ព័ត៌មានទាន់ហេតុការណ៍៖

សុខ លីន ប៉ះវ៉ាន ដាណេលើកដំបូង ក្នុងបទ “ផ្ញើចិត្តភក្តី”

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងស្រីស្រស់សោភាកញ្ញា សុខ លីន និងតារាចម្រៀងស្រស់សង្ហាលោក វ៉ាន ដាណេ បានសម្តែងរួមគ្នាលើកដំបូងក្នុងស្នាដៃបទចម្រៀង” ផ្ញើចិត្តភក្តី” របស់ផលិតកម្ម Jack Khun Media ។ ជំនួបនេះនឹងធ្វើឲ្យសិល្បករថ្មីថ្មោងទាំងពីរមុជកាន់តែជ្រៅក្នុងការងារសិល្បៈ។

​លោក វ៉ានដាណេ ត្រូវបានគេចាប់ផ្តើមស្គាល់លោកច្រើនក្រោយពីចូលរួមប្រកួតក្នុងកម្មវិធី X Factor Cambodia និងក្រោយពីលោកបានបង្ហាញវត្តមានលើកម្មវិធីច្រៀងរាំលើកញ្ចក់ទូរទស្សន៍នានាជាច្រើនបន្តបន្ទាប់។ ខណៈតារាសម្តែង សុខ លីន ត្រូវបានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក នឹងTik Tok បានស្គាល់ច្រើនដែលនាងបានវិវត្តន៍ក្លាយជាតារាសម្តែងបានយ៉ាងមានទេពកោសល្យ។ អ្នកទាំងពីរបានចាប់ដៃគូសម្តែងក្នុងបទចម្រៀងស្នាដៃមរតកដើម “ផ្ញើចិត្តភក្ដី” ដែលជាសំនៀងដើមរបស់លោក ពៅ ហ៊ុន និងត្រូវលើកយកមកច្រៀងឡើងវិញដោយ លោក វ៉ាន ដាណេ។ លោក វ៉ាន ដាណេ បញ្ជាក់ថា លោកពិតជាសប្បាយចិត្តដែលបានបញ្ចេញស្នាដៃបទចម្រៀង នេះដែលមានទាំងការសម្តែងរួមជាមួយកញ្ញា សុខ លីន។ លោកថាបើទោះបីជាលើកដំបូងនៃជំនួប ប៉ុន្តែការសម្តែងហាក់ស៊ីចង្វាក់គ្នាបានល្អ ខណៈតារាស្រីក៏មានអត្តចរិករួសរាយរាក់ទាក់យកចិត្តទុកដាក់នឹងការរួមគ្នាមួយនេះ។ លោកថានៅមានស្នាដៃបទចម្រៀងថ្មីមួយចំនួនទៀតដែលលោកនឹងបញ្ចេញក្នុងផលិតកម្ម Jack Khun Media ដែលរំពឹងថានឹងទទួលបានការពេញចិត្តច្រើនពីទស្សនិកជន៕

ដោយ៖វឌ្ឍនា


ចែករំលែក៖