ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់បេីករថយន្តស៊េរីទំនើបពន្លះក្បាលថ្មពុះចែកទ្រូងផ្លូវក្រឡាប់រថយន្តអូសជាង៥០ម៉ែត្រ

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់បើករថយន្តស៊េរីទំនើបម៉ាក Range Rover មួយគ្រឿងបោះពួយយ៉ាងលឿនដូចហោះជ្រុលទៅបុកក្បាលថ្មពុះចែកទ្រូងផ្លូវបាក់អស់១កង់តែរថយន្តមិនទាន់អស់ល្បឿនក៏បោកក្រឡាប់អូសទៅមុខប្រមាណជាង ៥០ម៉ែត្រខ្ទេចផ្នែកខាងមុខនិងដាច់កង់ម្ខាងខ្ទាតចេញក្រៅទៅមុខលែងរួច តែ សំណាងល្អដែរដែលម្ចាស់រថយន្តរងរបួសស្រាល។ 

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រ​ ឈានចូលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នៅចំណុចមុខរដ្ឋបាលជលផល តាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញនារីម្នាក់បើករថយន្តស៊េរីទំនើបម៉ាក Range Rover មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2BJ-4545ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងបោះពួយយ៉ាងលឿនដូចហោះ លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុកក្បាលថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យបាក់បែកអស់១កង់ ចំណែករថយន្តបង្កក្រឡាប់អូសទៅមុខប្រមាណជាង ៥០ ម៉ែត្រខ្ទេចផ្នែកខាងមុខស្ទើរទាំងស្រុងនិងដាច់កង់ឆ្វេងម្ខាងខ្ទាតចេញក្រៅទៅមុខលែងរួច។ភ្លាមៗនោះគេឃើញអ្នកបើកបររថយន្តបានលូនចេញមកក្រៅរួចហើយបានឡើងជិះរថយន្តមួយគ្រឿងទៀតចេញពីកន្លែងកើតហេតុបាត់ស្រមោលទៅ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កហេតុទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយទៅតាមផ្លូវច្បាប់៕ដោយ​ ៖សុខាសែនជ័យ​


ចែករំលែក៖