ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចកម្ទេចកាកសំណល់សង្រ្គាមជិត ២.០០០គ្រាប់នៅស្រុកក្រគរ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កាកសំណល់សង្រ្គាមជាគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណជិត ២.០០០គ្រាប់ ត្រូវបានមន្រ្តីជំនាញ(ហេលឡូត្រាស) ផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋានស្រុកក្រគរ និងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្សាចំបក់ សហការបំផ្លាញចោលនៅនឹងកន្លែង ។

 ករណីកម្ទេចកាកសំណល់សង្រ្គាមខាងលើ ធ្វើឡើងនៅវេលាម៉ោង៨៖០០ នាទី រហូតដល់ម៉ោង៩៖០០នាទីព្រឹកថ្ងៃសុក្រ ៧រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ត្រង់ចំណុចអូរក្បាលដំរី ស្ថិតនៅភូមិអារ៉ង់ព្រួច ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

  ប្រភពព័ត៌មានពីកម្លាំងសហការខាងលើបានប្រាប់ថា កាកសំណល់សង្រ្គាមគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលត្រូវកម្ទេចចោលនេះ មានចំនួនបីប្រភេទ គឺ អឹម-១៦ចំនួន ១.៤៨០គ្រាប់ អឹម- ៧៩ចំនួន២២គ្រាប់ និងគ្រាប់បែកដៃចំនួន១គ្រាប់ សរុបចំនួន ១.៥៦០គ្រាប់ ។

 ប្រភព័ត៌មានដដែលបន្តទៀតថា ដោយកាកសំណល់សង្រ្គាមគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងនេះគុណភាពមិនអាចដឹកជញ្ជូនបានទើបមន្រ្តីជំនាញអង្គការ(ហេលឡូត្រាស)សម្រេចកម្ទេចចោលនៅនឹងកន្លែងតែម្តង៕ ដោយ៖ បុឹម ពិន


ចែករំលែក៖