ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿងបានក្រឡាប់សង្កត់បង្គោលភ្លើងបាក់អស់១ដើមនៅខណ្ឌដង្កោ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តក្រឡុកស៊ីម៉ងត៍មិនប្រយ័ត្នបណ្ដាលឱ្យក្រឡាប់ផ្ងារជើងសង្កត់បង្គោលភ្លើងរបស់ក្រុមហ៊ុនអគ្គិសនីកម្ពុជាបាក់អស់១ដើម តែសំណាងល្អក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមិនបណ្ដាលឱ្យអ្នកណាម្នាក់រងរបួសនោះទេ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងកាលពីវេលាម៉ោង១១ និង១៥ នាទីព្រឹកថ្ងៃទី១២ ខែមិថុនាឆ្នាំ ២០២០ នៅចំណុចផ្លូវលំក្នុងភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ។ 

  អ្នកបើកបររថយន្តមានឈ្មោះជឹម បូរិន​អាយុ៣១ឆ្នាំ មុខរបរបើកបររថយន្តស្នាក់នៅភូមិតាកេរ្តិ៍ សង្កាត់កំបូល ខណ្ឌកំបូល និងមានទីលំនៅនៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក។ 

    តាមសម្ដីអ្នកបើកបររថយន្តបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុរូបគេបានបើករថយន្តប្រភេទក្រឡុកស៊ីម៉ងត៍ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 5A-2910តាមផ្លូវលំក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុក៏មានរថយន្តក្រឡុកស៊ីម៉ងត៍ដូចគ្នាបើកបញ្ច្រាសទិស​ ពេលនោះគាត់ក៏បានបើកអែបនិឹងចិញ្ចើមផ្លូវ ស្របពេលនោះដោយសារតែផ្លូវទើបនិឹងចាក់ថ្មីក៏ផុងស្រុតធ្វើឱ្យក្រឡាប់រថយន្តទៅសង្កត់បង្គោលភ្លើងបាក់អស់១ដើមផងដែរ តែសំណាងល្អមិនបណ្ដាលឲ្យមានមនុស្សណាម្នាក់រងរបួសនោះទេ ។

    ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយសមត្ថកិច្ចចរាចរណ៍ខណ្ឌដង្កោចុះទៅដល់កន្លែងកើតហេតុ ពេលនោះភាគីខាងរថយន្តព្រមសងសំណងទៅក្រុមហ៊ុនអគ្គិសនីដោយទិញបង្គោលភ្លើងថ្មីយកមកដាក់ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕​ ដោយ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖