រដ្ឋញូវយ៉កអាមេរិក នៅថ្ងៃ ទី១៣ ខែមិថុនាបានប្រកាស ធ្វើកំណែទម្រង់ កម្លាំងប៉ូលិស ក្រោយការស្លាប់ជនជាតិស្បែកខ្មៅ George Floyd បង្កឲ្យមានបាតុកម្មផ្ទុះឡើង ទ្រង់ទ្រាយធំនៅទូទាំងអាមេរិក។
អភិបាលរដ្ឋ ញូវយ៉កលោក Andrew Cuomo បានចុះហត្ថលេខាលើច្បាប់ ស្តីពីកំណែទម្រង់ ។ ច្បាប់ថ្មីនោះមានឈ្មោះថា Eric Garner ដែលជាឈ្មោះជនជាតិស្បែកខ្មៅដែលប៉ូលិស អាមេរិក បាញ់សម្លាប់នៅទីក្រុងញូវយ៉កកាលពីឆ្នាំ២០១៤ ។
ជាមួយគ្នានេះដែរ អង្គការសហប្រជាជាតិបានស្នើដល់អាមេរិកឲ្យកែទម្រង់ស្ថាប័នប៉ូលិសជាបន្ទាន់ ក្នុងពេលដែលបាតុកម្មប្រឆាំងការរើសអើងជាតិសាសន៍នៅអាមេរិកកាន់តែខ្លាំងឡើង។
គណៈកម្មការលុបបំបាត់ការរើសអើងជាតិសាសន៍របស់អង្គការសហប្រជាជាតិ នៅថ្ងៃទី១២ខែមិថុនា បានចេញសេចក្តីប្រកាសថា «គណៈកម្មការលុបបំបាត់ការរើសអើងជាតិសាសន៍របស់ អង្គការសហប្រជាជាតិ បានស្នើរដ្ឋាភិបាលអាមេរិក និងបណ្តារដ្ឋ មានការកែទម្រង់សមស្របនិងជាបន្ទាន់ដើម្បីលុបបំបាត់ ការជះឥទ្ធិពលមិនល្អ ដោយសារតែការរើសអើងជាតិសាសន៍ ដែលបានក្លាយជាទម្លាប់នៅក្នុងជួរកម្លាំងប៉ូលិសអាមេរិក និងប្រព័ន្ធច្បាប់។ អាមេរិកត្រូវតែគិតជនរងគ្រោះពាក់ព័ន្ធ ជាតិសាសន៍» ។
កន្លងមកសារព័ត៌មាន Sputnik បានផ្សាយថា ប្រធានាធិបតីដូណាល់ត្រាំ បានស្នើឲ្យ បណ្តាស្ថាប័នត្រូវតែអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ ក្នុងពេលដែលបាតុកម្ម ប្រឆាំងការរើសអើងជាតិសាសន៍កាន់តែខ្លាំងឡើងនៅអាមេរិក។ លោកត្រាំបញ្ជាក់ថា ត្រូវតែបញ្ឈប់សកម្មភាព រិត.ក សង្កត់.ក ជនរងគ្រោះក្នុងករណី មួយចំនួន។
ជាមួយគ្នានេះដែរ សាលារៀន និងទីតាំងនានា នៅទីក្រុង Minneapolis, Seattle ប្រកាសថានឹងមិនប្រើប្រាស់កម្លាំងប៉ូលិស នោះឡើយ ដោយពួកគាត់មានអារម្មណ៍ថា ការប្រើប្រាស់កម្លាំងប៉ូលិស គឺទទួលរងការគំរាមកំហែងច្រើនជាង ការការពារ៕ដោយ៖ធី រីណា