ព័ត៌មានទាន់ហេតុការណ៍៖

នៅដែនជម្រកសត្វព្រៃព្រះរកា មន្ត្រីឧទ្យានុរក្ស ប្រឈមកើតមាន បទល្មើសធនធានធម្មជាតិ

ចែករំលែក៖

ខេត្តព្រះវិហារ៖ ព្រៃព្រះរកា ព្រៃគូលេន-ព្រហ្មទេព ព្រៃឡង់ នៅតែប្រឈមការ កាប់បំផ្លាញព្រៃឈើ បរបាញ់សត្វព្រៃ ទោះជាមានសមត្ថកិច្ច ជំនាញ សហគមន៍យ៉ាងណាក៏ដោយ ក៏មានជនទុច្ចរិតមួយចំនួនតែង កេណ្ឌពលរដ្ឋអោយចូលអារឈើ ។
ជាក់ស្តែងខាងមន្ទីរបរិស្ថានខេត្ដព្រះវិហារនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ នៅដែនជម្រកសត្វព្រៃព្រះរកា មន្ត្រីឧទ្យានុរក្សបានចុះល្បាតទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងនោះ មន្ត្រីឧទ្យានុរក្សស្នាក់ការអូរកក់ និងស្នាក់ការដំរីបូត បានចុះល្បាតរហូតដល់ចំណុចអូរទឹកខ្មៅ និងចំណុចអូរពោធិ៍ ឃាត់ចាប់គោយន្ត ០១គ្រឿង យកមករក្សាទុកនៅស្នាក់ការដំរីបូត និងមន្ត្រីឧទ្យានុរក្សស្នាក់ការចល័ត៩១ ក៏បានចុះល្បាតផងដែរ រហូតដល់ចំណុចអូររំសែ។

ចំពោះករណីនៅដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព មន្ត្រីឧទ្យានុរក្សស្នាក់ការតាកឹង សហការជាមួយកម្លាំងសហគមន៍ត្មាតប៉ើយធឿនក្រសាំង បានចុះល្បាតដល់ចំណុចដូងអិនលើ មន្ត្រីឧទ្យានុរក្សស្នាក់ការអន្ទឹល បានចុះល្បាតនៅចំណុចព្រៃអូរកូនដំរី ប្រទះឃើញអាវុធកែច្នៃចំនួន០១ដើមលាក់ទុកក្នុងព្រៃ ខណៈដែលមន្ត្រីឧទ្យានុរក្សប្រចាំតំបន់ការពារទេសភាពព្រះវិហារ សហការជាមួយនាយកដ្ឋានបរិស្ថានព្រៃឈើ និងអាជ្ញាធរជាតិប្រាសាទព្រះវិហារ បានចុះល្បាតនៅចំណុចជណ្តើរបុរាណ។
ចំណែកឯនៅដែនជម្រកសត្វព្រៃ “ព្រៃឡង់” មន្ត្រីឧទ្យានុរក្ស បានចុះល្បាតដល់ចំណុចព្រៃស្រីតុប ដកហូតរណាយន្ត ០២គ្រឿង និងអន្ទាក់សត្វ ២០ខ្សែ និងមងសម្រាប់ដាក់ចាប់សត្វ ០១ត្បូង យកមករក្សាទុកនៅស្នាក់ការភ្ញាក់រលឹក។
ដោយឡែក នៅតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង ចន្លោះថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្ស សហការជាមួយកម្លាំងសហគមន៍តំបន់ការពារធម្មជាតិតាំងយូរ បានចុះល្បាតនៅតាមគោលដៅប្រចាំការ ដកហូតរណាយន្ត ២គ្រឿង អាវុធកែច្នៃ ១ដើម សារអន្ទាក់ ១៥ខ្សែ និងបំផ្លាញទ្រុងដាក់សត្វស្វា ២កន្លែង ផងដែរ៕ដោយ៖សិលា


ចែករំលែក៖