សហរដ្ឋអាមេរិក៖ សប្បុរសជនម្នាក់បរិច្ចាគប្រាក់ចំនួន ១ លានដុល្លារអាមេរិកដល់បុគ្គលិកសុខាភិបាលនៅមន្ទីរពេទ្យ ដូមីនិក(Dominican)ក្នុងរដ្ឋកាលីហ្វ័រនីញ៉ា ដើម្បីអរគុណពួកគាត់ចំពោះការខិតខំធ្វើការក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ ។
នៅក្នុងសារលិខិតផ្ញើទៅកាន់មន្ទីរពេទ្យ និងប្រាក់១លានដុល្លារ មនុស្សចរិតល្អមិនបញ្ចេញឈ្មោះបានសរសេរថា« សូមផ្ញើទៅកាន់វីរបុរស វីរនារី ក្នុងមន្ទីរពេទ្យ Dominican ។ អរគុណ អស់លោកអ្នក ដែលបានក្រោកឈរឡើងប្រឈមនឹងគ្រោះថ្នាក់មើលថែដល់ពលរដ្ឋក្នុងសហគមន៍របស់យើងខ្ញុំ។ ភាពក្លាហាន ការយកចិត្តទុកដាក់នោះ បានធ្វើឲ្យអ្នកក្លាយជា វីរបុរសវីរនារី។ សូមទទួលយកការចូលរួមរបស់យើងខ្ញុំជំនួសការអរគុណដោយស្មោះអស់ពីដួងចិត្តចំពោះអ្វីដែលលោកអ្នកបានខិតខំ។ បេះដូងខ្ញុំតែងតែនៅជាមួយអ្នកជានិច្ច។ អ្នកដែលបានមើលថែនិងព្យាបាលខ្ញុំរយៈពេលកន្លងមក»។
សប្បុរសជនខាងលើស្នើដល់មន្ទីរពេទ្យឲ្យចែកប្រាក់១លានដុល្លារនោះជូនដល់បុគ្គលិក គ្រូពេទ្យទាំងអស់ក្នុងមន្ទីរពេទ្យ។ អ្នកនាំពាក្យ មន្ទីរពេទ្យខាងលើ នាង Claire Henry បានឲ្យដឹងថា បុគ្គលិកធ្វើការពេញម៉ោងទទួលបានប្រាក់រង្វាន់ ៨០០ ដុល្លារ និងបុគ្គលិកក្រៅម៉ោង ទទួលបាន៦០០ដុល្លារ។
សប្បុរសជនខាងលើ មិនបានបញ្ចេញឈ្មោះនោះឡើយ។ ចំណែក ប្រធានមន្ទីរពេទ្យលោក Nanette Mickiewicz បានលើកឡើងថា «ខ្ញុំគ្មានពាក្យអ្វីដែលរៀបរាប់ពីការអរគុណរបស់យើងខ្ញុំទាំងអស់គ្នាដល់កាដូពិសេសនេះទេ ។ យើងមានមោទនភាពពីការងាររបស់យើងកំពុងតែធ្វើ ដោយយកចិត្តទុកដាក់ ដោយមិនមានត្អូញត្អែរពីការហត់នឿយនោះឡើយ៕ ធី រីណា