ភាពកក់ក្តៅល្អូកល្អើនរបស់បងប្អូនកូរ៉េទាំងពីរ បានតែមួយរយៈខ្លីប៉ុណ្ណោះ ក៏ប្រឈមមុខតានតឹងឡើងវិញ ។ ទាំងនោះជាអ្វីដែលពលរដ្ឋប្រទេសទាំងពីរមិនចង់បានទល់តែសោះ ដោយសារតែប្រទេសទាំងពីរ គឺជាជាតិសាសន៍តែមួយ។
នៅថ្ងៃទី១៧ ខែមិថុនាកូរ៉េខាងជើង ប្រកាសថានឹងបញ្ជូនកងទ័ពទៅគ្រប់គ្រងទីតាំងកិច្ចសហប្រតិបត្តិការអន្តរកូរ៉េ ដែលបានបិទនោះ នឹងដំឡើងប៉ុស្តិ៍យាមរបស់កម្លាំងយោធា និងធ្វើសមយុទ្ធកងទ័ពឡើងវិញ នៅតំបន់ព្រំដែនជួរមុខ ព្រមទាំងលុបចោលកិច្ចព្រមព្រៀងបង្រួបបង្រួមជាមួយកូរ៉េខាងត្បូង ដែលទើបតែមានរយៈពេលពីរឆ្នាំមុននេះ។
ការប្រកាសនេះបានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីប្រទេសកូរ៉េខាងជើងបានបំផ្លាញការិយាល័យទំនាក់ទំនងអន្តរកូរ៉េ ដើម្បីបញ្ចេញកំហឹងដាក់សម្ពាធទៅលើទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល ចំពេលកិច្ចចរចានុយក្លេអ៊ែរកំពុងជាប់គាំង ។ ការកម្ទេចទីតាំងកិច្ចសហប្រតិបត្តិការអន្តរកូរ៉េនោះ គឺជាសកម្មភាពបង្កហេតុថ្មីបំផុតពីសំណាក់កូរ៉េខាងជើង ចាប់តាំងពីប្រទេសនេះចូលខ្លួន ក្នុងកិច្ចចរចានុយក្លេអ៊ែរ ក្នុងឆ្នាំ២០១៨ ។
អគ្គនាយសេនាធិការកងទ័ពកូរ៉េខាងជើងប្រកាសថា អង្គភាពយោធានឹងត្រូវដាក់ពង្រាយកងកម្លាំងនៅតំបន់រមណីយដ្ឋានភ្នំពេជ្រ (Diamond Mountain) និងតំបន់ឧស្សាហកម្ម Kaesong ។ ទីតាំងទាំងនេះជាព្រំដែនដែលត្រូវការការពារខ្លាំងរបស់កូរ៉េខាងជើង ។
ទីតាំងទាំងនោះក៏ជានិមិត្តរូប នៃកិច្ចសហប្រតិបត្តិការអន្តរកូរ៉េ ដែលត្រូវបានបិទអស់ រយៈពេលជាច្រើនឆ្នាំ ដោយសារតែការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើប្រទេសនេះ ពាក់ព័ន្ធនឹងកម្មវិធីអាវុធនុយក្លេអ៊ែរ។
កូរ៉េខាងជើង បានប្រកាសថា ខ្លួនក៏នឹងចាប់ផ្តើមធ្វើសមយុទ្ធយោធាឡើងវិញ និងបង្កើតប៉ុស្តិ៍យាម នៅតាមតំបន់ព្រំដែន ហើយបើកទីតាំងជួរមុខសម្រាប់ការបង្ហោះប៉េងប៉ោងឃោសនា ទៅកាន់ប្រទេសកូរ៉េខាងត្បូង។ ជំហ៊ានទាំងនេះនឹងទុកជាមោឃៈនូវកិច្ចព្រមព្រៀងឆ្នាំ ២០១៨ ដែលបានព្រមព្រៀង ក្នុងអំឡុងកិច្ចប្រជុំការទូតអន្តរកូរ៉េ ក្នុងគោលបំណងកាត់បន្ថយភាពតានតឹងផ្នែកយោធា នៅតាមតំបន់ព្រំដែននោះ៕ដោយ៖ធី រីណា