ភ្នំពេញ៖នៅវេលាម៉ោង១៨និង៤៥ នាទី ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបសន្ទនាតាមទូរស័ព្ទជាមួយ លោក ណារិនដ្រា ម៉ូឌី ដើម្បីពិភាក្សាអំពីការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ និងពីទំនាក់ទំនងទ្វេភាគី និងតំបន់។
លោកម៉ូឌី បានសម្តែងនូវសេចក្តីរីករាយ ដែលបានជួបពិភាក្សាគ្នាជាមួយ សម្តេច ដែលជាមិត្តរបស់ឥណ្ឌា ក្នុងគ្រាដែលពិភពលោកកំពុងប្រយុទ្ធប្រឆាំងកូវីដ-១៩។ លោកម៉ូឌី បានកោតសរសើរ សម្តេច និងរាជរដ្ឋាភិបាលកម្ពុជា ចំពោះការគ្រប់គ្រងយ៉ាងល្អប្រសើរនូវជម្ងឺកូវីដ-១៩ ដែលអាចជាគំរូមួយសម្រាប់ពិភពលោក។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្តែងនូវការគោរពចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកនាយករដ្ឋមន្ត្រី ម៉ូឌី និងរដ្ឋាភិបាលឥណ្ឌា ក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩ ហើយក៏បានចូលរួមរំលែកមរណទុក្ខ ចំពោះការបាត់បង់ជីវិតពលរដ្ឋឥណ្ឌាជាច្រើនដោយសារជំងឺនេះ។
សម្តេច និង លោកនាយករដ្ឋមន្ត្រី បានអរគុណគ្នាទៅវិញទៅមក ចំពោះការយកចិត្តទុកដាក់ និងសម្រួលដល់ការធ្វើដំណើរត្រលប់ទៅស្រុកវិញនៃពលរដ្ឋរៀងខ្លួនដែលជាប់នៅប្រទេសមួយទៀត។ យន្តហោះ មួយគ្រឿង នឹងដឹកពលរដ្ឋ និងនិស្សិតកម្ពុជាចំនួន៦០នាក់ពីឥណ្ឌាមកម្ពុជាវិញ នៅថ្ងៃទី១២ ខែមិថុនានេះ ហើយពលរដ្ឋឥណ្ឌា នឹងបានត្រលប់ទៅស្រុកវិញតាមជើងយន្តហោះ នៅព្រឹកថ្ងៃទី១១ ខែមិថុនានេះ និងមួយជើងទៀត នៅថ្ងៃទី១៩ ខែមិថុនា ដែលមានចំនួនសរុប ២៨០នាក់។
ថ្នាក់ដឹកនាំទាំងពីរ ឯកភាពគ្នាថា ដំណើរទៅមុខដើម្បីស្តារស្ថានភាពសេដ្ឋកិច្ចសង្គមក្រោយ កូវីដ-១៩ ទាមទារឱ្យមានកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលជាអន្តរជាតិកាន់តែខ្លាំងជាងមុន។
ថ្នាក់ដឹកនាំទាំងពីរ ក៏បានប្តេជ្ញាបន្តពង្រឹង និងពង្រីកសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅថែមទៀត ដោយ លោកនាយករដ្ឋមន្ត្រីឥណ្ឌា ចាត់ទុកប្រទេសកម្ពុជា ថាជាផ្នែកដ៏សំខាន់មួយនៃនយោបាយធ្វើសកម្មភាពឆ្ពោះទៅទិសខាងកើតរបស់ឥណ្ឌា (Act East Policy)។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានលើកសរសើរអំពីតួនាទីអន្តរជាតិដ៏សំខាន់របស់ឥណ្ឌា ហើយក៏បានគាំទ្រដល់ឥរិយាបថមនុស្សធម៌ និងសមត្ថភាពរបស់ឥណ្ឌា ក្នុងការផលិតថ្នាំពេទ្យ ដែលក្នុងរយៈពេល២ខែចុងក្រោយនេះ បានផ្គត់ផ្គង់ថ្នាំជូនប្រទេសប្រមាណ១៣០។
ថ្នាក់ដឹកនាំទាំងពីរ បានប្តេជ្ញាបន្តពង្រឹងសហប្រតិបត្តិការតំបន់ ក្នុងនោះរួមមានក្របខ័ណ្ឌ ASEAN-India និងមេគង្គ-គង្គា។ ពាក់ព័ន្ធនឹងសហប្រតិបត្តិការផ្នែកវប្បធម៌ និងបុរាណវិទ្យា លោកូនាយករដ្ឋមន្ត្រី ម៉ូឌី បានសម្តែងការពេញចិត្តចំពោះការទុកចិត្តឱ្យឥណ្ឌា ធ្វើជាសហប្រធាននៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិ ដើម្បីស្តារ និងអភិវឌ្ឍប្រាសាទព្រះវិហាររបស់កម្ពុជា។
ថ្នាក់ដឹកនាំទាំងពីរ បានសម្តែងនូវក្តីសង្ឃឹម និងជូនពរប្រទេសទាំងពីរឆ្លងកាត់ដោយជោគជ័យវិបត្តិដ៏ធ្ងន់ធ្ងរនេះ ឈរលើស្មារតីជួយគ្នាទៅវិញទៅមក៕ដោយ៖សូរិយា