ព័ត៌មានទាន់ហេតុការណ៍៖

តុលាការរឹបអូសភាគហ៊ុនតម្លៃជាង១លានដុល្លាររបស់ធនាគារមេគង្គកម្ពុជាដែលមានម្ចាស់បំណុលគឺអ្នកឧកញ៉ាបណ្ឌិត សុខ គង់ អគ្គនាយកក្រុមហ៊ុនសុខា អូតែល

ចែករំលែក៖

ភ្នំពេញ៖  ប្រធានសាលាដំបូងរាជធានីភ្នំពេញ និង ជាចៅក្រមអនុវត្ត  លោក តាំង ស៊ុនឡាយ បានសម្រេចចេញ «ដីកាសម្រេចរឹបអូសសិទ្ធិលើបំណុល» ដោយរឹបអូសភាគហ៊ុនមានតម្លៃចំនួន១,២០០,០០០ដុល្លារអាមេរិករបស់កូនបំណុលជា «ធនាគារមេគង្គកម្ពុជា មហាជនទទួលខុសត្រូវមានកម្រិត» តំណាងដោយលោកស្រី ស៊្រុន សុខគឹម ជាប្រធាននាយកប្រតិបត្តិ ដែលមានម្ចាស់បំណុល គឺ អ្នកឧកញ៉ាបណ្ឌិត សុខ គង់ អគ្គនាយកក្រុមហ៊ុន សុខា អូតែល ។ 

យោងតាម «ដីកាសម្រេចរឹបអូសសិទ្ធិលើបំណុល» កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ដែលទើបត្រូវបានផ្សព្វផ្សាយ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ នេះលោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ និង ជាចៅក្រមអនុវត្តបានបញ្ជាក់ថា ម្ចាស់បំណុល គឺ ក្រុមហ៊ុន សុខា អូតែល តំណាងដោយឧកញ៉ាបណ្ឌិត សុខ គង់ ជាអគ្គនាយក្រុមហ៊ុន និង កូនបំណុល គឺ «ធនាគារមេគង្គកម្ពុជា មហាជនទទួលខុសត្រូវមានកម្រិត» មានអាសយដ្ឋានចុះបញ្ជីពាណិជ្ជកម្ម ស្ថិតនៅអគារលេខ៤៤៥ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា តំណាងដោយលោកស្រី ស៊្រុន សុខគឹម ជាប្រធាននាយកប្រតិបត្តិ ។

នេះជាការចាប់ផ្តើមអនុវត្តនីតិវិធីលើសំណុំរឿងអនុវត្តដោយបង្ខំ លេខ៧៨ ចុះថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ របស់សាលាដំបូងរាជធានីភ្នំពេញ ៕ដោយ៖ចេស្ដា

 


ចែករំលែក៖