ខេត្តពោធិ៍សាត់៖ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ លោក វរសេនីយ៍ត្រី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកវាលវែង ធ្វើការដឹកនាំកម្លាំងចុះបង្រ្កាបបទល្មើសព្រៃឈើ ដោយឃាត់ចាប់រថយន្ត១គ្រឿងមានផ្ទុកឈើអារ ដើម្បីយកទៅបន្តនីតិវិធី ។
ករណីកងរាជអាវុធហត្ថបង្រ្កាបរថយន្តផ្ទុកឈើអារខាងលើធ្វើឡើងកាលពីរសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានពីកម្លាំងចុះបង្រ្កាបប្រាប់ថា ជាលទ្ធផលកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកវាលវែង ឃាត់ចាប់យកវត្ថុតាងរថយន្ត១គ្រឿងម៉ាកហុីយ៉ាន់ដាយ ពណ៌ស លាយលឿងនិងខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3D-4720 មានផ្ទុកឈើអារប្រភេទលេខ២ ចំនួន ៤២សន្លឹក ស្មើនឹងចំនួន ១,២០០ម៉ែត្រត្រីគុណ រីឯម្ចាស់គេចខ្លួនបាត់។ បច្ចុប្បន្ន វត្ថុតាង ទាំងរថយន្តមានផ្ទុកឈើបានប្រគល់ជូនមន្រ្តីដែនជម្រកសត្វព្រៃភ្នំសំកុស ដើម្បីថែរក្សា និងបន្តនីតិវិធី ៕ ដោយ៖បុឹម ពិន