ព័ត៌មានទាន់ហេតុការណ៍៖

អេស៉្បាញ និងបារាំង សម្រេចបើកព្រំដែនឡើងវិញជាមួយគ្នា ក្រោយបិទដោយសារ COVID-19 វាយលុកធ្ងន់ធ្ងរ

ចែករំលែក៖

អន្តរជាតិ៖ រដ្ឋាភិបាលអេស៉្បាញ បានប្រកាសថា ចាប់ពីថ្ងៃអាទិត្យទី២១ខែមិថុនា ឆ្នាំ២០២០នេះ តទៅ ពលរដ្ឋនៃប្រទេសជាសមាជិក EU ព្រមទាំងអ្នកដែលមកពីតំបន់មិនត្រូវការលិខិតឆ្លងដែន Schengen នឹងអនុញ្ញាតឲ្យចូលមកកាន់ប្រទេសអេស៉្បាញដោយសេរី ដោយពុំចាំបាច់ត្រូវធ្វើ ចត្តាឡីស័ករយៈពេល១៤ថ្ងៃនោះឡើយ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP

ក្រោយអាជ្ញាធរប្រកាសហើយនេះ នៅព្រំប្រទល់រវាងប្រទេសអេស៉្បាញ និងប្រទេសបារាំង នាថ្ងៃអាទិត្យនេះ ជាក់ស្តែងឃើញថាលំហូរចរាចរណ៍បានកើតមានសារជាថ្មីឡើងវិញ ខណៈការរឹតត្បិតចុងក្រោយបំផុត ដែលរដ្ឋាភិបាលអេស៉្បាញបានដាក់ចេញកាលពីខែមីនា ដើម្បីទប់ទល់នឹងការឆ្លងរាតត្បាតយ៉ាងខ្លាំងក្លានៃជំងឺ COVID-19 ត្រូវបានដកចេញទៅវិញ

គួរបញ្ជាក់ថា កន្លងទៅក្នុងខែមិថុនានេះ នាយករដ្ឋមន្រ្តីអេស៉្បាញលោកPedro Sanchez បានប្រកាសថា រដ្ឋាភិបាលទីក្រុងម៉ាឌ្រីដនឹងដកការត្រួតពិនិត្យ តាមព្រំដែនជាមួយរដ្ឋសមាជិកសហភាពអឺរ៉ុបចេញវិញ ចាប់ពីថ្ងៃទី២១ ខែមិថុនាទៅ ស្របពេលការរាតត្បាតនៃជំងឺ COVID-19 ហាក់ស្ថិត ក្រោមការគ្រប់គ្រងបាន។

យ៉ាងណាមិញ ព័រទុយហ្គាល់បានបញ្ជាក់ថា ទាល់តែដល់ថ្ងៃទី០១ ខែកក្កដាទើបបើកព្រំដែនជាមួយ អេស៉្បាញ។

បច្ចុប្បន្ន អេស៉្បាញស្ថិតក្នុងចំណោមប្រទេសដែលរងគ្រោះធ្ងន់ធ្ងរបំផុត ពីការឆ្លងរាតត្បាតនៃជំងឺ COVID-19 ជាមួយចំនួនអ្នកស្លាប់ជាង២៨,០០០នាក់ក្នុងចំណោមអ្នកឆ្លងជិត៣០០,០០០នាក់៕

ដោយ៖ស តារា


ចែករំលែក៖