អាមេរិកជាប្រទេសតែមួយគត់ដែលគាំទ្រអុីស្រាអែលដាក់បញ្ចូលតំបន់ហ្ស៊េរុយសាឡឹម និងខ្ពស់រាបហ្គោឡែនដែលអុីស្រាអែលគ្រប់គ្រងក្នុងការធ្វើសង្គ្រាមស្ថិតនៅក្នុងដែនអធិបតេយ្យរបស់អុីស្រាអែល បើទោះបីសហគមន៍អន្តរជាតិមិនទទួលស្គាល់ក្តី។
នៅពេលនេះ រដ្ឋាភិបាលអុីស្រាអែល និងពលរដ្ឋបានសម្រេចបង្កើតសហគមន៍ដោយដាក់ឈ្មោះថាសហគមន៍ត្រាំ នៅតំបន់ហ្គោឡែនជាការដឹងគុណដល់ប្រធានាធិបតីអាមេរិកដែលទទួលស្គាល់ជាកម្មសិទ្ធិរបស់អុីស្រាអែល។
នាយករដ្ឋមន្រ្ដីអុីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានថ្លែងទៅកាន់កិច្ចប្រជុំប្រចាំសប្ដាហ៍ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ថា រដ្ឋាភិបាលកំពុងតែអនុវត្ដជំហានជាក់ស្ដែងស្ដីអំពីការបង្កើតសហគមន៍មួយនៅលើតំបន់ខ្ពស់រាប Golan ដោយដាក់ឈ្មោះប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅលើដែនដីនោះ។
លោកនាយករដ្ឋមន្រ្ដី បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លៃងការណ៍មួយចេញផ្សាយដោយការិយាល័យរបស់លោកថា« ថ្ងៃនេះ យើងនឹងអនុវត្ដជំហានជាក់ស្ដែងចំពោះការបង្កើតសហគមន៍ Ramat-Trump នៅលើតំបន់ខ្ពស់រាប Golan »។
សូមជម្រាបថា តំបន់ខ្ពង់រាប Golan នោះ ជាដែនដីរបស់ប្រទេសស៊ីរី ចាប់ពីឆ្នាំ១៩៤៤មក ប៉ុន្ដែបន្ទាប់ពីមានសង្រ្គាមរយ:ពេល៦ថ្ងៃ នៅក្នុងអំឡុងឆ្នាំ១៩៦៧ តំបន់នោះបានធ្លាក់នៅក្រោមការកាន់កាប់របស់អុីស្រាអែល។ លុះមកដល់ឆ្នាំ១៩៨១ សភារបស់អុីស្រាអែល បានអនុម័តច្បាប់ជាឯកតោភាគី ស្ដីអំពីតំបន់ខ្ពស់រាប Golan ដោយអុីស្រាអែលបានចាត់ទុកជាដែនអធិបតេយ្យភាពរបស់ខ្លួន ៕ដោយ៖ធី រីណា