ព័ត៌មានទាន់ហេតុការណ៍៖

ឆ្នាំ២០២៥ អឺរ៉ុប បំបែកកំណត់ត្រា ចំនួនជនអន្តោប្រវេសន៍ ដោយកើនដល់៦៤.២លាននាក់

ចែករំលែក៖

អន្តរជាតិ៖ សារព័ត៌មាន Reuters បានផ្សាយថា របាយការណ៍សិក្សាមួយចេញផ្សាយនាថ្ងៃពុធ ទី២២ ខែមេសា បានបង្ហាញថា ចំនួនជនអន្តោប្រវេសន៍ដែលកំពុងរស់នៅក្នុងសហភាពអឺរ៉ុប (EU) បានកើនដល់កំណត់ត្រាថ្មីមួយ គឺ៦៤.២លាននាក់កាលពីក្នុងឆ្នាំ២០២៥ ពោលគឺកើនប្រហែល ២.១លាននាក់ ធៀបនឹងឆ្នាំ២០២៤។

របាយការណ៍ខាងលើ រៀបចំដោយមជ្ឈមណ្ឌលស្រាវជ្រាវនិងវិភាគការធ្វើអន្តោប្រវេសន៍ របស់មូលនិធិស្រាវជ្រាវ RFBerlin មានមូលដ្ឋាននៅប្រទេសអាល្លឺម៉ង់។ តួលេខនេះ គឺយោងតាមទិន្នន័យពីទីភ្នាក់ងារស្ថិតិ Eurostat របស់ EU និងទីភ្នាក់ងារជនភៀសខ្លួនរបស់ UN។

ក្នុងនោះ អាល្លឺម៉ង់នៅបន្តជាប្រទេសដែលមានជនអន្តោប្រវេសន៍ច្រើនជាងគេ គឺជិត១៨លាននាក់ ហើយ៧២ភាគរយ ក្នុងចំណោមពួកគេ ស្ថិតក្នុងវ័យអាចបំពេញការងារបាន។ រីឯអេស៉្បាញ បានមើលឃើញកំណើនជនអន្តោប្រវេសន៍ឆាប់រហ័សជាងគេ ដោយបន្ថែមប្រហែល៧០០ ០០០នាក់ទៀត នាំឱ្យចំនួនជនអន្តោប្រវេសន៍សរុបនៅក្នុងប្រទេសរបស់ខ្លួន កើនដល់៩.៥លាននាក់។

ការសិក្សាបានរកឃើញថា លំនាំនៃការធ្វើអន្តោប្រវេសន៍ មានលក្ខណៈមិនស្មើគ្នានៅទូទាំងប្លុក EU ដោយប្រទេសដូចជា លុចសំបួ ម៉ាល់ត៍ និងស៉ីប មើលឃើញចំនួនជនអន្តោប្រវេសន៍មានចំណែកខ្ពស់ នៅក្នុងទំហំប្រជាជនសរុបរបស់ពួកគេ។ ចំណែក ការស្នើសុំសិទ្ធិជ្រកកោន ក៏ត្រូវបានសង្កេតឃើញមានការប្រមូលផ្តុំ នៅតាមប្រទេសមួយចំនួនផងដែរ ដោយអេស៉្បាញ អ៉ីតាលី បារាំង និងអាល្លឺម៉ង់ រ៉ាប់រងជិត៣ភាគ៤ នៃពាក្យស្នើសុំទាំងអស់។ សរុបជារួម អាល្លឺម៉ង់ជាប្រទេស ដែលមានចំនួនជនភៀសខ្លួនច្រើនបំផុតនៅ EU គឺ២.៧លាននាក់៕


ចែករំលែក៖