ខេត្តកោះកុង៖ រហូតមកទល់នឹងឆ្នាំ ២០២០ នេះ កម្ពុជាបានលក់ឥណទានកាបូនក្នុងទីផ្សារស្ម័គ្រចិត្តបានថវិកា ចំនួន ១១,៦ លានដុល្លារសហរដ្ឋអាមេរិក ហើយកម្ពុជាបាននិងកំពុងស្វះស្វែងរកដៃគូផ្សេងៗទៀតដើម្បី បន្តទិញឥណទានកាបូននេះបន្ថែមទៀត ខណៈកាបូនដែលបានបំភាយចេញពីព្រៃឈើនៅតាមតំបន់
ការពារធម្មជាតិនានាដែលកម្ពុជាមាន នៅសេសបរិមាណច្រើន។ នេះគឺជាការថ្លែងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានក្នុងឱកាសដែលឯកឧត្តមនិងប្រតិភូក្រសួងបរិស្ថានចុះ ពិនិត្យការគ្រប់គ្រងនិងអភិរក្សតំបន់ដែនជម្រកសត្វព្រៃតាតៃក្នុងខេត្តកោះកុងកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២០។ ដែនជម្រកសត្វព្រៃតាតៃ ដែលត្រូវបានលោករដ្ឋលេខាធិការក្រសួងបរិស្ថាន គូសបញ្ជាក់
ថាជាទីតាំងមួយ ក្នុងចំណោមទីតាំង ៣ ដែលកម្ពុជាលក់កាបូនបាន ក្នុងនោះក៏មានដែនជម្រកសត្វព្រៃ កែវសីមា ឧទ្យានជាតិជួរភ្នំក្រវ៉ាញខាងត្បូង។
លោករដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានថ្លែងថាក្រុមហ៊ុនដែលបានទិញឥណទាន ការបូនក្នុងទីផ្សារស្ម័គ្រចិត្តមានក្រុមហ៊ុន Disney ក្រុមហ៊ុន Shell និងក្រុមហ៊ុន Gucci។ រហូតមកដល់ពេលនេះ មានតែប្រទេសកម្ពុជានិងប្រទេសឥណ្ឌូនេស៊ីប៉ុណ្ណោះក្នុងចំណោមប្រទេសអាស៊ាន ដែលបានលក់ឥណទានកាបូនក្នុងទីផ្សារកាបូនស្ម័គ្រចិត្តនេះ។ ឯកឧត្តមបានគូសបញ្ជាក់ថា មុននឹងទិញឥណទាន កាបូននេះ មានការវាយតម្លៃច្បាស់លាស់ពីអ្នកជំនាញលើសមត្ថភាពនៃការផលិតកាបូន និងយន្តការផ្សេង ៗដែលរាជរដ្ឋាភិបាលកម្ពុជាអនុវត្តដើម្បីធានាការពារនិងគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពលើតំបន់ការពារធម្មជាតិដែលសម្បូណ៌ដោយព្រៃឈើ សត្វព្រៃនិងជីវៈចម្រុះផ្សេងទៀត។ «ការសម្រេចទិញឥណទានកា បូនពីកម្ពុជារបស់ក្រុមហ៊ុននានាគឺបានបង្ហាញថាកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារបាននូវធន ធានធម្មជាតិនៅក្នុងតំបន់នោះ ហើយធនធានធម្មជាតិត្រូវបានអភិរក្សប្រកបដោយប្រសិទ្ធភាព។
អាស្រ័យដោយសារកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិបានល្អប្រសើរ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានមានសុទិដ្ឋិនិយមថាកម្ពុជានឹងអាចលក់ឥណទានកាបូន បានបន្ថែមទៀតក្នុងឆ្នាំបន្តបន្ទាប់។ លោកបានថ្លែងថារាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងបរិស្ថានបានយកចិត្តទុកដាក់ខ្ពស់លើការការពារនិងអភិរក្សធនធានធម្មជាតិដោយថែរក្សាឈើឈរដើម្បីលក់តួនាទីព្រៃឈើដែលដើរតួនាទីសំខាន់ក្នុងការការពារប្រព័ន្ធអេកូឡូស៊ីនៃភពផែនដី តាមរយៈការលក់ ឥណទានកាបូន ក្នុងទីផ្សារកាបូនស្ម័គ្រចិត្តហើយថវិកាដែលបានមកពីការលក់ឥណទានកាបូនត្រូវបានយកទៅប្រើ
ប្រាស់គាំពារលើការងារអភិរក្ស និងការបង្កើតសេដ្ឋកិច្ចសម្រាប់ប្រជាសហគមន៍តំបន់ការពារធម្មជាតិនៅ
ក្នុងតំបន់នោះ។ លោមបន្ថែមថា ទន្ទឹមនឹងនេះ ក្រុមមន្ត្រីជំនាញកំពុងសិក្សាបន្ថែម ដើម្បីលក់កាបូនក្នុង ដែនជម្រកសត្វព្រៃព្រៃឡង់ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែងផងដែរ។
គួរបញ្ជាក់ថា ប្រទេសកម្ពុជាត្រូវបានគេទទួលស្គាល់ថា មានធនធានធម្មជាតិ និងជីវៈចម្រុះដ៏សំបូរបែប។ ព្រៃឈើគ្របដណ្តប់ប្រមាណ ៥០% នៃផ្ទៃប្រទេស ដែលជាអត្រាខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ មកទល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានបង្កើនផ្ទៃដីតំបន់ការពារធម្មជាតិដែលស្ថិតនៅក្រោមយុត្តាធិការ
របស់ក្រសួងបរិស្ថាន រហូតដល់ប្រមាណ ៤១% នៃផ្ទៃដីប្រទេសកម្ពុជា គឺស្មើនឹងប្រមាណ ៧,៣ លាន ហិកតាដែលក្នុងនោះមានឧទ្យានជាតិ ដែនជម្រកសត្វព្រៃ តំបន់ប្រើប្រាស់ច្រើនយ៉ាង តំបន់រ៉ាមសារ តំបន់ការពារបេតិកភណ្ឌធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះសរុបចំនួន ៦៩ កន្លែង និងមានមន្ត្រីឧទ្យានុរក្សចំនួន ១២៦០ នាក់ដោយសហការជាមួយសហគមន៍តំបន់ការពារធម្មជាតិ និងអង្គការដៃគូនានាបាននិងកំពុងឈរជើងការពារ។
លោក នេត្រ ភក្ត្រា បានមានប្រសាសន៍ថា ព្រៃឈើដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាការផ្គត់ផ្គង់ទឹកនិងថាមពល កាត់បន្ថយផលប៉ះពាល់ពីគ្រោះមហន្តរាយធម្មជាតិ និងរួមចំណែកដល់ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ។
ជាមួយគ្នានេះរាជរដ្ឋាភិបាលកម្ពុជាមានទិសដៅប្រែក្លាយតំបន់ការពារ ធម្មជាតិទៅជាតំបន់ទេសចរណ៍ធម្មជាតិ បង្កើនសក្តានុពលទេសចរណ៍ និងធ្វើយ៉ាងណាឱ្យសហគមន៍មានចំណូលបន្ថែមនិងបង្កើតជម្រើសថ្មីសម្រាប់ការប្រកបមុខរបរចិញ្ចឹមជីវិតដើម្បីកាត់ផ្តាច់ពីការពឹងអាស្រ័យលើអនុផលព្រៃឈើដែលជាទម្លាប់មានពីយូរលង់ណាស់មក ហើយរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋានដោយបង្កើតមុខរបរថ្មីបម្រើឱ្យវិស័យអេកូទេសចរណ៍ ព្រមទាំងការបណ្តុះបណ្តាលសហគមន៍ឱ្យចេះគ្រប់គ្រង និងការចិញ្ចឹមសត្វផ្គត់ផ្គង់ទីផ្សារ ការដាំដំណាំរួមផ្សំផ្សេងទៀតមានបន្លែបង្ការសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃខ្លួនឯងផង និងសម្រាប់បម្រើសេវាកម្មដល់ភ្ញៀវទេសចរដែលទៅទស្សនាកម្សាន្តនៅក្នុងតំបន់ សហគមន៍របស់ពលរដ្ឋផងដែរ៕
ដោយ៖សិលា