ក្លឹបបាល់ទាត់បារាំងចំនួន២បានបញ្ជាក់ថា កីឡាករ៣នាក់មកពីក្លឹប Paris Saint-Germain និង៤ នាក់មកពីក្លឹប Toulouse បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ប៉ុន្តែក្លឹបទាំងពីរមិនបានបង្ហាញឈ្មោះអ្នកដែលឆ្លងជំងឺនេះទេ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានស៊ីនហួរនៅព្រឹកថ្ងៃពុធនេះ។
ក្លឹប PSG បានចេញសេចក្តីថ្លែងការណ៍ថា កីឡាករ៣នាក់ និងសមាជិកបុគ្គលិកម្នាក់បានឆ្លងវីរុសនេះកំឡុងពេលនៅដោយឡែកពីគ្នា ប៉ុន្តែមិនឆ្លងរាលដាលទៀតទេបន្ទាប់ពីការធ្វើតេស្តលើកីឡាករទាំងអស់រួចមក ។ ក្នុងសេចក្តីថ្លែងការណ៍ដដែលបន្តថា អ្នកដែលមានការព្រួយបារម្ភមានរោគសញ្ញាកូវីដ-១៩ កំពុងនៅដាច់ដោយឡែកពីគេ និងមិនមានទំនាក់ទំនងជាមួយគ្នានោះទេ។
នៅថ្ងៃដដែលនោះក្លឹបToulouse ក៏បានចេញសេចក្តីប្រកាសផងដែរថា កីឡាករ៤នាក់របស់ពួកគេបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ដែរ។ លទ្ធផលនេះបានកើតឡើងបន្ទាប់ពីកីឡាករទាំងអស់របស់ក្លិប, បុគ្គលិកបច្ចេកទេស និងរដ្ឋបាលត្រូវបានសាកល្បងធ្វើតេស្តកាលពីរសៀលថ្ងៃចន្ទមុនពេលបន្តការហ្វឹកហាត់រួមគ្នា ។
វេជ្ជបណ្ឌិតក្លឹបលោក Flamant បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កីឡាករទាំង៤នាក់ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែករយៈពេល២សប្តាហ៍ ហើយកីឡាករ និងបុគ្គលិកបច្ចេកទេសទាំងអស់នឹងត្រូវតេស្តសាកល្បងឡើងវិញក្នុងរយៈពេល៦ថ្ងៃបន្ទាប់” ។
គួរបញ្ជាក់ថា លីកបាល់ទាត់អាជីពបារាំង (LFP) ធ្លាប់បានប្រកាសកាលពីថ្ងៃទី៣០ ខែមេសាថា លីកបាល់ទាត់របស់ប្រទេសនេះនឹងត្រូវលុបចោលដោយ PSG បានប្រកាសជើងឯកលីកទី១ និងក្រុម Toulouse ត្រូវកាត់ចោលទៅលេងនៅលីកលំដាប់ទី២របស់បារាំងវិញ ៕ដោយ៖ភារៈ