ខេត្តស្វាយរៀង៖ បុរសម្នាក់ត្រូវក្រុមគ្រួសារប្រទះឃើញស្លាប់ក្នុងស្រះទឹកបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិប្រញាប់ប្រញាល់ជួយស្រង់ដាក់លើគោកធ្វើចលនាដៃជើង តែជាអកុសលយឹតពេលទៅហើយខណៈជនរងគ្រោះស្រវឹងស្រាហើយសង្ស័យរអិលជើងលង់ទឹកស្លាប់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង១៥នាទីថ្ងៃទី
១១ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចភូមិដែកភ្លើង ឃុំរាជមន្ទីរ ស្រុកកំពង់រោទ៍ខេត្តស្វាយរៀង។
បើតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសខាងលើមានឈ្មោះ
ងិន ទិត្យ អាយុ៥៤ឆ្នាំ មុខរបរកសិកររស់នៅភូមិឃុំខាងលើ។
បើតាមក្រុមគ្រួសារបានប្រាប់សមត្ថកិច្ចថាមុនកើតហេតុឪពុករបស់ខ្លួនបានផឹកស្រាស្រវឹងហើយក៏បានត្រលប់មកផ្ទះ រួចដើរសំដៅទៅស្រះទឹកខាងក្រោយផ្ទះដើម្បីបត់ជើងតូច តែប្រមាណជាកន្លះម៉ោងបាត់មិនឃើញមកវិញទើបក្រុមគ្រួសារមានការសង្ស័យក៏នាំគ្នាដើររកស្រាប់តែប្រទះឃើញនោក្នុងទឹកស្រះបង្កការភ្ញាក់ផ្អើលតែម្ដង។
ក្រោយពីសមត្ថកិច្ចនគរបាលស្រុកនិងគ្រូពេទ្យបានពិនិត្យសពមិនមានស្លាកស្នាមអ្វីសម្គាល់ថាជារឿងឃាតកម្មដោយស្លាប់ដោយលង់ទឹកពិតប្រាកដមែននោះទើបប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ យឹម សុថាន