ខេត្តសៀមរាប៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ទៀ សីហា អភិបាលខេត្តសៀមរាប នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តបទដ្ឋានគតិយុត្តិ ដាក់ឱ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ (ជំហានទី១) សម្រាប់មូលដ្ឋានអាជីវកម្មទេសចរណ៍ទាំង៦ ក្នុងដំណាក់កាលវិបត្តិជំងឺឆ្លងកូវីដ-១៩ ដល់អាជីវករទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍នៅសាលាខេត្តសៀមរាប។
មូលដ្ឋានអាជីវកម្មទេសចរណ៍ទាំង៦ នោះរួមមាន៖ អាជីវកម្មសេវាស្នាក់នៅ សេវាកម្មភោជនីយដ្ឋាន-អាហារដ្ឋាន សេវាកម្មដឹកជញ្ជូនទេសចរណ៍ផ្លូវគោក សេវាកម្មដឹកជញ្ជូនទេសចរណ៍ផ្លូវទឹក សហគមន៍ទេសចរណ៍ និងរមណីយដ្ឋានទេសចរណ៍ ដែលលោករដ្ឋមន្ត្រីបានបញ្ជាក់ហើយថា ត្រូវតែអនុវត្តតាមឱ្យបានត្រឹមត្រូវតាមវិធានសុវត្ថិភាពដែលបានប្រកាសដាក់ឱ្យអនុវត្តថ្មីៗកន្លងទៅនេះ ដើម្បីឱ្យវិស័យទេសចរណ៍មានដំណើរការល្អឡើងវិញ និងធានាបានសុវត្ថិភាពសម្រាប់ទេសចរនៅកម្ពុជានិយាយរួម និងខេត្តសៀមរាបនិយាយដោយឡែក ដែលកិច្ចការនេះទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធប្រកបដោយមនសិការទទួលខុសត្រូវខ្ពស់ ពិសេសពីប្រតិបត្តិករទេសចរណ៍ទាំងឡាយ ដើម្បីធានាថាខេត្តសៀមរាប ក៏ដូចកម្ពុជាទាំងមូលនៅតែជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព។
លោករដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា ក្នុងស្ថានភាពបច្ចុប្បន្នគប្បីជំរុញឲ្យមានការអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការសុវត្ថិភាពចាំបាច់មួយចំនួនទាំងនៅក្នុងជីវភាពប្រចាំថ្ងៃ និងសកម្មភាពសេដ្ឋកិច្ច-សង្គម ដូចជាការរក្សាអនាម័យ និងភាពស្អាត រក្សាសុវត្ថិភាពម្ហូបអាហារ និងការរក្សាគម្លាតសុវត្ថិភាព។
ដោយឡែកនៅក្នុងវិស័យទេសចរណ៍ត្រូវគិតគូរអំពីគំរូអាជីវកម្មប្រភេទថ្មី ដើម្បីសម្របទៅតាមស្ថានភាពសេដ្ឋកិច្ច-សង្គមជាក់ស្តែង ដោយក្នុងនោះមានអាជីវកម្មអាចអនុវត្តដំណោះស្រាយឌីជីថលតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាជាជំនួយ និងត្រូវពង្រឹងសមត្ថភាព និងគុណភាព ពិសេសការបង្កើនផលិតភាពដើម្បីត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតប្រជែងកាន់តែស្រួចស្រាល់ ទីផ្សារកាន់តែរួមចង្អៀតហើយខ្សែចង្វាក់ផ្គត់ផ្គង់កាន់តែបង្រួមខ្លី។
អនុសាសន៍ណែនាំបន្ថែមទាំង ៥ ចំណុចរបស់លោករដ្ឋមន្ត្រី ថោង ខុន ជូនដល់រដ្ឋបាលខេត្តសៀមរាបសម្រាប់កិច្ចការងារអនុវត្តបន្ត រួមមាន៖
*ទី១-ស្នើឲ្យរដ្ឋបាលខេត្តសៀមរាបពង្រឹងការគ្រប់គ្រងបន្ថែមចំពោះមូលដ្ឋានអាជីវកម្មទេសចរណ៍ ដោយផ្ដោតលើពីរចំណុចសំខាន់ គឺតម្រូវឲ្យប្រតិបត្តិករទេសចរណ៍រៀបចំឲ្យមានការវាស់កម្ដៅ បាញ់អាល់កុល លាងដៃ សម្រាប់រាល់ការចេញចូលទីតាំងអាជីវកម្ម ឬប្រសិនបើរៀបចំបន្ថែមឲ្យមានម៉ាស៊ីនស្វ័យប្រវត្តិកម្ម សម្រាប់កិច្ចការងារខាងលើកាន់តែប្រសើរ តម្រូវឲ្យបុគ្គលគ្រប់រូបដែលឆ្លងកាត់ចេញចូលទីតាំងអាជីវកម្មត្រូវចុះឈ្មោះ ឬផ្តល់អត្តសញ្ញាណជាដាច់ខាត។
*ទី២-ចំពោះសេវាកម្មដឹកជញ្ជូនទេសចរណ៍ផ្លូវគោក និងផ្លូវទឹក សូមស្នើឲ្យរដ្ឋបាលខេត្តសៀមរាប ពង្រឹងការអនុវត្តរក្សាគម្លាតសុវត្ថិភាព ជាពិសេសនៅពេលតម្រង់ជួរទិញសំបុត្រ និងនៅពេលធ្វើដំណើរ និងរក្សាគម្លាតសុវត្ថិភាពអាចធ្វើបានតាមរយៈការកាត់បន្ថយចំណុះផ្ទុក។
*ទី៣-ចំពោះរមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍ ស្នើឲ្យរដ្ឋបាលខេត្តសៀមរាបណែនាំទៅគ្រប់មន្ទីរជំនាញពាក់ព័ន្ធចុះអនុវត្តកិច្ចការងារនេះរួមគ្នា ដោយមានមន្ទីរទេសចរណ៍ ជាសេនាធិការជំនាញ។
*ទី៤- ស្នើឲ្យរដ្ឋបាលខេត្តសៀមរាបធ្វើសម្រង់ស្ថិតិបុគ្គលិកបម្រើការងារក្នុងឧស្សាហកម្មទេសចរណ៍ និងធ្វើសហការបន្តជាមួយនាយកដ្ឋានបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ប្រមែប្រមូលបុគ្គលិកទាំងអស់នេះ មកទទួលការបណ្ដុះបណ្ដាលជាការចាំបាច់។
*ទី៥-សូមស្នើឱ្យផ្នែកឯកជនក្នុងវិស័យទេសចរណ៍ទាំងអស់មេត្តាយោគយល់ និងចូលរួមទាំងអស់គ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជាខិតខំប្រឹងប្រែងឆ្លងឲ្យផុតដំណាក់កាលដ៏លំបាកនេះ។
លោកបានបញ្ជាក់ទៀតថា ការដាក់ចេញនូវវិធានសុវត្ថិភាពទេសចរណ៍មិនដើម្បីគោលបំណង់រឹតបន្តឹងការអនុវត្តរបស់ប្រតិបត្តិករទេសចរណ៍ឡើយ ជាពិសេសក្នុងគោលបំណងរក្សាឲ្យបាននូវទំនុកចិត្តរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិចំពោះគុណភាពសេវាកម្ម ស្របតាមពាក្យស្លោក «សុវត្ថិភាពរបស់អ្នក ជាភារកិច្ចរបស់យើងខ្ញុំ» ស្របតាមនិន្នាការទម្លាប់ការអនុវត្តថ្មី (New Normal Life)។
លោកបណ្ឌិត ថោង ខុន ក៏បានក្រើនរំលឹកដល់រដ្ឋបាលខេត្តសៀមរាបបន្តការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងទីក្រុងបន្តជំរុញយុទ្ធនាការស្អាតនិងបៃតង និងសូមឱ្យផ្នែកឯកជន និងគ្រប់ភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ចូលរួមផ្សព្វផ្សាយ និងអនុវត្តនូវវិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ឲ្យបានខ្ជាប់ខ្ជួន ដើម្បីបង្ការការពារ និងរក្សាបាននូវសុវត្ថិភាព ទំនុកចិត្ត និងផ្ដល់ភាពកក់ក្ដៅជូនភ្ញៀវទេសចរ ដែលធ្វើដំណើរកម្សាន្តមកខេត្តសៀមរាប៕
ប្រភព៖មន្ទីរទេសចរណ៍ខេត្តសៀមរាប