ព័ត៌មានទាន់ហេតុការណ៍៖

ប្រពន្ធតាមទាន់ប្តីនៅជាមួយស្រីដល់មុខបន្ទប់ជួលផ្អើលទាំងព្រឹក

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់មានប្រពន្ធនិង កូន២នាក់ទៅហើយ បានលួចលាក់មានស្រីថ្មី រហូតចុះចេញពីផ្ទះអស់រយៈពេល២ខែមកហើយដោយមករួមរស់នៅជាមួយស្រីកំណាន់ក្នុងបន្ទប់ជួលមួយកន្លែង រហូតដល់ប្រពន្ធដើមដើររកឃើញចងទ្វារពីក្រៅជាប់ បង្កឲ្យមានការឈ្លោះប្រកែកគ្នាបែកផ្សែង ផ្អើលដល់អាជ្ញាធរនិងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅទី៣​ លោកថេង កុសល ជាមេប៉ុស្តិ៍ ដឹកនាំកម្លាំងមកជួយសម្របសម្រួលគ្នា ជៀសវាងភាគីទាំងសងខាងបង្កហិង្សាដាក់គ្នាដោយប្រការណាមួយ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ នៅបន្ទប់ជួលលេខ១៥ ជាន់ទី១ ភូមិត្រពាំងពោធិ៍​ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

បុរសជាប្តីមានឈ្មោះ យាំ រ៉ុន អាយុ៣៤ឆ្នាំ មុខរបរបើកបររថយន្តឈ្នួល ទើបមកស្នាក់នៅចំណុចខាងលើបានជាង២ខែ មានស្រុកកំណើតនៅភូមិចុងព្រៃ ឃុំជ្រៃ ស្រុករមាសហែក ខេត្តស្វាយរៀង ។  ចំណែកភាគីខាងប្រពន្ធដើម ឈ្មោះ ប៉េង ចាន់នី អាយុ៣៥ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅ ភូមិចុងព្រៃ ឃុំជ្រៃ ស្រុករមាសហែក ខេត្តស្វាយរៀង ។  រីឯភាគីខាងស្រីថ្មី មានឈ្មោះ សុីណា អាយុ ៣៥ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួល កន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិអូរ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប ។

តាមសម្តីរបស់ប្រពន្ធដើមបានរៀបរាប់ថា គាត់និងប្តីបានចាប់ដៃគ្នាកសាងគ្រួសារអស់រយៈពេល១២ឆ្នាំមកហើយ នឹងបានចំណងដៃអាពាហ៍ពិពាហ៍កូនចំនួន២នាក់ ប្រុស១នាក់អាយុ១១ឆ្នាំ និងស្រី១នាក់ អាយុ៦ឆ្នាំ ហើយជាង១០ឆ្នាំមកនេះ ទើបតែរយៈពេលប៉ុន្មានខែចុងក្រោយនេះ សេចក្តីសុខសុភមង្គលក្នុងគ្រួសារចេះតែរង្គោះរង្គើ ប្រេះស្រាំ រហូតដល់ប្តីរបស់គាត់ចុះចេញពីផ្ទះជាង២ខែមកហើយ ទោះជាចង់និយាយគ្នារឿងលែងលះក៏មិនអាចដាច់ស្រេចដែរ ព្រោះខាងប្តីមិនចូលមកដោះស្រាយ បែរជាមកសម្ងំលាក់ខ្លួនសោយសុខផ្តើមស្នេហាជាមួយនារីកម្មការិនីរោងចក្រ រស់នៅជាមួយគ្នាដូចប្តីប្រពន្ធទៅវិញ ហើយទើបតែនៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០នេះ រូបគាត់តាមរកឃើញក៏ប្តឹងទៅអាជ្ញាធរ សមត្ថកិច្ចឲ្យជួយធ្វើអន្តរាគមន៍ ។

ចំណែកភាគីខាងប្តីវិញ បានឲ្យដឹងថា ដោយសារក្នុងគ្រួសាររស់នៅមិនចុះសម្រុងគ្នា លែងលះមិនដាច់ស្រេច ក្នុងរយៈពេលជាង២ខែមកនេះទើបខ្លួនបានមកភ្នំពេញ ស្នាក់នៅជាមួយប្រពន្ធក្រោយតែម្តង ។

ដោយឡែក ភាគីខាងស្រីថ្មីវិញបាននិយាយថា រូបគេជាស្ត្រីមេម៉ាយ ហើយស្គាល់បុរសនេះតាមរយៈទូរស័ព្ទដែលគាត់អះអាងថាជាពោះម៉ាយដែរ ទើបខ្លួនហ៊ានទទួលដាក់ចិត្តដាក់កាយស្នេហាជាមួយទៅ ។

ក្រោយទទួលព័ត៌មាននេះ លោក ថេង កុសល មេប៉ុស្តិ៍រដ្ឋបាលចោមចៅទី៣ បានចុះទៅជួយធ្វើអន្តរាគមន៍ចំពោះភាគីទាំង៣នាក់ដោយទៅនិយាយសម្របសម្រួលគ្នា នៅសាលាសង្កាត់ចោមចៅទី៣​ ក្រោមការសម្របសម្រួលពីលោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣។ ទីបំផុតពួកគេបានព្រមព្រៀងគ្នា ដោយភាគីប្តីនិងស្រីថ្មីព្រមទទួលបំពេញកាតព្វកិច្ចនូវអាហារកិច្ចចិញ្ចឹមកូន២នាក់ ក្នុង១ខែ៣០មុឺនរៀល ហើយក៏បានធ្វើកិច្ចសន្យាបញ្ចប់រឿងទៅ ៕ដោយ៖ សុខាសែនជ័យ


ចែករំលែក៖