ព័ត៌មានទាន់ហេតុការណ៍៖

មួយគ្រួសារមានគ្នា៣នាក់ចេញពីហូបមីហឹរ ត្រូវចោរឆក់យកកាបូបតែមិនបានសម្រេចបណ្តាលឲ្យដួលរងរបួសទាំង៣នាក់

ចែករំលែក៖

    ភ្នំពេញ​ ៖​ មានជនសង្ស័យ២នាក់បានជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់យកកាបូបពីស្ត្រីម្នាក់​ ខណៈកំពុងជិះម៉ូតូជាមួយប្តីនិងកូនតែមិនបានសម្រេច​ បណ្តាលឲ្យដួលម៉ូតូទាំងជនរងគ្រោះ​ និងជនសង្ស័យ​ កាលពីវេលាម៉ោង៩និង ៣០នាទីយប់ថ្ងៃទី១៨ ខែមិថុនា​ ឆ្នាំ ២០២០ នៅតាមបណ្ដោយផ្លូវកម្ពុជាក្រោម ខាងលិចស្តុបណានជីង​ ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

    ជនរងគ្រោះជាប្តីមានឈ្មោះ​ គឹម យ៉ាត់  អាយុ៤១ឆ្នាំ មានមុខរបរធ្វើការនៅកុងស៊ីកាប់ជ្រូក ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើតនៅ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ចំណែកប្រពន្ធមានឈ្មោះញ៉ឹក ម៉ាម អាយុ ២៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅជាមួយគ្នា មានស្រុកកំណើត នៅភូមិ ឃុំ ជាមួយគ្នា រីឯកូនស្រីមិនស្គាល់អត្តសញ្ញាណនោះទេ។

    តាមសម្ដីជនរងគ្រោះជាប្រពន្ធបានប្រាប់ឲ្យដឹងថា​ មុនកើតហេតុរូបគាត់ទាំងបីនាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្គូពីពណ៌ក្រហម​ ពាក់ស្លាកលេខភ្នំពេញ1FW-7944 ទើបនឹងចេញពីហូបមីហឹរមួយកន្លែងក្នុងគោលបំណងត្រឡប់ទៅកន្លែងស្នាក់នៅវិញដោយធ្វើដំណើរតាមបណ្តោយផ្លូវកម្ពុជាក្រោមពីកើតទៅលិច​។ លុះមកដល់ចំណុចកើតហេតុខាងលើក៏លេចមុខជនសង្ស័យចំនួន២នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៨ មួយគ្រឿងមិនចាំស្លាកលេខ ធ្វើដំណើរមកពីខាងក្រោយរួចធ្វើសកម្មភាពឆក់យកកាបូបស្ត្រីជាប្រពន្ធដែលកំពុងស្ពាយចំហៀងតែមិនបានសម្រេចត្រូវជនរងគ្រោះចាប់ទាញយកមកវិញបណ្ដាលឲ្យដួលម៉ូតូទាំងជនសង្ស័យនិងជនរងគ្រោះអូសទៅលើថ្នល់ទាំងអស់គ្នា​ ។ ភ្លាមៗនោះជនសង្ស័យក៏បាននាំគ្នាលើកម៉ូតូជិះគេចខ្លួនបាត់ស្រមោលទៅ។​ ចំណែកជនរងគ្រោះទាំង៣នាក់បានរងរបួសដៃជើងទាំងអស់គ្នា​ តែមិនដល់ថ្នាក់ធ្ងន់ធ្ងរនោះឡេីយ​ ។ 

    ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ ហេីយទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់ផងដែរ​ តែជនរងគ្រោះមិនបានទៅមន្ទីរពេទ្យនោះទេ​ ទេីបគ្រូពេទ្យសម្រេចចិត្តជួយលាងរបួសនៅនឹងកន្លែង​តែម្ដង​ ។ បន្ទាប់មកសមត្ថកិច្ចបានឲ្យជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់មិត្តភាព តែជនរងគ្រោះមិនទៅនោះទេ រួចបាននាំគ្នាឡើងជិះម៉ូតូត្រឡប់ទៅកន្លែងស្នាក់នៅវិញដេីម្បីសម្រាកព្យាបាលដោយខ្លូនឯង៕

ដោយ៖ភារ៉ា​ ដង្កោ


ចែករំលែក៖