រុស្សុី៖ ពិធីដង្ហែរក្បួន ព្យុហយាត្រា អបអរទិវាជ័យជម្នះ៧៥ឆ្នាំលើរបបហ្វាស៊ីត ។ ប៉ុន្តែការឆ្លងរាលដាលកូវីដ-១៩ក្នុងប្រទេសរុស្ស៊ី នៅតែបន្តកើនឡើង ទើបស្នើដល់ពលរដ្ឋនៅក្នុងផ្ទះតាមដានពិធីដង្ហែរក្បួន តាមកញ្ចក់ទូរទស្សន៍វិញ ។
ពាក់ព័ន្ធនឹងការឆ្លងរាលដាលនៃកូវីដ-១៩ តាមគេហទំព័រ Worldometer បានផ្សាយថា គិតត្រឹមព្រឹក ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ប្រទេសរុស្ស៊ី មានអ្នកឆ្លងកូវីដ-១៩ សរុប ៥៣៧ ២១០នាក់ ស្លាប់ ៧ ០៩១នាក់ និងជាសះស្បើយ ២៨៤ ៥៣៩នាក់។
អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov កាលពីថ្ងៃទី១៥ ខែមិថុនាបានស្នើ ប្រជាជនរស់នៅរដ្ឋធានីមូស្គូ នឹងអាចរីករាយជាមួយនឹងកម្មវិធីបញ្ចាំងយ៉ាងពិសេសពីព្យុហយាត្រាទិវាជ័យជម្នះទីលានក្រហមនា ទីក្រុងមូស្គូ តាមកញ្ចក់ទូរទស្សន៍។
ក្រុមជំនាញនឹងផ្សាយពីពិធីនេះយ៉ាងទូលំទូលាយ តាមបច្ចេកទេសដ៏ទំនើបបំផុតរបស់រុស្ស៊ី។
ជាមួយគ្នានេះដែរ លោក Sergei Sobyanin អភិបាលក្រុងមូស្គូ បានជំរុញឲ្យអ្នករស់នៅក្នុងទីក្រុងនេះ ត្រូវតែស្នាក់នៅតាមផ្ទះរបស់ខ្លួន ហើយទស្សនាពីក្បួនព្យុហយាត្រារបស់កងទ័ព តាមកញ្ចក់ទូរទស្សន៍។ ការលើកឡើងរបស់លោកអភិបាលក្រុងបែបនេះដើម្បីជាវិធានការមួយ សម្រាប់ការទប់ស្កាត់នូវការរាតត្បាត នៃកូវីដ-១៩ផងដែរ។
លោក Peskov បានគូសបញ្ជាក់ថា វិមានក្រឹមឡាំងបានយល់យ៉ាងច្បាស់ អំពីការសម្រេចចិត្តនេះ ព្រោះតំបន់ជាច្រើនរបស់ប្រទេសរុស្ស៊ី មានការរឹតបន្ដឹង អំពីការចូលរួមខួបលើកទី៧៥ នៃទិវាជ័យជម្នះរបស់សហភាពសូវៀត លើរបបណាហ្ស៊ី (Nazi) អាល្លឺម៉ង់ ។
សូមជម្រាបថា ទិវាជ័យជម្នះរបស់សហភាពសូវៀត លើរបបណាហ្ស៊ីនេះ តែងតែប្រារព្ធឡើង នៅថ្ងៃទី៩ ខែឧសភា ជារៀងរាល់ឆ្នាំ។ ប៉ុន្ដែដោយសារការរាតត្បាត នៃកូវីដ-១៩ ទើបប្រធានាធិបតីរុស្ស៊ី បានលើកពេលមកធ្វើ នៅថ្ងៃទី២៤ ខែមិថុនា វិញ។ នៅក្នុងពិធីនោះ រុស្ស៊ីបានត្រៀមកម្លាំងទ័ព កងរថក្រោះ រថយន្ដពាសដែក និងគ្រឿងចម្បាំងដ៏ទំនើប និងថ្មីបំផុត នាំ មកបង្ហាញផងដែរ៕ដោយ៖ធី រីណា