ខេត្តរតនគិរី៖ យុវជនម្នាក់បោកក្បាលនឹងថ្នល់កៅស៊ូស្លាប់ភ្លាមៗនៅនិឹងកន្លែងកើតហេតុគ្រោះចរាចរណ៍ដោយសារតែម៉ូតូបុកគ្នា។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១៖៤០នាទីថ្ងៃទី១១ ខែមិថុនាឆ្នាំ២០២០នៅលើកំណាត់ផ្លូវជាតិលេខ៧៨ត្រង់ចំណុចខាងលិចវត្តភ្នំស្វាយស្ថិតក្នុងភូមិ៧មករា សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
តាមប្រភពថា ជនរងគ្រោះជិះម៉ូតូធំប្រភេទល្បឿនលឿនកម្លាំងម៉ាសុីន១៥០ cc ម៉ាក(អុិចសុិតធ័រ)ពណ៌ខ្មៅ អត់ស្លាកលេខ បើកក្នុងទិសដៅពីកើតទៅលិច ពេលមកដល់ចំណុចកើតហេតុខាងលើក៏ត្រូវបានម៉ូតូហុងដាឌ្រីមសេ១២៥ពណ៌ខ្មៅ ពាក់ស្លាកលេខរតនគិរី១B-៣៨០៦ ជិះកាត់ចំពីមុខបម្រុងឆ្លងកាត់ទៅផ្លូវខាងស្តាំដៃក៏បុកចំពេញទំហឹងតែម្តង។
ប្រភពបន្តទៀតថា ពេលនោះជនរងគ្រោះជិះម៉ូតូធំផ្លោងធ្លាក់ផ្កាប់មុខបោកនឹងថ្នល់កៅស៊ូបែកក្បាលស្លាប់យ៉ាងអាណោចអាធ័មបំផុត។
ជនរងគ្រោះបាត់បង់ជីវិតនោះមានឈ្មោះ សុខ ហ៊ន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ៤ សង្កាត់ កាចាញ ក្រុងបានលុង ខេត្តរតនគិរីមុខរបរយាមបេនឡាននៅមុខផ្សារតាយសេង។អ្នករួមដំណើរម្នាក់ឈ្មោះ អុិន វិរ: ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅជាមួយគ្នា រងរបួសធ្ងន់។
ចំណែកភាគីម្ខាងទៀតជិះម៉ូតូហុងដាឌ្រីមសេ១២៥ ឌុបគ្នាពីរនាក់ប្តីប្រពន្ធឈ្មោះ ឃឹម សុខាន់ ភេទប្រុស អាយុ ៥២ ឆ្នាំជនជាតិខ្មែរ រងរបួសស្រាលឌុបប្រពន្ធឈ្មោះ ឆុន ស្រីនី អាយុ៤៥ឆ្នាំជនជាតិខ្មែរ អ្នកទាំងពីររងរបួសស្រាលមានទីលំនៅភូមិដីឡូត៍ ឃុំជ័យឧត្តម ស្រុកលំផាត់ខេត្តរតនគិរី មានមុខរបរកសិករ។
ក្រោយពេលកើតហេតុអ្នករងរបួសធ្ងន់ស្រាលត្រូវបានកម្លាំងសមត្ថកិច្ចធ្វើកំណត់ហេតុវាស់វែង និងបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត។
ឯសាកសពសមត្ថកិច្ចបានប្រគល់ឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖ ជីវ័ន្ត