ក្លឹបនៅលីគកំពូលរបស់ប្រេស៊ីល Sao Paulo បានច្រានចោលលទ្ធភាពនៃការចុះហត្ថលេខាលើខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរ៉ាហ្គាយ Edinson Cavaniដោយនិយាយថា ពួកគេខ្វះខាតហិរញ្ញវត្ថុដើម្បីប្រកួតប្រជែងជាមួយគូប្រជែងនៅតំបន់អឺរ៉ុប ។
កិច្ចសន្យារបស់ Cavani ជាមួយក្លឹបជើងឯកបារាំង Paris Saint-Germainនឹងផុតកំណត់នៅចុងខែមិថុនានេះហើយក្លឹបយក្សបារាំងមួយនេះបានបញ្ជាក់ថា នឹងមិនផ្តល់ជូនគាត់នូវកិច្ចសន្យាថ្មីទៀតនោះទេ ។
កាលពីខែមេសា ក្លឹប Sao Paulo បាននិយាយថា ពួកគេអាចធ្វើការដេញថ្លៃជាផ្លូវការដើម្បីចុះហត្ថលេខាលើកីឡាករវ័យ៣៣ឆ្នាំរូបនេះដែលមានទំនាក់ទំនងជាមួយគូប្រជែងក្លឹបនៅប្រេស៊ីលរបស់ពួកគេដែរគឺក្លឹប Flamengo, Palmeiras និងក្លឹប Internacional ។ ប៉ុន្តែប្រធានក្លឹប Sao Paulo លោក Diego Lugano បាននិយាយថា តម្លៃខ្លួនអតីតមិត្តរួមក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយរបស់គាត់គឺហួសពីចំណូលសេដ្ឋកិច្ចរបស់ក្លឹប។
លោក Lugano បានប្រាប់សារព័ត៌មាន SportTV របស់ប្រទេសប្រេស៊ីលថា “ទោះបីក្លឹបអាមេរិកខាងត្បូងជាច្រើនប្រមូលប្រាក់ជាមួយគ្នាក៏ដោយយើងនៅតែមិនអាចយកគាត់បាន វាមិនអាចទៅរួចទេ” ។
ដូចគ្នានេះដែរបញ្ហាហិរញ្ញវត្ថុបានរារាំង Sao Paulo មិនឱ្យចរចាជាមួយខ្សែការពារកណ្តាលជើងចាស់ Thiago Silva ដែលត្រូវបានគេប្រាប់ផងដែរថា កិច្ចព្រមព្រៀង PSG របស់គាត់នឹងមិនត្រូវបានពន្យារពេលនៅឆ្នាំនេះទេ។
Lugano ដែលជាមិត្តរួមក្រុមរបស់ Silva នៅ PSG កាលពីឆ្នាំ២០១២ និងឆ្នាំ២០១៣ បាននិយាយថា “យើងបានដឹងអំពី Cavani Thiago Silva ផងដែរដែលជាបាតុភូតមួយដែលជាខ្សែការពារល្អបំផុតដែលខ្ញុំបានលេង។ប៉ុន្តែជាក់ស្តែងដូចដែលអ្នកបានដឹងទាំង Cavani និង Thiago មានតម្លៃខ្ពស់ហើយនៅតែមានតម្រូវការនៅអឺរ៉ុប។ វាក៏មានស្ថានភាពលំបាកជាមួយនឹងជំងឺរាតត្បាតកូវីដ-១៩នៅតំបន់អាមេរិកខាងត្បូងផងដែរ” ៕