ព័ត៌មានទាន់ហេតុការណ៍៖

អាក្តាម២គ្រឿងខាំគ្នានៅត្រង់ចំណុចផ្លូវបំបែកជាបួនរួចប្រឹងស្ទុះឡេីងសួនច្បារកល់ជាប់ទៅមុខលែងរួច

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្តកូរ៉ូឡាមួយគ្រឿងបេីកបរក្នុងបំណងឆ្លងផ្លូវត្រូវរថយន្តព្រូសបេីកបុកពីចំហៀងរុញឡេីងលើសួនច្បារចែកទ្រូងផ្លូវទាំងអស់គ្នាកល់ជាប់ទៅមុខលែងរួចបណ្តាលឲ្យបុរសម្នាក់រងរបួស។ 

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១និង៥០នាទីរំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី១៦​ ខែមិថុនា​ ឆ្នាំ២០២០​ នៅចំណុចផ្លូវលេខ១០៥​ កែងផ្លូវលេខ២១៤​ ស្ថិតក្នុងសង្កាត់បឹងព្រលិត​ ខណ្ឌ៧មករា​ រាជធានី​ភ្នំពេញ​។ 

តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកកូរ៉ូឡា ពណ៌ប្រផេះ​ ពាក់ស្លាកលេខភ្នំពេញ2W-2884 បេីកបរដោយបុរសម្នាក់រួមដំណើរជាមួយនឺងបុរសម្នាក់ទៀតតាមបណ្តោយផ្លូវលេខ១០៥​ ក្នុងទិសដៅពីត្បូងទៅជេីង ខណៈមកដល់ចំណុចកេីតហេតុដែលជាផ្លូវបំបែកជាបួនស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកព្រូស​ ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខភ្នំពេញ2BF-1550 បើកតាមបណ្តោយផ្លូវលេខ២១៤​ ក្នុងទិសដៅពីលិចទៅកេីត​ ក៏ជ្រុលទៅបុកពីចំហៀងខាងឆ្វេងនៃរថយន្តកូរ៉ូឡាពេញទំហឹងរុញឡេីងសួនច្បារពុះចែកទ្រូងផ្លូវកល់ជាប់ទៅមុខលែងរួច និងបណ្តាលឲ្យភាគីខាងរថយន្តកូរ៉ូឡារងរបួសផងដែរ។ 

ក្រោយកេីតហេតុភាគីខាងម្ចាស់រថយន្តព្រូសបានចុះពីរថយន្តគេចខ្លួនបាត់ស្រមោល។ ដោយឡែកភាគីខាងរថយន្តកូរ៉ូឡាត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យផងដែរ​។ ចំណែករថយន្តទាំង២គ្រឿងត្រូវបានសមត្ថកិច្ចជំនាញធ្វេីការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករារង់ចាំដោះស្រាយតាមច្បាប់៕ដោយ​ ៖សុខាសែនជ័យ​


ចែករំលែក៖