ព័ត៌មានទាន់ហេតុការណ៍៖

ប៉ូលិស​នូ​វែ​ល​សេ​ឡង់ បានស្លាប់ម្នាក់ និង​ម្នាក់ទៀត​​រងរបួស​ធ្ងន់ ខណៈត្រួតពិនិត្យ​យានយន្ត​តាម​ដងផ្លូវ ក៏ត្រូវខ្មាំងកាំភ្លើងបាញ់ប្រហារ

ចែករំលែក៖

អន្តរជាតិ៖ ហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើងនៅក្នុងទីក្រុង AuckLand នៃប្រទេសនូវែសេឡង់ ខណៈដែលខ្មាំងកាំភ្លើងបានបាញ់ប្រហារទៅលើប៉ូលិស២នាក់ បណ្ដាលឲ្យម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ពេលពួកគាត់កំពុងត្រួតពិនិត្យយានយន្តតាមដងផ្លូវភ្លាមនោះជនសង្ស័យដែលបាញ់ប៉ូលិសបានរត់គេចខ្លួនក្នុងរថយន្តមួយ តែជាងម៉ោងក្រោយហេតុនេះត្រូវបានក្រុមប៉ូលិស​​សម្រុកចូលផ្ទះមួយកន្លែង និងចាប់ឃាត់ខ្លួនបុរសនាក់ផងដែរ នេះបើតាមប្រភពព័ត៌មានក្នុងស្រុក nzherald.com.nz បានចេញផ្សាយនៅថ្ងៃទី១៩ខែមិថុនា ឆ្នាំ២០២០នេះ

បើតាមទីភ្នាក់ងារព័ត៌មាន AFP ដកស្រង់ប្រភពពីមន្រ្តីប៉ូលិសនូវែសេឡង់បាននិយាយថា ពួកគេបានធ្វើការងារត្រួតពិនិត្យយានយន្តតាមផ្លូវដូចសព្វដង កាលពីព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ហើយនៅពេលនោះស្រាប់តែមនុស្សម្នាក់បានបើកការបាញ់ប្រហារមកលើពួកគេ មុនពេលបើករថយន្តចេញទៅ ដោយរថយន្តជនសង្ស័យ ថែមទាំងបើកបុកមនុស្សម្នាក់នៅកន្លែងកើតហេតុផងដែរ

លោក Andrew Coster ស្នងការប៉ូលិសនូវែសេឡង់ និយាយថាវាគ្មានអ្វីកើតឡើងខុសធម្មតាឡើយ នៅពេលរថយន្តជនសង្ស័យនោះចតឲ្យប៉ូលិសត្រួតពិនិត្យដោយពួកគេមិនមានទាំងកាំភ្លើងជាប់ខ្លួនផងដែរ​ “ លោកបន្ថែមថា  ជាធម្មតាប៉ូលិសនូវែសេឡង់ ពុំទម្លាប់កាន់កាំភ្លើងឡើយតែទុកនៅក្នុងរថយន្ត

លោក Coster អះអាង​​ប្រាប់សារព័ត៌មានក្នុងស្រុកយ៉ាងដូច្នេះថា«​នេះគឺជាស្ថានភាពដ៏គួរឲ្យតក់ស្លុតបំផុត នេះគឺជាព័ត៌មានអាក្រក់បំផុតដែលប៉ូលិសនិងក្រុមគ្រួសារពួកគេទទួលបាន​»​លោកស្នងការ Coster បញ្ជាក់ថា មន្ត្រីប៉ូលិសទី២ដែលមានរបួសធ្ងន់នោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខណៈប្រជាជនម្នាក់ដែលត្រូវជនសង្ស័យបើកបុកនៅកន្លែងកើតហេតុនោះ ក៏សម្រាកនៅមន្ទីរពេទ្យដោយមានរបួសស្រាល

ដោយឡែកអ្នកស្រីនាយករដ្ឋមន្ត្រី Jacinda Ardern នៅក្នុងសេចក្តីថ្លែងការណ៍ បាននិយាយថា ព័ត៌មាននេះ គឺជារឿងតក់ស្លុតបំផុតសម្រាប់ប្រជាជាតិ អ្នកស្រីសង្កត់ធ្ងន់ថា«​បាត់បង់ប៉ូលិសម្នាក់គឺបាត់បង់មនុស្សម្នាក់ដែលធ្វើការបម្រើយើងទាំងអស់គ្នា ប៉ុន្តែក៏ជាសមាជិកគ្រួសារយើងមនុស្សដែលយើងស្រលាញ់ និងមិត្ត​»៕ដោយ៖ស តារា


ចែករំលែក៖