ព័ត៌មានទាន់ហេតុការណ៍៖

បុគ្គលិកហាងខារ៉ាអូខេ «សម្រស់រាជនីព្រែកជ្រៃ» ព្រួតគ្នាវាយច្រឡំគូទំនាស់ ត្រូវនគរបាលខណ្ឌដង្កោឃាត់ខ្លួន៧នាក់

ចែករំលែក៖

ភ្នំពេញ ៖ បុគ្គលិកហាងខារ៉ាអូ «សម្រស់រាជនីព្រែកជ្រៃ» ចំនួន៦នាក់ ក្នុងចំណោមគ្នា៨នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោ សហការជាមួយនគរបាលប៉ុស្តិ៍ស្ពានថ្ម ហៅទៅបំភ្លឺ រួចក៏ធ្វើការឃាត់ខ្លួនចាត់ការតាមច្បាប់តែម្ដង ក្រោយពីជនទាំង៦នាក់ខាងលើ ព្រួតគ្នាវាយទៅលើយុវជន២នាក់ ច្រឡំស្មានថា ជាក្រុមក្មេងស្ទាវ ដែលគប់ដុំថ្មចូលហាងខារ៉ាអូខេខាងលើ ។

ការឃាត់ខ្លួននោះ បានធ្វើឡើងវេលាម៉ោង០៨និង៣០នាទីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ខណៈដែលជនសង្ស័យទាំង៦នាក់នោះ ចូលខ្លួនទៅបំភ្លឺ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ពានថ្ម សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនសង្ស័យខាងលើនោះ រួមមាន ៖

១.ឈ្មោះ ពៅ វិសាល អាយុ២៣ឆ្នាំ មុខរបរចុងភៅ ហាងខារ៉ាអូខេខាងលើ

២.ឈ្មោះ ហ៊ុន សំណាង ហៅខ្មៅ អាយុ២១ឆ្នាំ

៣.ឈ្មោះ ហេង ប៊ុនហេង អាយុ១៨ឆ្នាំ

៤.ឈ្មោះ អ៊ុក វីរៈ ហៅម៉ាប់ អាយុ២៦ឆ្នាំ

៥.ឈ្មោះ ប៊ិន ភាវី អាយុ១៩ឆ្នាំ

៦.ឈ្មោះ ធី ណារិន អាយុ១៩ឆ្នាំ ។

ដោយឡែក២នាក់ទៀតឈ្មោះ តុក និងឈ្មោះ រតនា កំពុងរត់គេចខ្លួន ហើយជនសង្ស័យទាំងអស់នេះមានមុខរបរបុគ្គលិកហាងខារ៉ាអូខេ សម្រស់រាជនីព្រែកជ្រៃ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៧ ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ចំណែកយុវជនរងគ្រោះម្នាក់ឈ្មោះ ឯក ពិសី អាយុ២១ឆ្នាំ មុខរបរលក់គ្រឿងបន្លាស់រថយន្ត ស្នាក់នៅសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ រងរបួសបែកចិញ្ចើម, ភ្នែកខាងឆ្វេងនិងបែកមាត់ ។ រីឯម្នាក់ទៀត ឈ្មោះ ទ្រី ម៉េងលាង អាយុ២១ឆ្នាំ មានទីលំនៅភូមិ១៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ រងរបួសចំក្បាល, បែកចុងចិញ្ចើមខាងឆ្វេង, ភ្នែកខាងឆ្វេង, ចំឆ្អឹងជំនីរ និងបែកមាត់ ។

នគរបាលបានប្រាប់ថា ហេតុការណ៍នោះកើតឡើងកាល ពីវេលាម៉ោង២និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នៅចំណុចមុខហាងខារ៉ាអូខេរាជនីសម្រស់ព្រែកជ្រៃ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៧ ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ នៅមុនពេលកើតហេតុ នៅវេលាម៉ោង៨យប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ យុវជនរងគ្រោះឈ្មោះ ឯក ពិសី និងយុវជនឈ្មោះ ទ្រី ម៉េងលាង បានជិះម៉ូតូ១គ្រឿង ម៉ាកហុងដាស្កូបពី ស៊េរីឆ្នាំ២០២២ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ IN-2613 ឌុបគ្នាទៅដើរលេងនៅម្ដុំកោះនរា ខណ្ឌច្បារអំពៅ ។

លុះដល់វេលាម៉ោង៩យប់ថ្ងៃដដែល ក៏បានបន្តទៅចូលរួមកម្មវិធីខួបកំណើតមិត្តភក្ដិ នៅម្ដុំវត្តអង្គរុន ស្រុកបាទី ខេត្តតាកែវ ហើយរហូតដល់វេលាម៉ោង២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ទើបនាំគ្នាជិះម៉ូតូត្រលប់មកភ្នំពេញវិញ ។

នគរបាល ប្រាប់ឲ្យដឹងបន្តថា ពេលជិះដល់ខាងជើងរង្វង់មូលកួរស្រូវ ស្ថិតនៅក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ស្រាប់តែមានក្មេងស្ទាវ ១ក្រុម មានគ្នាប្រមាណ២០នាក់ ជិះម៉ូតូ១០គ្រឿង ដេញតាមរួចយកខ្សែក្រវាត់វាយទៅលើជនរងគ្រោះ ។ ពេលនោះយុវជនរងគ្រោះទាំង២នាក់ ក៏ជិះម៉ូតូចូលទៅតាមផ្សារតាម៉ាប់ព្រែកជ្រៃ ស្ថិតនៅតាមផ្លូវលេខ២១៧ ក្នុងភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ហើយក្រុមក្មេងស្ទាវ បានជិះម៉ូតូហួសទៅមុខ។ លុះពេលដល់មុខហាងខារ៉ាអូខេ សម្រស់រាជនីព្រែកជ្រៃ ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ក៏បានយកដុំថ្ម គប់ចូលទៅក្នុងហាងខារ៉ាអូខេនោះ រួចក៏ជិះម៉ូតូគេចខ្លួនបាត់អស់ ។

នគរបាល បានបន្ថែមទៀតថា រហូតដល់វេលាម៉ោង០២និង៤៥នាទីយប់រំលងអធ្រាត្រថ្ងៃដដែល ក្រោយពីក្រុមក្មេងស្ទាវទៅបាត់អស់ ទើបយុវជនរងគ្រោះទាំង២នាក់នោះ ហ៊ានជិះម៉ូតូចេញពីផ្សារតាម៉ាប់ព្រែកជ្រៃ ទៅផ្ទះបន្តទៀត ។ ពេលដល់ត្រង់ចំណុចមុខហាងខារ៉ាអូខេ សម្រស់រាជនីព្រែកជ្រៃ ក៏ស្រាប់តែជនសង្ស័យទាំង៦នាក់ខាងលើ មានគ្នាប្រមាណ៨នាក់បានយកដុំថ្មគប់ វាយ និងទាត់ធាក់ទៅលើយុវជនរងគ្រោះ ដោយស្មានថា ជាបក្ខពួកក្មេងស្ទាវ ដែលគប់ដុំថ្មចូលហាងខារ៉ាអូខេ មុននោះ ។ ខណៈនោះ បានបណ្ដាលឲ្យយុវជនទាំង២នាក់ រងរបួសយ៉ាងដំណំ រួចជនសង្ស័យជិះម៉ូតូគេចខ្លួនបាត់អស់ បន្ទាប់មក នគរបាលប៉ុស្តិ៍ស្ពានថ្ម បានហៅម៉ូតូកង់បី ដឹកជនរងគ្រោះទៅកាន់មន្ទីរពហុព្យាបាលមូលីបុត្រ ដែលស្ថិតនៅជិតនោះ ហើយក្រោយមកទើបជនរងគ្រោះក៏បានដាក់ពាក្យបណ្ដឹង ឲ្យនគរបាលជួយអន្តរាគមន៍ ។

នគរបាលដដែល បានប្រាប់បន្តថា ក្រោយទទួលបានពាក្យបណ្ដឹង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ពានថ្ម និងនគរបាលខណ្ឌដង្កោ ក៏បានធ្វើលិខតអញ្ជើញស្ត្រីម្ចាស់ហាងខារ៉ាអូខេ សម្រស់រាជនីព្រែកជ្រៃ ឈ្មោះ ជា លក្ខិណា អាយុ៣៣ឆ្នាំ ឲ្យចូលខ្លួនធ្វើការបំភ្លឺ ។ ពេលនោះ ម្ចាស់ហាងក៏បានប្រាប់ពីអត្តសញ្ញាជនសង្ស័យខាងលើ ហើយនគរបាលក៏បានធ្វើលិខិតអញ្ជើញជនសង្ស័យទាំងអស់ ឲ្យចូលមកបំភ្លឺនៅប៉ុស្តិ៍ ប៉ុន្តែចូលតែ៦នាក់ខាងលើ ហើយក៏ត្រូវនគរបាលឃាត់ខ្លួនតែម្ដង ចំណែក២នាក់ទៀតឈ្មោះ រតនា និងឈ្មោះ តុក មិនបានចូលមកបំភ្លឺនោះទេ កំពុងគេចខ្លួននៅឡើយ ។

ជនសង្ស័យបានសារភាពថា ពួកខ្លួនមានគ្នា៨នាក់ ពិត ជាបានធ្វើសកម្មភាពប្រើដុំថ្ម គប់ និងវាយទៅលើជនរងគ្រោះទាំងពីរនាក់ បណ្តាលឱ្យរងរបួសធ្ងន់ប្រាកដមែន ដោយសារតែយល់ច្រឡំថា ជនរងគ្រោះទាំងពីរនាក់ ជាក្រុមក្មេងស្ទាវដែលបានគប់ដុំថ្មចូលហាងខារ៉ាអូខេ សម្រស់រាជនីព្រែកជ្រៃ ៕


ចែករំលែក៖