ព័ត៌មានទាន់ហេតុការណ៍៖

ឈ្មួញនាំចូល មាន់ខុសច្បាប់ពីថៃ តាម ច្រករបៀង នៅខេត្តបន្ទាយមានជ័យ ដូចទឹកបាក់ទំនប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ទាក់ទិនលំហូរចូលនូវ សត្វមាន់ខុសច្បាប់ តាមច្រករបៀង នៃបន្ទាត់ព្រំដែនខេត្តបន្ទាយមានជ័យ កម្ពុជា-ថៃ បានក្លាយជាវប្បធម៍ «កន្ទេលធំបន្លំដេក» ឬ«មន្ត្រីគ្រាប់ល្ពៅ»…បើជំនាញបង្ក្រាបចាប់ អាចធ្វើឡើងដោយអន្លើៗ ខណៈមិនត្រូវដងត្រូវផ្លែគ្នា ឬមានបញ្ជាថ្នាក់លើ ,មានប្រភពនៃការផ្សព្វផ្សាយចំៗគោលដៅពេកនោះជាដើម។
ជាទម្លាប់ ករណីឈ្មួញនាំចូលសត្វមាន់ តាមច្រករបៀងជាច្រើននៅខេត្តបន្ទាយមានជ័យ គេតែងទទួលស្គាល់ថា ជារៀងរាល់ថ្ងៃមន្ត្រីជំនាញឆ្លើយថា «កិច្ចការហ្នឹងដូចវែកចក» តាមរយៈហេតុផលថា «មន្ត្រីមានតិច ទំហំផ្ទៃដីធំ ចាប់កន្លែងនេះ គេទៅលួចចេញកន្លែងនោះ»។
បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា៖ ជា រៀងរាល់ថ្ងៃចាប់ពីម៉ោង៨យប់ រហូតដល់ម៉ោង២ទាបភ្លឺ មានក្រុមឈ្មួញលួចនាំចូល មាន់ ដោយខុសច្បាប់ ពីប្រទេសថៃតាមច្រករបៀង ជាច្រើន ក្នុងខេត្តបន្ទាយមានជ័យ ដោយគ្មានមន្ត្រីជំនាញបសុពេទ្យត្រួតពិនិត្យសុខភាព ចំពោះសត្វ ទាំងអស់នេះឡើយ។ កត្តាទាំងនេះមិនត្រឹមតែ ប្រជាពលរដ្ឋចិញ្ចឹមក្នុងស្រុកដើរមិនទាន់ទីផ្សារក្រុមឈ្មួញទុច្ចរិតប៉ុណ្ណោះទេ ការនាំចូលបែបនេះ ប្រឈម ហានីភ័យ ប៉ះពាល់សុខភាពពលរដ្ឋ ខណៈការពិនិត្យសុខភាព មិនបានបំពេញ មិនបង្ក្រាបនោះ។
គេសង្កេតឃើញឈ្មួញលួចនាំចូលមាន់ ខុសច្បាប់ពីថៃ តាមច្រករបៀង ដែលនៅសងខាង នៃច្រក ១-តំបន់បឹងត្រកួន ,២-ច្រកម៉ាឡៃ និង៣-ច្រកអន្ដរជាតិ ប៉ោយប៉ែត ស្ថិតតាមបណ្ដោយព្រំដែន ស្រុកម៉ាឡៃ ក្រុងប៉ោយប៉ែត , អូរជ្រៅ និងថ្មពួក។
ប្រភពដែល អាចទុកចិត្តបានទម្លាយថា ៖ ការនាំចូលសត្វមាន់ ដ៏គគ្រឹកគគ្រែងនេះ គឺឈ្មួញបានឃុបឃិតគ្នា ជាមួយមន្ត្រី ជំនាញ និងស្ថាប័នសមត្ថកិច្ចពាក់ព័ន្ធ ហើយ គេមិនដែលឃើញមន្ត្រី ជំនាញ ទាំងអស់ នោះចុះមកត្រួតពិនិត្យ សុខភាពដល់សត្វ ទាំងអស់នេះម្តងណានោះឡើយ។
សូមរម្លឹកថា៖ ពាក់ព័ន្ធការនាំចូលមាន់រស់ពីប្រទេសថៃនេះផងដែរ កន្លងមកអាជ្ញាធរ ខេត្តបន្ទាយមានជ័យ ធ្លាប់ជូនដំណឹងមិនឲ្យ មានការនាំចូលនោះទេ តែសកម្មភាព នាំចូលរបស់ ក្រុមឈ្មួញ ឫមន្ត្រីជំនាញ មិន បានអនុវត្ដតាម បើធ្វើក៏ដោយសារទើសភ្នែកថ្នាក់លើពេកតែប៉ុណ្ណោះ។
ប្រជាពលរដ្ឋសង្កេតឃើញថា មាន់រស់ និង សត្វពាហនៈផ្សេងទៀត នាំចូលពីប្រទេស ថៃ តាមច្រករបៀង និងតាមច្រកតំបន់ ហូរហែ ជារៀងរាល់យប់-ថ្ងៃ ជាពិសេស ត្រង់ចំណុចភូមិជោគជ័យ រហូតដល់ បឹង ត្រកួនជាដើម។
ប្រភពព័ត៌មានច្បាស់ការណ៍បានបង្ហើបមក ថា៖ លោក ហ៊ុយ ទូច ប្រធានការិយាបសុពេទ្យ ខេត្តបន្ទាយមានជ័យ មានជំនាញ គ្រប់គ្រងទៅលើការនាំចូលសត្វបក្សី ឫក៏សត្វពាហនៈដ៏ទៃទៀត ពីប្រទេសថៃ ក្នុង ការត្រួតពិនិត្យសុខភាព ខណៈគាត់កាន់តំណែងនេះដ៏ចាស់វស្សាច្រើនឆ្នាំ បង្ក្រាបចាប់ក៏ជំនាញ ស្ថិតិឈ្មួញល្មើសច្បាប់ក៏ស្ថិតក្នុងបាតដៃគាត់ក្តោបទុកជាមុខសញ្ញា ,ទិដ្ឋភាពច្បាប់ក៏ជំនាញ …! ប៉ុន្តែការនាំចូលកន្លងមកនេះពុំដែលមានការ ត្រួតពិនិត្យនោះទេ ធ្វើឲ្យមតិមហាជនដាក់ការសង្ស័យថា លោកអាចទទួលបានផលប្រយោជន៍ពីក្រុមឈ្មួញ។
ប្រភពខ្លះបានឲ្យដឹងទៀតថា៖ ឈ្មួញនាំចូល មាន់រស់ តាមច្រកតំបន់ និងច្រករបៀង ជាច្រើនកន្លែង ក្នុងខេត្តបន្ទាយមានជ័យ ត្រូវ បង់លុយក្នុង១ឡានតូចចាប់ពី១០០ ០០០ រៀល ទៅ២០០ ០០០ រៀល តាមប្រភេទនៃឡាន គឺអាចដឹកជញ្ជូនទំនិញទាំងនោះ ទៅដល់ គោលដៅយ៉ាងសុខស្រួល ។
ពាក់ព័ន្ធព័ត៌មានខាងលើនេះ លោក ហ៊ុយ ទូច ប្រធានការិយាល័យ បសុពេទ្យខេត្តបន្ទាយមានជ័យ បានឲ្យអ្នកសារព័ត៌មានដឹង កន្លងទៅថា៖ មន្ដ្រីរបស់លោក កំពុងតែធ្វើ ការងារហ្នឹងហើយ ។ ក្នុងនោះក៏បានលើកឡើងថា៖ បណ្ដាញយើងទើបចាប់បានការនាំចូលមាន់ តាមច្រកម៉ាឡៃ អញ្ចឹង ទើបឈ្មួញរត់មកច្រក ខាងបឹងត្រកួនវិញ «ដូចក្ដាមចាប់ដាក់ ចង្អេរ» ហើយត្រូវ យល់មន្ដ្រីពេទ្យសត្វមានប៉ុន្មាននាក់ ? ចំណែកព្រំដែនមាន ប្រវែង ១៥៣.៦ គីឡូម៉ែត្រ ។ ចំណែកកិច្ចការ លាភសក្ការៈ ពីឈ្មួញ មន្ត្រីរបស់លោក គ្មានជាប់ពាក់ព័ន្ធ ដូច ការលើកឡើង ដាក់បន្ទុកសម្រាប់ រួចខ្លួន នោះឡើយ ។
លោកហ៊ុយ ទូច បាន អះអាងទៀតថា៖ តាម បណ្ដោយព្រំដែន ពិតជាមានការ នាំចូលមាន់ខុសច្បាប់ ហើយមាន ក្រុមហ៊ុនខ្លះ «កន្ទេលធំ បន្លំដេក » លោក អភិបាលខេត្ត បន្ទាយមានជ័យ ក៏បានជូន ដំណឹងដល់ច្រក ក៏ដូច អ្នកពាក់ព័ន្ធទាំងអស់ឲ្យ មានការទប់ស្កាត់រឿងហ្នឹង តាមអនុសាសន៍ របស់ប្រមុខរាជរដ្ឋាភិបាល ។
លោកបន្ដថា៖ កិច្ចការទាំងអស់ហ្នឹង «ដូច វែកចក អញ្ចឹង» ពីព្រោះច្រករបៀង ខេត្តបន្ទាយមានជ័យ មានច្រើនណាស់ បេសកម្មរបស់មន្ត្រី ពេទ្យសត្វត្រូវធ្វើមានអ្វីខ្លះ បើសិនអត់មានការចូលរួមទាំងអស់គ្នា ធ្វើការ ទប់ស្កាត់ចាប់យ៉ាងមិចក៏វាមិនអស់ដែរ ។

ដោយឡែកប្រជាពលរដ្ឋក្នុង ក្រុងប៉ោយប៉ែត មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះ បញ្ហាសុខភាព របស់ពួកគាត់ ហើយ ចុងបញ្ចប់ ពួកគាត់បានទទូចសុំដល់ថ្នាក់ដឹកនាំ និងក្រសួង ស្ថាប័ន មន្ត្រី ជំនាញ មេត្តាជួយ ចាត់វិធានការទប់ស្កាត់ នូវ បទល្មើសទាំង អស់នេះផង ដើម្បី ជួយសង្គ្រោះ ដល់ អាយុជីវិត របស់ពួកគាត់ សម្រាប់ទៅថ្ងៃ អនាគត ខណៈលំហូរចូលមាន់រស់ ទាំងឡានៗ គេមើលមិនឃើញ ជំនាញមិនពិនិត្យសុខភាពសត្វនោះ។
សត្វមាន់រស់ នាំចូលយ៉ាងគំហុគនេះ ភាគច្រើនយកមកចែកចាយនៅខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប កំពង់ធំ ព្រះវិហារ និងមួយចំនួនធំទៀតឆ្ពោះមកកាន់ រាជធានីភ្នំពេញ៕

ដោយ៖សុខ ខេមរា


ចែករំលែក៖