ព័ត៌មានទាន់ហេតុការណ៍៖

ទីក្រុងព្យុងយ៉ាង នឹងបញ្ជូនខិត្តប័ណ្ណ «១២លានសន្លឹក» ទៅកាន់កូរ៉េខាងត្បូង ដើម្បីសងសឹកនឹងទីក្រុងសេអ៊ូល

ចែករំលែក៖

អន្តរជាតិ៖ កូរ៉េខាងជើង នឹងបញ្ជូនខិត្តប័ណ្ណ «១២លានសន្លឹក» ទៅកាន់កូរ៉េខាងត្បូង ក្នុងពេលឆាប់ៗនេះ ជាការសងសឹកនឹងទីក្រុងសេអ៊ូលដែលបើកដៃឲ្យជនជាតិកូរ៉េខាងជើង កំពុងរស់នៅនិរទេសនៅលើទឹកដីរបស់ខ្លួន បង្ហោះខិត្តប័ណ្ណរិះគន់ និងប្រមាថលោក គីម ជុងអ៊ុន  នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានមជ្ឈិមកូរ៉េខាងជើង KCNA នៅថ្ងៃចន្ទទី២២ ខែមិថុនា ឆ្នាំ២០២០នេះ 

សារព័ត៌មានមជ្ឈិមកូរ៉េខាងជើង KCNA បានបញ្ជាក់ថា «គិតត្រឹមនៅថ្ងៃទី២២ ខែមិថុនានេះ គ្រឿងបរិក្ខា និងមធ្យោបាយបង្ហោះ ចែកចាយខិត្តប័ណ្ណ ក្នុងនោះរួមមានទាំងបាឡុងចំនួន ,០០០ដើម ដែលមានសមត្ថភាពហោះចូលយ៉ាងជ្រៅក្នុងទឹកដីកូរ៉េខាងត្បូង ត្រូវបានត្រៀមរួចរាល់អស់ហើយ ខណៈខិត្តប័បណ្ណគ្រប់ប្រភេទជាង ១២លានសន្លឹក ក៏ត្រូវបានបោះពុម្ភរួចហើយដែរ» សារព័ត៌មានមជ្ឈិមកូរ៉េខាងជើងបានបញ្ជាក់បន្ថែមទៀតថា នេះនឹងក្លាយជាការចែកចាយខិត្តប័ណ្ណ ប្រឆាំងនឹងសត្រូវក្នុងទ្រង់ទ្រាយធំផុត មិនធ្លាប់មានពីមុនមកនោះឡើយ។

បច្ចុប្បន្ន ស្ថានភាពនៅលើតំបន់ឧបទ្វីបកូរ៉េ កំពុងឡើងកម្ដៅយ៉ាងខ្លាំង ក្រោយទីក្រុងព្យុងយ៉ាង បានកាត់ផ្ដាច់បណ្ដាញទំនាក់ទំនងជាមួយកូរ៉េខាងត្បូង និងបំផ្ទុះកម្ទេចការិយាល័យទំនាក់ទំនងអន្តរកូរ៉េ កាលពីសប្ដាហ៍មុន ដើម្បីបង្ហាញការខឹងសម្បារនឹងរដ្ឋាភិបាលកូរ៉េខាងត្បូងសម្រាប់ការបណ្ដែតបណ្ដោយ ឱ្យជនជាតិកូរ៉េខាងជើងរស់នៅនិរទេស នៅលើទឹកដីរបស់ខ្លួន បង្ហោះខិត្តប័ណ្ណតាមបាឡុងជាច្រើន ចូលមកក្នុងទឹកដីកូរ៉េខាងជើង ដើម្បីរិះគន់ និងប្រមាថលោក គីម ជុងអ៊ុន៕ដោយ៖ស តារា


ចែករំលែក៖