ខេត្តក្រចេះ៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងក្រចេះ ក្រោមបញ្ជារបស់លោក ឧត្ដមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្ត នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ បានចុះបង្រ្កាបទីតាំងបញ្ជល់មាន់មួយកន្លែងដកហូតបានវត្ថុតាងជាច្រើននៅចំណុចក្នុងព្រៃខាងក្រោយសាលារៀនកាប៉ូ ប្រហែល៥០០ម៉ែត្រ ស្ថិតក្នុងភូមិកាប៉ូ សង្កាត់អូរឫស្សី ក្រុងក្រចេះ។
មន្ត្រីនគរបាលក្រុងក្រចេះបញ្ជាក់ឲ្យដឹងថា ប្រតិបត្តិការបង្រ្កាបទីតាំងបញ្ជល់មាន់នេះ កម្លាំងនគរបាលដកហូតបានវត្ថុតាងរួមមាន៖ មាន់ជល់ចំនួន៣ក្បាល, កន្ត្រកដាក់មាន់ចំនួន៥ ,អង្រុតក្រុងមាន់ចំនួន៣,ជញ្ជីងចំនួន១គ្រឿង,ស្កុតរុំជើងមាន់ចំនួន៤ដុំ, កៅអីចំនួន៣, ម៉ូតូចំនួន១៧គ្រឿង។
មន្ត្រីនគរបាលបញ្ជាក់ទៀតថា ការចុះបង្រ្កាបនេះមិនបានឃាត់ខ្លួនអ្នកលេងល្បែងបញ្ជល់មាន់ទាំងនោះទេ ព្រោះពេលសមត្ថកិច្ចចុះទៅដល់ ពួកគេបានរត់គេចខ្លួនបាត់អស់ ។
បច្ចប្បន្ន វត្ថុតាងទាំងអស់ត្រូវកម្លាំងនគរបាលនាំយកមករក្សាទុកជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងក្រចេះ៕
ដោយ៖ ហេង សូរិយា