តាមការចេញផ្សាយរបស់គេហទំព័រស៊ីនហួរបានឲ្យដឹងនៅថ្ងៃចន្ទ ទី២២ មិថុនានេះថាការប្រកួតផ្តាច់ព្រ័ត្រនៃកីឡាវាយតឺន្នីស
Adria Tour នៅទីក្រុង Zadar នៃឆ្នេរប្រទេសក្រូអាតត្រូវបានលុបចោលវិញបន្ទាប់ពីលោក Grigor Dimitrov សញ្ជាតិប៊ុលហ្គារីបានប្រកាសថា លោកបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩។
ការប្រកួតត្រូវបានផ្តួចផ្តើមដោយលេខ១ពិភពលោក Novak Djokovicក្នុងគោលបំណងលើកកម្ពស់ភាពជាអ្នកកីឡានិងដើម្បីរៃអង្គាសថវិកាសម្រាប់ជួយសង្គ្រោះអ្នកជំងឺកូវីដ-១៩។ កីឡាករកំពូលៗដូចជា Marin Cilic, Borna Coric, Alexander Zverev និង Donna Vekic បានចូលរួមប្រកួតដោយប្រើការប្រកួតដើម្បីកម្តៅសាច់ដុំបន្ទាប់ពីផ្អាកការប្រកួតអស់រយៈពេលមួយខែដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩។
លោក Dimitrov បានប្រកួតចាញ់កីឡាករសញ្ជាតិក្រូអាតកាលពីថ្ងៃសៅរ៍ ហើយពេលនោះលោកមិនមានអារម្មណ៍ល្អទេ។ បន្ទាប់ពីវិលត្រឡប់មកពីប្រទេសម៉ូណាកូវិញលោក Dimitrov បានប្រកាសនៅលើបណ្តាញសង្គម Instagram កាលពីរសៀលថ្ងៃអាទិត្យថា គាត់បានធ្វើតេស្តវិជ្ជមាននៅម៉ូណាកូរកឃើញជំងឺកូវីដ-១៩ ។
លោក Dimitrov បានសរសេរនៅលើបណ្តាញសង្គម Instagram ថា “ខ្ញុំចង់ធ្វើឱ្យប្រាកដថាអ្នកណាម្នាក់ដែលបានទាក់ទងជាមួយខ្ញុំក្នុងអំឡុងពេលប៉ុន្មានថ្ងៃនេះត្រូវបានធ្វើតេស្តនិងទទួលបានការប្រុងប្រយ័ត្នជាចាំបាច់។ ខ្ញុំបានត្រលប់មកផ្ទះវិញហើយខ្ញុំបានជាសះស្បើយ។ សូមអរគុណសម្រាប់ការគាំទ្ររបស់អ្នកហើយសូមឱ្យមានសុវត្ថិភាព និងសុខភាព”។
ជាមួយគ្នានេះកាលពីល្ងាចថ្ងៃអាទិត្យទីស្នាក់ការកណ្ដាលការពារជនស៊ីវិលនៃតំបន់ហ្សាដាបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយកីឡាករវាយកូនបាល់ប៊ុលហ្គារីខាងលើត្រូវនៅដាច់ដោយឡែកពីគេក្នុងរយៈពេល១៤ថ្ងៃ និងស្វែងរកដំបូន្មានល្អៗពីគ្រូពេទ្យ។
សូមបញ្ជាក់ថា ប្រទេសក្រូអាតបានកត់ត្រានូវការកើនឡើងនៃការឆ្លងគួរឱ្យកត់សំគាល់នៃជំងឺកូវីដ-១៩ ចាប់តាំងពីថ្ងៃព្រហស្បតិ៍បន្ទាប់ពីជិតមួយខែជាមួយនឹងករណីថ្មីតិចជាង៥នៅក្នុងប្រទេស។ អាជ្ញាធរសុខាភិបាលក្នុងតំបន់បាននិយាយថា ករណីថ្មីគឺទាក់ទងភាគច្រើនទៅនឹងប្រជាជនមកពីប្រទេសជិតខាង ៕ដោយ៖ភារៈ