ព័ត៌មានទាន់ហេតុការណ៍៖

អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនលោកផ្កាយ៣ លោកផ្កាយ២ និងជនសង្ស័យ២នាក់ទៀតទៅតុលាការ

ចែករំលែក៖

ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ បានបញ្ជូនខ្លួនឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា អគ្គនាយករងអន្តោរប្រវេសន៍ និងឧត្តមសេនីយ៍ទោ សរ សំណាង ស្នងការរងរាជធានីភ្នំពេញ ព្រមទាំងជនសង្ស័យ២នាក់ទៀតទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីសង្ស័យស៊ីសំណូកពីពួក Online Scams និងសម្អាតប្រាក់។

លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មានព័ត៌មាន Fresh News ឱ្យដឹងថា មនុស្ស២នាក់ទៀត ដែលជាប់ពាក់ព័ន្ធនឹងករណីនេះ រួមមាន អ្នកស្រី អស កូ ពិសី ជាប្រពន្ធ លោក សរ សំណាង និងម្នាក់ទៀត ឈ្មោះ យ៉ាត កុសល ដែលពួកគេជាប់សង្ស័យរឿងស៊ីសំណូកពីក្រុម Online Scams និងសម្អាតប្រាក់។

ការចាប់ខ្លួននាយនគរបាលជាន់ខ្ពស់ខាងលើ ធ្វើឡើងជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦។ បើតាមលោកទេសរដ្ឋមន្រ្តី ករណីនេះ ACU បានបើកប្រតិបត្តិការស៊ើបអង្កេត រយៈពេល២០ថ្ងៃមកហើយ។ លោកបញ្ជាក់ថា ប្រតិបត្តិការ២០ថ្ងៃ នឹងបញ្ជាក់លម្អិត ក្រោយបញ្ជូនជនសង្ស័យទាំង៤នាក់ ទៅកាន់តុលាការរួចរាល់ ៕

ដោយ ៖ ស តារា


ចែករំលែក៖