ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនេសាទខិលខូចមួយចំនួននៅតែបន្ត លួចនេសាទដោយលាក់បាំងក្នុងពេលយុទ្ធនាការការពារត្រីមេពូជក្នុងរដូវបិទនេសាទ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ យុទ្ធនាការនៃការបិទនេសាទនៅក្នុងទន្លេមេគង្គ ទន្លេសេសាន ទន្លេស្រែពក ក្នុងភូមិភាគឦសាន ដែលប្រារព្ធធ្វើឡើងនៅចំណុចកោះកន្ទុយគោ ក្នុងភូមិហាងខូសួន សង្កាត់សាមគ្គី ក្រុង ខេត្តស្ទឹងត្រែង នាថ្ងៃពុធ ៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០។

ពិធីបើកយុទ្ធនាការនេះដឹកនាំដោយលោកទុំ នីរ៉ូ នាយខណ្ឌរដ្ឋបាលជលផលខេត្ត ក្នុងរយៈពេល៥៤ថ្ងៃ ដើម្បីការពារត្រីមេពូជក្នុងរដូវបិទនេសាទនាឆ្នាំ ២០២០ ដែលគិតចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ទៅ។  ក្រុមអភិរក្សត្រីមេពូជដែលដឹកនាំដោយមន្រ្តីជលផលខេត្តបានចុះអប់រំផ្សព្វផ្សាយណែនាំ និងបង្ក្រាបបទល្មើសជលផលគ្រប់ប្រភេទក្នុងរដូវត្រីពងកូននេះបានជាច្រើនករណី ក្នុងនោះបានអបរំណែនាំប្រជានេសាទចំនួន ៨៦០នាក់ និងបានដកហូតមងមានបណ្តោយវែងៗ និងមងក្រឡាធំៗដែលលួចនេសាទត្រីមេពូជចំនួន៧២ត្បូង ស្មើនឹងប្រវែងប្រមាណ ១៨.០០០ ម៉ែត្រ។ 

តាមការឲ្យដឹងពីលោក ទុំ នីរ៉ូ នាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង បានបញ្ជាក់ថា បន្ទាប់ពីការចាត់នូវវិធានការតឹងរឹុងកាលពីរដូវបិទនេសាទឆ្នាំ ២០១៩ កន្លងមក យុទ្ធនាការរយៈពេលជិតពីរខែក្នុងឆ្នាំ ២០២០ ក្នុងរដូវបិទនេសាទនេះ ប្រជានេសាទប្រមាណ ៩០% បានគោរពតាមការអំពាវនាវរបស់អាជ្ញាធរមានសមត្ថកិច្ច ដោយមិនធ្វើការនេសាទជាទ្រង់ទ្រាយធំក្នុងរដូវបិទនេសាទនោះទេ។  

តាមការប៉ាន់ស្មានបឋម ត្រីមេពូជគ្រប់ប្រភេទមិនតិចជាង ៨០% បានរួចពីការនេសាទដោយឧបករណ៍មងបណ្តែតហើយមានឱកាសបានធ្វើចរាចរណ៍ទៅកាន់ជម្រកនានាតាមដងទន្លេទាំងបួន។  

លោកបន្តថា រដូវបិទនេសាទនៅភូមិសាស្រ្តខេត្តស្ទឹងត្រែង គឺចាប់អនុវត្តពីថ្ងៃទី០១ ខែឧសភា រហូតដល់ថ្ងៃទី ៣០ ខែកញ្ញា រៀងរាល់ឆ្នាំ ដែលខេត្តនេះគឺជាខេត្តមួយសំបូរទៅដោយត្រីធម្មជាតិធំៗ និងកម្រៗ ដូចជា ត្រីរាជ  ត្រីគល់រាំង  ត្រីត្រសក់  ត្រីប៉ាស៊ីអីុ  បបែលយក្យ និងសត្វផ្សោតទឹកសាប ។ល។ ហើយលោកនាយខណ្ឌនៅតែបន្តអំពាវនាវដោយទទូច ចំពោះថ្នាក់ដឹកនាំគ្រប់រូបក្នុងមូលដ្ឋាន និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ជាពិសេសបងប្អូនប្រជានេសាទផ្ទាល់ សូមចូលរួមថែរក្សា ការពារ និងប្រើប្រាស់នូវធនធានជលផលដ៏កម្រៗរបស់យើង ឲ្យបន្តបាននូវចិីរភាពសម្រាប់កូនចៅយើងជំនាន់ក្រោយៗទៀត។  

លោកនាយខណ្ឌបញ្ចាក់ដែរថា ត្រីនៅខេត្តស្ទឹងត្រែង កំពុងតែរងនូវការគំរាមកំហែងខ្លាំងឡើងៗហើយ ជាពិសេសត្រីទាំងនេះបានមកដល់ចំណុចភ្លើងលឿងហើយ បើគ្មានការចូលរួមជួយថែរក្សាទាំងអស់គ្នាទេ នោះច្បាស់ជាមិនអាចធានាបាននូវនិរន្តរភាព ឲ្យត្រីបានបន្តពូជកើតកូនចៅបន្តទៀតនោះឡើយ៕

គួររំលឹកថា: គេសង្កេតឃើញថាក្នុងរដូវបិតនេសាទក្នុងឆ្នាំ២០២០នេះ ក៍ដូចរាល់ឆ្នាំកន្លងមក មិនខុសអីដូចពាក្យចាស់លោកពូលថា កង្គែបប្រឹងរើ ពោះប្រឹងលេប មាត់កោគៗ សឹកមាត់ត្រដោក ស្អែកពោះក្របី។ បច្ចប្បន្ននេះមេខំអំពាវវនាវ ទប់ស្កាត់បទល្មើស ឯកូនចៅប្រឹងគៀងគរ  រកចំណូល ដោយប្រើអ្នកផ្សេងដែលមិនមែនជំនាញ ដើរបំផុសដោយមិនចេញឈ្មោះថាអ្នកណាឡើយ គ្រាន់តែថាអ្នកចង់រកស៉ីនេសាទក្នុងរដូវបិតនេសាទនេះ គួរតែដឹងហើយត្រូវបង់លុយមុនខែ ឬបង់ក្បាលទូកសិនទើបនេសាទបាន ហើយអ្នកណាមិនបង់លុយឲ្យទេ រាយការណ៍ឲ្យមេ នឹងរាយការណ៍ជូនថ្នាក់លើបន្តទៀត អ្នកដែលមិនមានលទ្ធភាពបង់លុយជូនជំនាញទេ មិនអាចនេសាទត្រីបានឡើយ ក្នុងរយៈពេល៤ខែនេះ។ 

ហើយរាល់ថ្ងៃនេះបទល្មើសនេសាទនៅតែបន្តរកបាន ព្រោះមានឈ្មួញកណ្តាលឈរចាំទិញ នាំចេញទៅរាជធានីភ្នំពេញ សឹងតែជារាងរាល់យប់ តាមរថយន្តតូរិះមួយបាំងកន្លះ នឹងរថយន្តសាំយ៉ុង រួមទាំងលៀសរាប់សិបតោនផងដែរ ដោយគ្មានអ្នកបង្ក្រាបឡើយ ព្រោះពួកគាត់ជាឈ្មួញរកស៉ីថា បង់លុយជំនាញរួចហើយ ទើបមានច្បាប់នេសាទ នឹងមានច្បាប់ដឹកជញ្ចូនត្រីយ៉ាងរលូន តែបញ្ចាក់ថាឲ្យដឹកតែពេលយប់ មិនឲ្យដឹកពេលថ្ងៃឡើយជៀសវាងភ្នែកម្នាស់ ខ្លះដឹកចេញពីចំណុចត្បូងខ្លា កោះជ្រឹម ឃុំអូរម្រះ ចំណុចពិសេសគឺភូមិស្រែតាចាន់ ឃុំក្បាលរមាស ស្រុកសេសាន ក្នុងអាងទំនប់វារីអគ្គិសនី សេសានក្រោមពីរនេះតែម្តង។

ដោយ៖មាស សុផាត


ចែករំលែក៖