អន្តរជាតិ៖ សារព័ត៌មាន Reuters បានផ្សាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២៦ បាននិយាយថារូបលោកនឹងពន្យារបទឈប់បាញ់ជាមួយអ៉ីរ៉ង់ តែប៉ុន្មានម៉ោងប៉ុណ្ណោះ មុននឹងផុតសុពលភាព ដើម្បីអនុញ្ញាតឱ្យប្រទេសទាំង២បន្តកិច្ចចរចាសន្តិភាពស្វែងរកដំណោះស្រាយបញ្ចប់សង្រ្គាមដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ និងកំពុងធ្វើឱ្យសេដ្ឋកិច្ចពិភពលោក រង្គោះរង្គើរ។
ដោយដកថយពីការគំរាមទម្លាក់គ្រាប់បែកជាថ្មីលើអ៉ីរ៉ង់ លោក ត្រាំ បានឱ្យនៅក្នុងសេចក្ដីថ្លែងការណ៍មួយថាលោកបានយល់ព្រមទទួលយកសំណើពីប៉ាគីស្ថាន ដែលកំពុងជួយសម្របសម្រួល កិច្ចចរចាសន្តិភាពក្នុងសង្រ្គាមអូសបន្លាយពេលជាង៧សប្ដាហ៍ ដើម្បីផ្អាកការវាយប្រហារលើអ៉ីរ៉ង់ សំដៅទុកពេលឱ្យមេដឹកនាំរបស់ពួកគេបញ្ជូនសំណើមួយដើម្បីបញ្ចប់សង្រ្គាម។ លោក ត្រាំ មិនបានបញ្ជាក់ថាតើការពន្យារបទឈប់បាញ់នេះមានសុពលភាពយូរប៉ុនណានោះទេ។ ម្យ៉ាង ការប្រកាសរបស់លោក ត្រាំ ត្រូវបានគេមើលឃើញថាមានលក្ខណៈឯកតោភាគី ហើយភ្លាមៗ គេមិនទាន់ច្បាស់ថាតើអ៉ីរ៉ង់ ឬអ៉ីស្រាអែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក នឹងឯកភាពលើការពន្យារបទឈប់បាញ់ឬក៏យ៉ាងណានោះដែរ?
លើសពីនេះទៅទៀតនោះ លោក ត្រាំ ក៏បានបញ្ជាក់ដែរថាសហរដ្ឋអាមេរិកនឹងនៅតែបន្តបិទខ្ទប់កំពង់ផែអ៉ីរ៉ង់ ជាទង្វើមួយដែលថ្នាក់ដឹកនាំអ៉ីរ៉ង់ចាត់ទុកថាជាសកម្មភាពសង្រ្គាម។ តាមទីភ្នាក់ងារសារព័ត៌មាន Tasnim ដែលមានទំនាក់ទំនងជាមួយកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ អ៉ីរ៉ង់មិនបានស្នើសុំពន្យារបទឈប់បាញ់នោះទេ ហើយបានគំរាមជាថ្មីថានឹងទម្លុះការបិទខ្ទប់របស់ សហរដ្ឋអាមេរិកដោយប្រើកម្លាំងបាយ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច