ខេត្តកំពង់ឆ្នាំង៖ កូនប្រុសនិងម្តាយបានរងរបួសបាក់ដៃ និងជើង ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយម៉ូតូបុកជាមួយគោយន្តកន្រ្តៃ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្លៃទី២២ ខែមិថុនា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវក្រាលកៅស៊ូមួយខ្សែ ត្រង់ចំណុចភូមិស្វាយជ្រំថ្មី ឃុំស្វាយជ្រំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះក្នុងករណីនេះ ម្នាក់ឈ្មោះ ញិ នីម អាយុ៤០ឆ្នាំ រងរបួសបាក់ជើងឆ្វេងចំនួន២កំណាត់ត្រូវជាម្តាយ និងម្នាក់ទៀតឈ្មោះសូ ចិន្តា ភេទប្រុស អាយុ១៩ឆ្នាំ រងរបួសបាក់ជើងខាងឆ្វេង និងដៃខាងឆ្វេង ត្រូវជាកូន ទាំងពីរនាក់ម្ដាយកូន រស់នៅក្នុងភូមិទំពរ ឃុំស្វាយជ្រំស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា មុនពេលកើតហេតុស្ត្រីពីរនាក់ម្ដាយនិងកូន បានជិះម៉ូតូមួយគ្រឿងឌុបគ្នាធ្វើដំណើរត្រឡប់មកពីមន្ទីរពេទ្យបង្អែកខេត្ត ពេលមកដល់ចំណុចកើតហេតុ ក៏មានគោយន្តកន្រ្តៃមួយគ្រឿងសណ្ដោងរុឺម៉ក បើកបរដោយឈ្មោះ តែម សារឿន អាយុ១៤ឆ្នាំ បានបត់ចូលតាមផ្លូវក្រួសក្រហម ខណៈនោះ ជនរងគ្រោះទាំងពីរនាក់ម្តាយនិងកូនវាក់នឹងគោយន្តកន្រ្តៃ គេចមិនផុតក៏ត្រូវគោយន្តកន្រ្តៃបើកកិនពីលើម៉ូតូជនរងគ្រោះ បណ្តាលឱ្យជនរងគ្រោះទាំងពីរនាក់ម្តាយនិងកូនប៉ើងខ្ទាតចេញពីម៉ូតូ រងរបួសធ្ងន់បាក់ដៃនិងបាក់ជើងតែម្តង។ ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។ ដោយឡែកអ្នកបើកបរគោយន្តកន្រ្តៃបានរត់គេចខ្លួន រីឯមធ្យោបាយបង្កហេតុ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលស្វាយជ្រំដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធី ៕ដោយ៖ ចន្ថា