ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ចុះពិនិត្យស្ពានអាកាសថ្មើរជើងផ្សារដើមគតាមផ្លូវម៉ៅសេទុង ដើម្បីឲ្យប្រជាពលរដ្ឋឆ្លងបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ដ្រីជំនាញពាក់ព័ន្ធ និងមន្រ្តីជំនាញនៃទីចាត់ការរៀបចំក្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញចុះពិនិត្យការស្ថាបនាស្ពានថ្មើរជើងផ្សារដើមគ ដែលមកដល់ពេលនេះស្ថាបនាបាន៩៥ភាគរយហើយ ហើយគ្រោងដាក់ឲ្យប្រើប្រាស់នៅចុងសប្ដាហ៍នេះ។ ស្ពាននេះស្ថិតនៅតាមបណ្ដោយមហាវិថីម៉ៅសេទុង ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទ ១០រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ។

     ក្នុងឱកាសចុះពិនិត្យស្ពាននេះ លោក ឃួង ស្រេង បានបញ្ជាក់ថា ការស្ថាបនាស្ពានអាកាសថ្មើរជើងនេះគឺស្របតាមកំណើនរបស់ប្រជាពលរដ្ឋដែលចេះតែកើនឡើងជាលំដាប់ដោយមកដល់ពេលនេះទាំងប្រជាពលរដ្ឋដែលរស់នៅអចិន្ត្រៃយ៍និងប្រជាពលរដ្ឋដែលរស់នៅអាស្រ័យនឹងការរកស៊ី និងធ្វើការផ្សេងទៀត មានសរុបប្រមាណជាជាង៣លាននាក់។ ទន្ទឹមនឹងកំណើននេះ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការស្ថាបនាស្ពានអាកាសថ្មើរជើងចំនួន២៥ទីតាំងទៀត ដើម្បីសម្រួលការកកស្ទះចរាចរណ៍និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជូនប្រជាពលរដ្ឋ ។ 

   លោក ឃួង ស្រេង បានបញ្ជាក់ថា សម្រាប់ភ្នំពេញរបស់យើងមកដល់ពេលនេះ ទាំងអ្នកស្នាក់អាស្រ័យ ទាំងអ្នកស្នាក់នៅ

អចិន្រ្តៃយ៍មានចំនួនប្រមាណជាងបីលាននាក់ ដែលតម្រូវឲ្យរដ្ឋបាលរាជធានីភ្នំពេញយើងធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទាំងការកសាងផ្លូវ លូ ជាមួយនឹងការកសាងស្ពានអាកាសក្រោមដីលើដីនិងស្ពានអាកាសថ្មើរជើងជាដើម ដើម្បីរំដោះចរាចរណ៍ក្នុងរាជធានីភ្នំពេញ ។ ជាក់ស្ដែងសម្រាប់ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងស្ថាបនាស្ពានអាកាសថ្មើរពីរកន្លែងបន្ថែមទៀត នោះគឺស្ពានអាកាសថ្មើរជើងផ្សារដើមគនិងស្ពានអាកាសថ្មើរជើងនៅស្តុបសន្ធរម៉ុក។

  លោកបញ្ជាក់ទៀតថា ដើម្បីតបទៅតាមតម្រូវការនៃការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់រាជធានី រដ្ឋបាលរាជធានីភ្នំពេញនឹងកសាងស្ពានអាកាសថ្មើរជើងចំនួន២៥ទីតាំងទៀតដើម្បីរំដោះការកកស្ទះនិងកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ជូនប្រជាពលរដ្ឋ ។

    លោកឃួង ស្រេង បានបញ្ជាក់ថា ភ្នំពេញពិតជាមានការអភិវឌ្ឍយ៉ាងលឿន ជាក់ស្ដែងបើតាមការសិក្សារបស់អង្គការចៃកាបានបង្ហាញថា ស្ពានលីយ៉ុងផាត់ឬស្ពានព្រែកព្នៅ នឹងស្ថាបនាឡើងរួចរាល់នៅឆ្នាំ២០២០ ប៉ុន្តែវាមិនដូច្នោះទេ ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ស្ពានលីយ៉ុងផាត់ហៅស្ពានព្រែកព្នៅ ស្ថាបនាបានរួចរាល់តាំងពីឆ្នាំ២០១០មកម៉្លេះ មានន័យថា យើងបានអភិវឌ្ឍលឿនមុន១០ឆ្នាំ។

  បើតាមការបញ្ជាក់ពីក្រុមហ៊ុនSpace media Co,Ltd ថា គិតមកដល់ពេលនេះ ការស្ថាបនាស្ពានអាកាសថ្មើរជើងនៅផ្សារដើមគនេះ បានសម្រេចលទ្ធផលប្រមាណជា៩៥ភាគរយហើយ ពោលគឺនៅសល់តែ ការក្រាលកំរាលថ្មើរជើង ការសម្អាត ការតុបតែង ការតភ្លើង និងការលាបថ្នាំជាដើម ហើយការងារនេះនឹងបញ្ចប់នៅ៣សប្តាហ៍ទៀត។

ចំណែកស្ពានអាកាសថ្មើរជើងនៅត្រង់មុខសាលាបឋមសិក្សាសន្ធរម៉ុកត្រូវសាងសង់នៅលើចំណុចផ្លូវប្រសព្វទាំង៤ទិស គឺ សាងសង់កាត់ទទឹងផ្លូវម៉ៅសេទុង២ខ្សែ និងកាត់ទទឹងផ្លូវកម្ពុជាក្រោម២ខ្សែ ដើម្បីបង្កលក្ខណៈងាយស្រួលដល់សិស្សានុសិស្សបានឆ្លងកាត់ស្ពាននេះ ដោយសុវត្ថិភាពទោះបីពួកគេមកពីទិស ខាងណាក៏ដោយ។

     សូមបញ្ជាក់ថា មកដល់ពេលនេះ រាជធានីភ្នំពេញមានស្ពានអាកាសថ្មើរជើងចំនួន៣កន្លែងហើយ ក្នុងនោះរួមមាន នៅតំបន់ជម្ពូវ័នខណ្ឌពោធិ៍សែនជ័យ មានចំនួន២កន្លែ ង និងនៅតំបន់ភ្លើងស្តុបនាងគង្ហីងមានចំនួន១កន្លែង ហើយបើតាមគម្រោងរដ្ឋបាលរាជធានីភ្នំពេញ នឹងពង្រីកគម្រោងស្ថាបនានេះឲ្យបានច្រើនកន្លែងបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងប្រទេសជាតិមានការអភិវឌ្ឍ និងទីក្រុងមានភាពស៊ីវិល័យ និងបង្កលក្ខណៈងាយ ស្រួលដល់ប្រជាពលរដ្ឋឆ្លងកាត់ផ្លូវប្រកបដោយសុវត្ថិភាព៕ ដោយ៖សំរិត


ចែករំលែក៖