ភ្នំពេញ៖ យោងតាមប្រភពព័ត៍មានពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០នេះថាសន្លឹកឆ្នោតដែលបានប្រើប្រាស់ក្នុងការបោះឆ្នោត ឆ្នាំ២០១២ ឆ្នាំ២០១៣ឆ្នាំ២០១៤ និងឆ្នាំ២០១៧ នឹងត្រូវបំផ្លាញចោល ។
ពិធីបំផ្លាញសន្លឹកឆ្នោតនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ថា នឹងរៀបចំធ្វើឡើង នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០វេលាម៉ោង០៨និង៣០នាទីព្រឹក ទីតាំងផ្ទះលេខ៩ ផ្លូវ៣៤៥ ខណ្ឌទួលគោកក្រោមអធិបតីភាពលោក នុត សុខុម អនុប្រធាន គ.ជ.ប។
តាមរបៀបវារៈ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប នឹងធ្វើរបាយការណ៍បូកសរុប ស្ដីពីចំនួនសន្លឹកឆ្នោត ដែលត្រូវបំផ្លាញពាក់ព័ន្ធនឹង៖
*សន្លឹកឆ្នោតដែលបានប្រើប្រាស់រួច ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ឆ្នាំ២០១២
*សន្លឹកឆ្នោតដែលបានប្រើប្រាស់រួច ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០១៣
*សន្លឹកឆ្នោតដែលបានប្រើប្រាស់រួច ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឆ្នាំ២០១៤
*សន្លឹកឆ្នោតដែលបានប្រើប្រាស់រួច ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០១៧។
គូសបញ្ជាក់ថា នេះជាលើកទី៤ហើយ ដែល គ.ជ.ប បានបំផ្លាញសន្លឹកឆ្នោតចាប់តាំងពី គ.ជ.ប រៀបចំការបោះឆ្នោតដោយខ្លួនឯង នៅឆ្នាំ១៩៩៨រហូតមកដល់បច្ចុប្បន្ន៕ដោយ៖ស តារា