ព័ត៌មានទាន់ហេតុការណ៍៖

លោក សាយ សំអាល់ ដឹកនាំកិច្ចប្រជុំពង្រឹងផែនការគ្រប់គ្រងបរិស្ថាន ដើម្បីការអភិវឌ្ឍដោយចីរភាព

ចែករំលែក៖

ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃចន្ទ ២កើត ខែអាសាធ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ នាទីស្តីការក្រសួងបរិស្ថាន បានដឹកនាំប្រជុំស្តីពីការរៀបចំផែនការពង្រឹងការងារគ្រប់គ្រងបរិស្ថាននៅកម្ពុជាឱ្យមានប្រសិទ្ធភាព ដើម្បីការអភិវឌ្ឍដោយចីរភាព។

ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានគាំទ្រគំនិតផ្តួចផ្តើមក្នុងការសិក្សាស្រាវជ្រាវ ដែលមានលក្ខណៈ វិទ្យាសាស្រ្ត និងសេដ្ឋកិច្ច ដោយផ្អែកលើភាពជាក់ស្តែង សំដៅគាំទ្រដល់កម្មវិធីការងារគោលនយោបាយ និងដំណើរការសម្រេចចិត្តក្នុងការងារគ្រប់គ្រងបរិស្ថាន ដើម្បីការអភិវឌ្ឍដោយចីរភាពនៅកម្ពុជា។

សូមបញ្ជាក់ថាកិច្ចប្រជុំនាពេលនេះបានពិនិត្យ និងពិភាក្សាលើការរៀបចំគំរូគម្រោងយុទ្ធសាស្រ្តកំណត់តម្លៃកាកសំណល់ (Waste Pricing Strategy) និង គម្រោងគំរូអភិវឌ្ឍន៍សហគមន៍ប្រកបដោយចីរភាព (Sustainable Community Development Model)។

នៅក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ចើញចូលរួមពីថ្នាក់ដឹកនាំ ក្រុមទីប្រឹក្សា និងមន្រ្តីជំនាញក្រសួងបរិស្ថាន និងមានការចូលរួមធ្វើបទអន្តរាគមន៍ពីតំណាង មជ្ឈមណ្ឌលយុទ្ធសាស្រ្ត និងគោលនយោបាយនវានុវត្តន៍ Center for Strategy and Innovation Policy ផងដែរ៕

ដោយ៖សិលា


ចែករំលែក៖