ព័ត៌មានទាន់ហេតុការណ៍៖

ភ្លៀងធ្លាក់ខ្លាំងធ្វើឲ្យយន្តហោះចុះចតខុសផ្លូវនៅអាកាសយានដ្ឋាន តឹងសឺងញុឹក

ចែករំលែក៖

នៅវេលាថ្ងៃត្រង់ ថ្ងៃទី១៤ ខែមិថុនាយន្តហោះដឹកអ្នកដំណើរមួយគ្រឿង មានជើងហោះហើរ VJ322 ហោះចេញពីកោះភូវឹក មកចុះចតនៅអាកាសយានដ្ឋានតឹងសឺងញឹុក ដោយចុះខុសផ្លូវធ្លាក់ចូលវាលស្មៅ ដោយសារតែភ្លៀងនិងខ្យល់ខ្លំាង ។
ហេតុការណ៍ខាងលើកើតឡើងនៅវេលាម៉ោង១២និង១០នាទីថ្ងៃទី១៤ ខែមិថុនា ដោយសារតែអាកាសធាតុអាក្រក់ភ្លៀងធ្លាក់ខ្លាំង។ ជាភព្វសំណាងអ្នកដំណើរនិងអាកាសយានិកមិនមានអ្នករងរបួស នៅក្នុងហេតុការណ៍ខាងលើនោះឡើយ។ ចំណែកអាកាសយានដ្ឋាន នៅដំណើរការជាធម្មតា។ អ្នកដំណើរនិងអាកាសយានិកបានបញ្ជូនចេញពីយន្តហោះដោយសុវត្ថិភាព។
នាយកដ្ឋានអាកាសចរណ៍វៀតណាមលោក ឌិញ វៀត ថាំង បានឲ្យដឹងថា «យើងបានបើកការស្រាវជ្រាវពីមូលហេតុខាងលើដែលកើតឡើង ដើម្បីដោះស្រាយបញ្ចៀសរឿងបែបនេះកើតឡើងនៅនៅពេលខាងមុខទៀត។ ប៉ុន្តែ អាកាសយានដ្ឋាននឹងបិទទ្វារចាប់ពីម៉ោង១៦ ដល់ម៉ោង១៧ ថ្ងៃទី ១៤ ខែមិថុនានេះ»។
កាលពីឆ្នាំ២០០៩ នៅក្នុងអាកាសយានដ្ឋានតឹងសឺងញុឹកក៏មានយន្តហោះចុះចតខុសផ្លូវដោយសាតតែភ្លៀងធ្លាក់ខ្លាំងដែរ ។ ចំណែកនៅអាកាសយានដ្ឋានទីក្រុងហាណូយវិញ ក៏មានហេតុការណ៍បែបនេះកើតឡើងកាលពីឆ្នាំ ២០១៨ផងដែរ៕

ដោយ៖ធី រីណា


ចែករំលែក៖