ខេត្តកោះកុង៖ លោកនេត្រភក្រា្ត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានដឹកនាំគណៈប្រតិភូក្រសួងបរិស្ថានរួមទាំងអ្នកសារព័ត៌មាន និងចុងភៅប្រចាំសណ្ឋានគារឡឺរ៉ូយ៉ាល់មួយក្រុម ចុះពិនិត្យការចិញ្ចឹមខ្យងចំពុះទា និងការកែច្នៃផលនេសាទនៅខេត្តកោះកុងចាប់ពីថ្ងៃទី១៨-២០ ខែមិថុនា ឆ្នាំ២០២០។
បើតាមការបញ្ជាក់របស់លោក នេត្រ ភក្រា្ត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងថាក្នុងអំឡុងទស្សនកិច្ចខេត្តកោះកុងនេះដែរ គណៈប្រតិភូ នឹងចុះ ពិនិត្យការចិញ្ចឹមខ្យងចំពុះទានៅតាមតំបន់សហគមន៍មួយចំនួនក្នុងខេត្តកោះកុង ដោយក្នុងនេះគណៈប្រតិភូនឹងជួបជាមួយអាជ្ញាធរមូលដ្ឋាន ប្រជាសហគមន៍ និងពិសេសជួបផ្ទាល់ជាមួយអ្នកចិញ្ចឹមខ្យងចំពុះទាតែម្តង។ក្រៅពីនេះគណៈប្រតិភូក៏នឹងជួបជាអ្នកផលិតគី អ្នកកែច្នៃបង្គាក្រៀម អ្នកចិញ្ចឹមត្រីស្ពង់ ជាដើម។
ដំណើរទស្សនកិច្ចនេះដែរត្រូវបានលោក នេត្រ ភក្រ្តាបានបញ្ជាក់ឱ្យដឹងថាក្នុងគោលបំណងសំខាន់គឺការស្វែងយល់ពីផលិតផលសមុទ្រ ការរកទីផ្សារនិងចំណូលរបស់ប្រជាពលរដ្ឋសហគមន៍ដើម្បីសំដៅធ្វើយ៉ាងណាស្វែងយល់ពីបញ្ហាប្រឈម, ការដោះស្រាយបញ្ហាមួយចំនួននិងពិសេសជំរុញលើកទឹកចិត្តដោយធ្វើយ៉ាងណាឱ្យការប្រកបរបររកស៊ីចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើងថែមទៀត។
ព្រមជាមួយគ្នានេះគណៈប្រតិភូនឹងអញ្ជើញជួបជាមួយមន្រ្តីអាជ្ញាធរឃុំ សហគមន៍តំបន់ការពារធម្មជាតិ និងសហគមន៍កែច្នៃផលនេសាទស្ថិតនៅឃុំពាមក្រសោប ខេត្តកោះកុងផងដែរ។
លោករដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា ប្រការដែលគណៈប្រតិភូរបស់លោកបានអញ្ជើញក្រុមចុងភៅប្រចាំសណ្ឋានគារឡឺរ៉ូយ៉ាល់ទៅជាមួយនេះដោយមានគោលបំណងសំខាន់ចង់ឱ្យសណ្ឋានគារធំៗ និងភោជនីយដ្ឋានល្បីៗនៅកម្ពុជាបានសិក្សាស្វែងយល់ពីប្រភេទខ្យងចំពុះទា របស់កម្ពុជា ហើយអាចប្រមូលទិញទិន្នផលរបស់ប្រជាសហគមន៍មកធ្វើម្ហូបប្រចាំសណ្ឋានគាររបស់ខ្លួន ដែលជាការមួយជួយលើកកម្ពស់តម្លៃការលក់ ក៏ដូចជាជួយលើកស្ទួយជីវភាពរបស់ពួកគាត់។
លោកបានមានប្រសាសន៍ថា កន្លងមកប្រជាសហគមន៍ដែលបានចិញ្ចឹមខ្យងចំពុះទាលក់នៅខេត្តកោះកុងនេះបាននាំចេញទៅលក់ឱ្យប្រទេសជិតខាងក្នុងតម្លៃមួយទាប ហេតុនេះដោយមើលឃើញពីគុណប្រយោជន៍របស់ខ្យងមួយប្រភេទនេះ និងពិសេសចង់លើកស្ទួយជីវភាពបរបស់បងប្អូនប្រជាពលរដ្ឋសហគមន៍ផងក្រសួងបរិស្ថានបានទាក់ទាញបណ្តាសណ្ឋានគារធំៗនិងភោជនីយដ្ឋានល្បីៗនៅកម្ពុជាចូលរួមទិញខ្យងទាំងនេះមកធ្វើជាមុខម្ហូបរបស់ខ្លួន ដែលមិនត្រឹមតែជាមុខម្ហូបល្បីឈ្មោះនៅអន្តរជាតិទេ វាថែមទាំងអាចក្លាយជាមុខម្ហូបដែលមានរស់ជាតិឆ្ងាញ់ពិសារ សម្រាប់ប្រចាំហាងរបស់គេនៅថ្ងៃខាងមុខផង។
លោករដ្ឋលេខាធិការបានបញ្ជាក់ជុំវិញបញ្ហានេះថា “ខ្យងមួយប្រភេទនេះនៅបរទេសគេល្បីល្បាញឈ្មោះណាស់ វាមានរស់ជាតិឆ្ងាញ់ ប៉ុន្តែសម្រាប់នៅប្រទេសកម្ពុជាយើងវិញ ពលរដ្ឋយើងហាក់មិនសូវស្គាល់ទេ ។ហេតុនេះក្រសួងនឹងទាក់ទាញឱ្យភោជនីយដ្ឋានប្រចាំសណ្ខានគារល្បីៗនិងភោជនីយដ្ឋានធំៗនៅកម្ពុជាចាប់អារម្មណ៍មកបង្កើតមុខម្ហូបនេះដើម្បីធ្វើយ៉ាងណាឱ្យប្រជាសហគមន៍ចិញ្ចឹមខ្យងចំពុះទាបានទទួលទីផ្សារកាន់ធំ និង អាចពង្រីកមុខរបរនេះកាន់តែច្រើនដែលជួយឱ្យជីវភាពរបស់ពួកគាត់ធូរធា”។
ដោយឡែក លោក មាស រិទ្ធី អនុប្រធាននាយកដ្ឋានអភិរក្សសមុទ្រនិងតំបន់ឆ្នេរ នៃក្រសួងបរិស្ថានបានឱ្យដឹងថាសម្រាប់នៅប្រទេសកម្ពុជាទីតាំងដែលមានខ្យងចំពុះទានេះមាន៣កន្លែងក្នុងខេត្តកោះកុងដែលស្ថិតនៅភូមិសាស្រ្តដែនជម្រកសត្វព្រៃពាមក្រសោប គឺ ទី១ មុខលំហ ពាមក្រសោបចាស់ ទី២ នៅកោះកាង និងទី៣ចំនុចឡាំដាំ ជាប់នឹងឈូងជ្រោយប្រស់។
គួរបញ្ជាក់ថាខ្យងចំពោះទាប្រជាសហគមន៍នៅខេត្តកោះកុង អាចចិញ្ចឹមលក់ក្នុងមួយគីឡូក្រាមថ្លៃត្រឹមតែ២៥០០ដល់៣០០០រៀលប៉ុណ្ណោះ ខណៈគេលក់នៅបរទេសមានតម្លៃខ្ពស់ដែលមានចាប់ពីជិត១០ដុល្លារឡើងទៅ៕
ដោយ៖សិលា