង ឲ្យនិមន្តលោកគ្រូ ឥ ឦ ទៅទេសនា ព្រោះព្រះអង្គចាត់ទុកលោកគ្រូអង្គនេះ ជាអ្នកចេះដឹងជាងគេ ហើយប្រគេនអាសនៈក៏ខ្ពស់ជាងគេ ។ លោកគ្រូ ភ័យណាស់ មិនដឹងគិតដូចម្ដេច ដល់យប់ស្ងាត់ក៏ដុតវត្តអារាមចោល ។ លុះព្រឹកឡើង លោកក៏និមន្តទៅវាំង ។ អាចារ្យក៏គោះរគាំង ៣ ដង ជាសញ្ញាឲ្យលោកសម្ដែងធម៌ ។ លោកគ្រូតាំងស្រែកទ្រហោយំ មើលទៅស្ដេច ។ ស្ដេចត្រាស់សួរថា “ហេតុម្ដេចក៏យំ ?” ។ លោកថា “អាត្មាទេសន៍មិនកើតទេ ស្ដាយគម្ពីរឆេះពីយប់មិញខ្លាំងណាស់” ។ ព្រះរាជា ទ្រង់អនុគ្រោះឲ្យនិមន្តលោកឯទៀតទេសន៍ជំនួសទៅ ។
ឯទីកន្លែងវត្តលោកគ្រូ ឥ ឦ នៅដល់សព្វថ្ងៃ ត្រង់ភូមិអង្គររឹង ឃុំព្រះស្រែ ស្រុកឧត្ដុង្គ ខេត្តកំពង់ស្ពឺ ។ គេហៅ “ទួល ឥ ឦ” ដល់សព្វថ្ងៃ ៕ចប់
កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត
(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)