ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកាមរីមួយគ្រឿងបើកលឿនទៅបុកម៉ូតូបណ្ដាលឲ្យស្លាប់អ្នកបើកម៉ូតូម្នាក់

ចែករំលែក៖

ខេត្តបាត់ដំបង៖ យោងតាមរបាយការណ៍ របស់អធិការដ្ឋាននគរបាលក្រុងបាត់ដំបងបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបណ្តាលឱ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈដែលបុរសរូបនេះកំពុងតែបើកម៉ូតូលើដងផ្លូវ ស្រាប់តែត្រូវរថយន្តកាមរីពណ៌ស្លែមួយគ្រឿងដែលបានបើកបរបញ្ច្រាសទិសដៅរេចង្កូតទៅបុកម៉ូតូពេញទំហឹងបណ្ដាលដួលស្លាប់តែម្តង។ ក្រោយពីកើតហេតុសមត្តកិច្ចនគរបាលចរាចរណ៍បានចុះមកវាស់វែងរួចក៏បានប្រគល់សពជូនក្រុមគ្រួសារ។ សមត្ថកិច្ចជំនាញបានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២៣៖០០នាទីយប់ថ្ងៃទី១៣ ខែមិថុនាឆ្នាំ២០២០នៅចំណុចមុខអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ស្ថិតក្នុងភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុង/ខេត្តបាត់ដំបងបង្កដោយរថយន្តមួយគ្រឿងម៉ាកកាមរី ពណ៌ស្លែ ស៊េរីឆ្នាំ១៩៩៥ បើកបរខ្វះការប្រុងប្រយ័ត្ត (មិនស្គាល់អត្តសញ្ញាណអ្នកបើកបរ)ធ្វើដំណើរបញ្ច្រាសទិសគ្នាហើយបើកក្នុងល្បឿនលឿនក៏ជ្រុលទោបុកម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1B-4518បើកដោយឈ្មោះ សួង ផល្លា ភេទប្រុស អាយុ ៤៥ ឆ្នាំ មុខរបរយោធា អង្គភាពយោធភូមិភាគទី៥ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងខេត្តបាត់ដំបងបណ្តាលឲ្យស្លាប់នៅនឹងកន្លែង ។

បច្ចុប្បន្នរថយន្តនិងម៉ូតូខាងលើត្រូវបានកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកក្រុងដឹកបញ្ជូនទៅស្នងការដ្ឋានខេត្តបាត់ដំបងយកទៅរក្សាទុកបន្តនីតិវិធី ។  ចំណែកសាកសពបុរសរងគ្រោះត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ៖ស សារ៉េត


ចែករំលែក៖