ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធររាជធានីគ្រោងនឹងផ្លាស់ប្តូរទីតាំងទីលានចាក់សំរាមពីដង្កោទៅកាន់ទីតាំងថ្មីនៅតាមបណ្ដោយផ្លូវលេខ៥១ ក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាលវិញ

ចែករំលែក៖

ភ្នំពេញ៖  អាជ្ញាធររាជធានីភ្នំពេញ គ្រោងនឹងផ្លាស់ប្តូរទីតាំងទីលានចាក់សំរាម ទៅនៅតាមបណ្ដោយផ្លូវលេខ៥១ ក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាលលើទំហំដីប្រមាណ២០ទៅ៥០ហិកតាថ្មីវិញ ហើយទីតាំងចាក់សំរាមនៅក្នុងខណ្ឌដង្កោបច្ចុប្បន្ន នឹងរក្សាទុកជាទីតាំងសម្រាប់ផ្ទេរសំរាមវិញ ។ នេះបើតាមការបញ្ជាក់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៣របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនាព្រឹកថ្ងៃទី១១ មិថុនា ឆ្នាំ២០២០ នៅ សាលារាជធានីភ្នំពេញ។

  លោក ឃួង ស្រេង បានបញ្ជាក់ថា នៅពេលដែលយើងផ្ទេរទៅកាន់ទីលានចាក់សំរាមថ្មីហើយនោះ ទីតាំងចាក់សំរាមចាស់ក្នុងខណ្ឌដង្កោនឹងទុកជាកន្លែងផ្ទេរសំរាម ។ ក្រៅពីនេះយើងក៏បានជ្រើសរើសយកទីតាំងផ្ទេរសំរាមចំនួនបីផ្សេងទៀតនៅជាយរាជធានីភ្នំពេញ ដែលក្នុងនោះនៅខណ្ឌព្រែកព្នៅមាន២ទីតាំង ខណ្ឌសែនសុខមាន១ទីតាំង និងនៅខណ្ឌ ពោធិ៍សែនជ័យមាន១ទីតាំង ។ ដោយសារបីទីតាំងនេះ ក៏កំពុងមានហានិភ័យនៃការទទួលសំរាមដោយទីតាំងនីមួយៗ ត្រូវពេញ និងហៀរទៅហើយ។

    លោកឃួង ស្រេង បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យក្រុមហ៊ុនដឹកជញ្ជូនសំរាមចំនួនបីបានដេញថ្លៃរួចហើយ ហើយក្រោយពីក្រុមហ៊ុនទាំងបីបានអនុវត្តការងាររបស់ខ្លួនហើយនោះ រដ្ឋបាលរាជធានីភ្នំពេញនឹងមានវិធានការក្តៅហើយចំពោះអ្នកដែលមិនបានបង់ថ្លៃសំរាម និងក៏មានវិធានការចំពោះអ្នកទុកដាក់សំរាមអនាធិបតេយ្យផងដែរ។

   ពាក់ព័ន្ធនឹងការលើកឡើងរបស់លោក ឃួង ស្រេងនេះ លោកប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ក៏បានឯកភាពពីការយកចិត្ដទុកដាក់លើអនាម័យបរិស្ថានឲ្យបានល្អជាមុខសិនដែរ នៅទីក្រុងយើងបច្ចុប្បន្ន។ គឺទីមួយត្រូវតែដោះស្រាយរឿងសំរាមជាមុនសិនទើបចាប់ផ្ដើមធ្វើកិច្ចការងារផ្សេងៗជាក្រោយទៀត ។

   លោកបន្ដថា រាល់ថ្ងៃនេះអាជ្ញាធរក៏កំពុងអប់រំបងប្អូនឱ្យចេះទុកដាក់សំរាមដែរ។ ដោយសារសព្វថ្ងៃនេះជំងឺកូវីដ–១៩ បាននិងកំពុងរាតត្បាតពេញពិភពលោក ហើយព្រះរាជាណាចក្រកម្ពុជាក៏ជាប្រទេសមួយ បានប្រឈមនឹងបញ្ហានេះដែរនោះ លោកអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក៏

បានបញ្ជាក់ទៀតថា ជុំវិញជំងឺកូវីដ–១៩

នេះ អាជ្ញាធររាជធានីភ្នំពេញបានមានវិធានការគ្រប់ជ្រុងជ្រោយ ដោយបានធ្វើការណែនាំដល់អាជ្ញាធរគ្រប់ខណ្ឌទាំង១៤ ដើម្បីបង្ការនិងទប់ស្កាត់នូវការឆ្លងពីជំងឺកូវីដ–១៩នេះ ទៅតាមការណែនាំរបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាល ដោយបានដាក់ទីតាំងចត្តាទ្បីស័កនៅតាមសាលារៀនមួយចំនួនផងដែរ។

      សូមបញ្ជាក់ថា កិច្ចប្រជុំក្រុមប្រឹក្សា រាជធានីភ្នំពេញនេះធ្វើឡើងក្រោមវត្តមាន លោកប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកឃួង ស្រេង.  អភិបាលរាជធានីភ្នំពេញព្រមទាំងមានការចូលរួមពីមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ដើម្បីជំរុញឲ្យរដ្ឋបាលរាជធានីភ្នំពេញ អនុវត្តការងារឲ្យកាន់តែប្រសើរឡើងទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងការបម្រើសេវាសាធារណៈជូនប្រជា ពលរដ្ឋជាដើម៕  ដោយ៖ សំរិត


ចែករំលែក៖