កំពង់ឆ្នាំង ៖ ស្រ្តីម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ជាមួយនិងស្នាមភ្លើងឆេះរោលខ្លោចមួយកំណាត់ខ្លួនក្នុងខ្ទមចាំចំការមួយស្ថិតនៅចំណុចសែនណី ក្នុងភូមិក្រាំងកន្រ្ទោល ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១៧និង១៥នាទីល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ ។
លោកប៉ុល វុទ្ធី ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំងនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះ បានប្រាប់អោយដឹងថា ស្រ្តីរងគ្រោះនេះមានឈ្មោះ ជា ថន ភេទស្រី អាយុ៥៦ឆ្នាំមុខរបរជាកសិករ រស់នៅក្នុងភូមិកើតហេតុខាងលើ ដែលគាត់បានដេកចាំចំការនៅចំណុចកើតហេតុ ចំណែកប្តីរបស់គាត់ ជាជនពិការភ្នែកទាំង២ នៅចាំផ្ទះឯក្នុងភូមិឃុំខាងលើ ។ ស្រ្តីរងគ្រោះបានស្លាប់នៅជិតនិងម៉ូតូ១គ្រឿង ដែលជារបស់ស្រ្តីរងគ្រោះ ដោយឡែកខ្ទមចំការក៏ត្រូវភ្លើងឆេះមួយចំនួនផងដែរ ។
លោកស្នងការរងបានអោយដឹងថា នៅពេលនេះសមត្ថកិច្ចនៅតែបន្តធ្វើការស្រាវជ្រាវ ដើម្បីកំណត់អោយបានច្បាស់អំពីករណីនៃការស្លាប់នេះអោយបានច្បាស់លាស់ ។ បើតាមការសន្និដ្ឋានដំបូងរបស់សមត្ថកិច្ច ជនរងគ្រោះអាចមានអាការៈមិនស្រួលខ្លួន ហើយអាចស្រវ៉ាប៉ះចំចង្គៀងហើយដួលបណ្តាលអោយឆេះស្លាប់តែម្តង ។ ប៉ុន្តែទោះជាយ៉ាងណាសមត្ថកិច្ចកំពុងធ្វើការស្រាវយ៉ាងយកចិត្តទុកដាក់ចំពោះករណីនេះហើយ ដើម្បីកំណត់ករណីនេះអោយបានពិតប្រាកដ ជាក់លាក់អំពីមូលហេតុនេះ ។ដោយ៖ ចន្ថា