ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋក្រុងស្វាយរៀងបានសម្តែងនូវការអរគុណចំពោះអាជ្ញាធរខេត្ត និងក្រុមការងារក្នុងដំណោះស្រាយយុទ្ធសាស្ត្រឈ្នះ=ឈ្នះ រវាងប្រជាពលរដ្ឋនឹងប្រជាពលរដ្ឋ និងអាជ្ញាធរ ជាពិសេសបានអនុវត្តតាមនីតិវិធីច្បាប់ទៅលេីបុគ្គលណាដែលរំលោភបំពានលេីទ្រព្យសម្បត្តិរបស់រដ្ឋ។
ជាក់ស្ដែងលោកហែម ពិសិដ្ឋ អភិបាលរងខេត្ត តំណាងលោកអភិបាលខេត្តស្វាយរៀងបានដឹកនាំក្រុមការងារចុះដោះស្រាយទំនាស់ដីធ្លីដែលកើតឡើងរវាងប្រជាពលរដ្ឋជាង ៤០គ្រួសារ និឹងឈ្មោះសំ សាវឿន ហៅ ណន ដែលចាក់ដីលុបអូរធម្មជាតិ និងចំណីព្រែកទន្លេវ៉ៃគោធ្វើឲ្យស្ទះផ្លូវទឹក ស្ថិតនៅភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង នៅថ្ងៃទី២២ខែមិថុនាឆ្នាំ២០២០។
លោក ស សុដានី អភិបាលរងក្រុងស្វាយរៀង បានឲ្យដឹងថា ដើម្បីឆ្លើយតបក្នុងការសម្របសម្រួលរវាងបងប្អូនប្រជាពលរដ្ឋប្រមាណជាង ៤០គ្រួសារ ដែលរស់នៅក្នុងភូមិខាងលើអំពីបញ្ហាទំនាស់រវាងព្រំដីដែលចាក់បំពានទៅលើអូរធម្មជាតិ និងចំណីព្រែកទន្លេវ៉ៃគោ ហើយត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នាតវ៉ាមិនឲ្យលុបអូរធម្មជាតិតាំងពីបុរាណមកហើយជាផ្លូវរំដោះទឹកសម្រាប់លំនៅឋាននិងដំណាំកសិកម្មរបស់បងប្អូននៅទីនេះផងដែរ។
លោក ហែម ពិសិដ្ឋ អភិបាលរងខេត្ត បានឲ្យដឹងថា ដោយមានការសំណូមពរពីបងប្អូនប្រជាពលរដ្ឋពីបញ្ហាការចាក់ដីលុបទៅលើអូរធម្មជាតិក្រោយពីក្រុមការងារបានចុះពិនិត្យទៅលើឯកសារក្នុងការទិញលក់ហើយក៏រកឃើញដីលើសចំនួនក្នុងប្លង់ទិញ។
លោកបានបន្តថា ដោយសារមានការចាក់ដីរំលោភបំពានទៅលើអូរធម្មជាតិនេះពិតប្រាកដមែននោះ លោកនិងក្រុមការងារក៏បានឲ្យគ្រឿងចក្រកាយដីនោះចេញវិញ និងសំណង់ខ្យូសនៅលើដីចំណីព្រែកទន្លេវ៉ៃគោដែលជាដីរដ្ឋនោះត្រូវបានកាត់និងរុះរើចេញតាមសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ។
បញ្ហាទំនាស់រវាងភាគីប្រជាពលរដ្ឋនឹងប្រជាពលរដ្ឋដែលបានរំលោភបំពានទៅលើដីអូរចំណីព្រែកត្រូវបានអាជ្ញាធរចុះដោះស្រាយនិងសម្របសម្រួលជូនប្រជាពលរដ្ឋប្រមាណជាង៤០គ្រួសារបានដូចដើមវិញហើយ៕ យឹម សុថាន