ព័ត៌មានទាន់ហេតុការណ៍៖

លោក​ ត្រាំ សម្រេច​ពន្យារ​ទណ្ឌ​កម្ម​របស់​អាមេរិក​ទៅលើ​ប្រទេស​កូរ៉េខាងជើង​១​ឆ្នាំ​បន្ថែមទៀត

ចែករំលែក៖

អន្តរជាតិ៖ ខណៈដែលស្ថានការណ៍នៅឧបទ្វីបកូរ៉េកាន់តែតានតឹងក្រោយកូរ៉េខាងជើងចាប់ផ្ដើមសកម្មភាពបង្ករឿងជាថ្មីនោះ លោកដូណាល់ ត្រាំប្រធានាធិបតីអាមេរិក នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ បានសម្រេចពន្យារទណ្ឌកម្មរបស់អាមេរិកទៅលើប្រទេសកូរ៉េខាងជើងឆ្នាំបន្ថែមទៀត ដោយសម្អាងថា របបដឹកនាំកូរ៉េខាងជើងនៅតែបន្តការគំរាមកំហែងទៅលើផលប្រយោជន៍អាមេរិក

តាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap ដែលដកស្រង់នៅក្នុងសំបុត្រផ្ញើទៅកាន់សភាអាមេរិក លោក ដូណាល់ ត្រាំលើកឡើងថា លោកសម្រេចចិត្តបន្តស្ថានភាពអាសន្នជាតិទាក់ទងនឹងកូរ៉េខាងជើងដែលត្រូវប្រកាសដំបូងនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០០៨ដោយបញ្ជាប្រតិបត្តិរបស់លោកប្រធានាធិបតី ដាប់ប៊យូ ប៊ូ បទបញ្ជានេះ ចែងពីការដាក់ទណ្ឌកម្មលើរដ្ឋាភិបាល និងពលរដ្ឋកូរ៉េខាងជើង

លោកប្រធានាធិបតីអាមេរិក បានពន្យល់ហេតុផលថា វត្តមាន និងគ្រោះថ្នាក់នៃការរីកសាយភាយអាវុធនុយក្លេអ៊ែរដែលអាចប្រើប្រាស់បាននៅឧបទ្វីបកូរ៉េរួមទាំងសកម្មភាព និងគោលនយោបាយរបស់រដ្ឋាភិបាលកូរ៉េខាងជើង បន្តលើកជាការគំរាមមិនធម្មតា និងជាពិសេសទៅលើសន្តិសុខជាតិ នយោបាយការបរទេស និងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក លោកបន្ថែមថា សកម្មភាពកូរ៉េខាងជើងធ្វើឲ្យមានអស្ថិរភាពនៅឧបទ្វីបកូរ៉េ និងអន្តរាយដល់កងកម្លាំងអាមេរិក សម្ព័ន្ធមិត្ត និងដៃគូពាណិជ្ជកម្មក្នុងតំបន់

សូមជម្រាបថា ចាប់តាំងតែពីឆ្នាំ ២០០៨ ប្រធានាធិបតីអាមេរិកបានប្រើបញ្ជាប្រតិបត្តិជាច្រើនទៀតដើម្បីបន្ថែមទណ្ឌកម្មលើកូរ៉េខាងជើងដោយសារតែការអនុវត្តកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីផ្លោង ក្រោមច្បាប់អាមេរិក ការប្រកាសអាសន្នជាតិនិងត្រូវផុតរលត់ដោយឯកឯងបើសិនជាប្រធានាធិបតីមិនបន្តជាថ្មីក្នុងរយៈពេល៩០ថ្ងៃមុនខួបនៃកាលបរិច្ឆេទប្រកាសទេនោះ

ជាទូទៅ ការពន្យារដាក់ស្ថានភាពអាសន្នជាតិដែលរួមជាមួយទណ្ឌកម្ម គឺធ្វើឡើងតាមទម្លាប់ ប៉ុន្តែការពន្យារលើកនះធ្វើឡើងចំពេលដែលភាពតានតឹងកំពុងកើនឡើងនៅឧបទ្វីបកូរ៉េ ដោយកូរ៉េខាងជើងបន្តបង្កើនការគំរាមផ្នែកយោធាលើប្រទេសកូរ៉េខាងត្បូង ជាក់ស្តែងកូរ៉េខាងជើងបានផ្តាច់ទំនាក់ទំនងជាមួយកូរ៉េខាងត្បូង បំផ្ទុះកម្ទេចការិយាល័យទំនាក់ទំនងអន្តរកូរ៉េនិងព្រមានពង្រាយទាហាននៅតំបន់គ្មានកងទ័ពជាដើម

គួរបញ្ជាក់ថា លោកដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើងធ្លាប់ជួបពិភាក្សាចំនួនដងស្តីពីបញ្ហានុយក្លអ៊ែររបស់កូរ៉េខាងជើង ក៏ដូចជាការលើកទណ្ឌកម្មផងដែរ ប៉ុន្តែលក្ខខណ្ឌមិនផ្លាស់ប្ដូរគឺអាមេរិកអាចលើកទណ្ឌកម្មបាន ដរាបណាកូរ៉េខាងជើងរំសាយកម្មវិធីនុយក្លេអ៊ែរទាំងស្រុងសិន ក្រៅតែពីទណ្ឌកម្មរបស់អាមេរិក កូរ៉េខាងជើងក៏រងទណ្ឌកម្មអន្តរជាតិរបស់អង្គការសហប្រជាជាតិផងដែរ៕ដោយ៖ស តារា


ចែករំលែក៖