ព័ត៌មានទាន់ហេតុការណ៍៖

បុរសវ័យចំណាស់ម្នាក់ស្តារពាងទឹកដោយប្រើម៉ូទ័របូម ឆ្លងចរន្តអគ្គិសនីឆក់ស្លាប់

ចែករំលែក៖

     ខេត្តបន្ទាយមានជ័យ៖ បុរសវ័យចំណាស់ម្នាក់បានយកម៉ូទ័រទៅស្ដារពាងទឹកហើយក៏បានឆ្លងចរន្តអគ្គិសនីធ្វើឱ្យរងរបួសយ៉ាងធ្ងន់ត្រូវក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្រ្គោះបន្ទាន់ ប៉ុន្តែគាត់បានស្លាប់នៅវេលាម៉ោង៦ល្ងាចថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០។ ហេតុការណ៍ដ៏រន្ធត់នេះកើតឡើងនៅក្នុងភូមិកោះស្នួល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ 

 លោកបេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ជិន ម៉ៅ ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិកោះស្នួល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ 

 លោកអធិការបានបន្តថា តាមការរៀបរាប់ពីស្ត្រីជាប្រពន្ធឈ្មោះ យូ សុភាព អាយុ៦០ឆ្នាំបានឲ្យដឹងថា នៅមុនពេលកើតហេតុ មេឃកំពុងធ្លាក់ភ្លៀង ប្តីរបស់គាត់បានទៅស្តារទឹកចាស់ក្នុងពាងនៅខាងក្រៅផ្ទះចំនួន៥ពាង ដោយប្រើម៉ូទ័របូមទឹកពីក្នុងពាងចេញ ។នៅពេលគាត់ស្តារពាងទឹកអស់មួយពាងមកក៏បន្តទៅពាងទី២ដោយដៃកាន់ទុយោបូម តែមិនដឹងជាយ៉ាងម៉េចទេស្រាប់តែឆ្លងចរន្តអគ្គិសនីឆក់ប្តីគាត់តែម្តង ហើយរូបគាត់ក៏បាននាំទៅសង្រ្គោះនៅមន្ទីរពេទ្យដែរ តែជាអកុសលប្តីរបស់គាត់បានដាច់ខ្យល់ស្លាប់នៅមន្ទីរពេទ្យ។ 

 លោកអធិការបញ្ជាក់បន្ថែមថា ក្រោយពីទទួលបានព័ត៌មាននេះលោកបានចាត់កម្លាំងជំនាញចុះទៅពិនិត្យឃើញមានស្លាកស្នាមខ្សែភ្លើងឆក់ចំនួន២កន្លែង មួយកន្លែងរបកស្បែកនៅលើដើមទ្រូងនិងមួយកន្លែងទៀតនៅលើប្រអប់ដៃខាងឆ្វេង។ ដូច្នេះជំនាញសន្និដ្ឋានថា ជនរងគ្រោះគឺពិតជាស្លាប់ដោយសារខ្សែភ្លើងឆក់ពិតប្រាកដមែន ។ក្រោយពីពិនិត្យរួចសពត្រូវបានប្រគល់ជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ៕ ដោយ៖វណ្ណា


ចែករំលែក៖